ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦


នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធ​ទិវាគ្រូបង្រៀនលើកទី២៦។

ទិវាគ្រូបង្រៀន ៥ តុលា ជាទិវាមួយដែលបានកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តាំងពីឆ្នាំ១៩៩៧ ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និង​ប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។

ជាងនេះ​ទៅទៀតទិវា​គ្រូបង្រៀនធ្វើឡើង ដើម្បីរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានខិតខំអំណត់​ព្យា​យាម​ក្នុងការបំពេញភារកិច្ចជាអ្នកបណ្តុះបណ្តាល ដើម្បីផ្ទេរនូវចំណេះដឹងដ៏មានតម្លៃនៃវិទ្យាសាស្រ្តបច្ចេកវិទ្យា ព្រមទាំងទូន្មានគ្រប់កម្រិតឱ្យធ្វើតែអំពើល្អ ស្គាល់ខុសត្រូវគោរពចាស់ទុំ តាមគំនិតថ្មីនៃការអប់រំ គឺរៀនដើម្បី​មាន​​ចំណេះដឹងរៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីរួមរស់នៅជាមួយ​គ្នាប្រកប​ដោយ​​សុខដុម។

ទិវាគ្រូបង្រៀន ៥ តុលា នៅឆ្នាំនេះប្រព្រឹត្តិទៅក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់​សាលារៀនឆ្ពោះទៅរកឧត្តមភាព» ដោយមើលឃើញថា គ្រូបង្រៀនមានតួនាទីយ៉ាងសំខាន់​មិនអាច​ខ្វះបាន​ក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា។ ដោយឡែកនៅក្នុងការ​អនុ​វត្ត​កំណែទម្រង់កម្រិត​សា​លា​រៀន តាមការសិក្សាជាច្រើននៅលើពិភពលោកបានរកឃើញថា គ្រូបង្រៀនមាន​ឥទ្ធិពលដោយផ្ទាល់ដល់​ការ​ប្រែប្រួលជាវិជ្ជមាននៅក្នុងថ្នាក់រៀន ជាពិសេសការធ្វើឱ្យមានភាពប្រសើរឡើងនៃ លទ្ធផលការសិក្សារបស់​សិស្ស និងការឆ្ពោះទៅរកឧត្តមភាពនៃសាលារៀននិងប្រព័ន្ធអប់រំជារួម។

បន្ថែមពីលើនេះ គ្រូបង្រៀន គឺជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំ ជាឆ្អឹងខ្នងនៃការអប់រំ និងជាអ្នកអប់រំជួរមុ​ខ​ដែល​បានធ្វើការ​ជា​មួយ​សិស្ស, បង្កើតបរិស្ថានសិក្សាប្រកបដោយប្រសិទ្ធភាព, រៀបចំសកម្មភាពបង្រៀន, និងមាន​ទំនាក់​ទំនង​ជាមួយសិស្ស មាតាបិតា ដើម្បីធានាបាននូវសមភាព និងបរិយាប័ន្នក្នុងការអប់រំ។ ទន្ទឹមនេះ ការ​សិក្សា​ក៏បាន​បង្ហាញ​ថា ជាមួយនឹងភាពវៃឆ្លាត និងទន់ភ្លន់នៃការដឹកនាំថ្នាក់រៀន ក៏ដូចជាការប្រព្រឹត្តខ្លួនជា​គំរូ​ដល់សិស្ស ការប្រើប្រាស់វិធីសាស្ត្របង្រៀនដែលមានប្រសិទ្ធភាព និងការវាយតម្លៃលទ្ធផលសិក្សារបស់​សិស្ស​ប្រកប​ដោយ​តម្លាភាព និងត្រឹមត្រូវ អាចជួយឱ្យសិស្សមានលទ្ធផលប្រសើរឡើងប្រមាណ៣០ ទៅ៤០ភាគរយ ក្នុងមួយឆ្នាំសិក្សា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរដ៏ស្មោះ​ចំពោះ​លោកគ្រូ អ្នកគ្រូបង្រៀនទាំងអស់នៅទូទាំងព្រះរាជាណាចក្រ​កម្ពុជា ដែលបានខិតខំពង្រឹងសមត្ថភាព​របស់ខ្លួន និងចូលរួមបំពេញតួនាទីប្រកបដោយមនសិការវិជ្ជាជីវៈ និងស្មារតី​ទទួលខុសត្រូវខ្ពស់។ លោករដ្ឋ​មន្ត្រី បានលើកឡើងថា បើគ្មានការ​រួមចំណែកពីគ្រូបង្រៀនទេ ក្រសួងក៏មិនអាចអនុវត្តកំណែទម្រង់​សាលា​រៀន​ឆ្ពោះទៅរកឧត្តមភាពបានដែរ ហើយការប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀននាថ្ងៃនេះគឺ ដើម្បីបង្ហាញឱ្យ​កាន់​តែច្បាស់នូវតួនាទីដ៏សំខាន់របស់គ្រូបង្រៀន ក្នុងការធ្វើបរិវត្តកម្មអ្នកសិក្សាប្រកបដោយសក្តានុពល។ កម្ពុជា រំពឹងទុកថា គ្រូបង្រៀននៅកម្ពុជានឹងត្រូវទទួលបានការជឿទុកចិត្ត និងការទទួល​ស្គាល់​ថាជា «អ្នកផលិត​ចំណេះ​ដឹង អ្នកអនុវត្តពិតប្រាកដនៅកម្រិតសាលារៀន និងជាដៃគូសម្រាប់​កែលម្អ​គោល​នយោ​បាយ»។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អមជាមួយការប្រារព្ធទិវាគ្រូបង្រៀននេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏តែងរៀបចំពិព័រណ៍ពាក់ព័ន្ធការអប់រំ និងរៀបចំការប្រកួតប្រជែងការតែងកំណាព្យ និងស្មូតផងដែរ។

នៅឆ្នាំ២០២៣នេះ យោងតាមក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញហើយ ម្ចាស់ជ័យលាភីលេខ១ ដល់លេខ៣ ផ្នែងតែងនិពន្ធពានរង្វាន់ «សម្ដេចព្រះសង្ឃរាជ ជួន ណាត» និងស្មូតកំណាព្យ ពានរង្វាន់ «ព្រះ​ភិរម្យភាសាអ៊ូ ហៅ ង៉ុយ»។

ជ័យលាភី ផ្នែកខាងតែងនិពន្ធ លេខ១ បានទៅលើបេក្ខជន វង្ស សុភាជ ជាគ្រូបង្រៀនមកពីវិទ្យាល័យមេសាង ខេត្តព្រៃវែង, ជ័យលាភីលេខ២ បេក្ខជន ប៉េង សំរិទ្ធ ជាគ្រូបង្រៀនមកពីវិទ្យាល័យគូប ខេត្តបន្ទាយមានជ័យ និងជ័យលាភីលេខ៣ បានទៅបេក្ខជន សុខ រិទ្ធី ជាគ្រូបង្រៀនមកពីវិទ្យាល័យស្រែកាច់ ខេត្តកំពង់ឆ្នាំង។

រីឯផ្នែកស្មូតកំណាព្យវិញម្ចាស់ជ័យលាភីលេខ១ បានទៅលើបេក្ខនារី ផាង ពិសី ជាគ្រូបង្រៀនមកពី​សាលា​បឋម​សិក្សាវត្ដថ្មី ខេត្ដកណ្ដាល, ជ័យលាភីលេខ២ បានទៅលើបេក្ខនារី សេង សោភា ជាគ្រូបង្រៀនមក​ពី​វិទ្យា​ល័យព្រះមុនីវង្ស ខេត្តបាត់ដំបង និងជ័យលាភីលេខ៣ នារី សារិទ្ធ ដាវៀន ជាគ្រូបង្រៀនមកពីសាលា​បឋម​សិក្សា​ស្វាយជោ ខេត្តព្រៃវែង។

ម្ចាស់ជ័យលាភីផ្នែកតែងនិពន្ធ និងស្មូតកំណាព្យនេះ នឹងត្រូវសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ពានរង្វាន់ជួយពួកគេផងដែរ៕