សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបង្វែរអាហារូបករណ៍សម្រាប់បណ្តុះបណ្តាលនាយទាហាន មកបណ្តុះបណ្តាលពលទាហានជំនួសវិញ ខណៈបច្ចុប្បន្នកម្ពុជា មាននាយទាហាន ច្រើនជាងពលទាហាន


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យបង្វែរអាហារូបករណ៍ដែលប្រទេសជាមិត្តបន្តផ្តល់អាហារូបរកណ៍សម្រាប់បណ្តុះបណ្តាលកម្រិតនាយទាហាន មកបណ្តុះបណ្តាលកម្រិតពលទាហានជំនួសវិញ ខណៈបច្ចុប្បន្ននេះប្រទេសកម្ពុជា មានចំនួននាយទាហាន ច្រើនជាងចំនួនពលទាហាន។

ការណែនាំបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសសម្តេចបានអញ្ជើញជាធិបតីភាពប្រារព្ធ ទិវាគ្រូបង្រៀនលើកទី២៦ ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំបានប្រាប់ទៅឯកឧត្តម ទៀ សីហា ដូចគ្នា យើងរាល់ថ្ងៃមាននាយទាហានច្រើនជាង ពលទាហាន ដោយសារយើងមានសង្គ្រាម យើងចេះតែកើនទៅ យើងចូលនិវត្តន៍ ប៉ុន្តែបញ្ហាផែនការបណ្តុះបណ្តាលប្រចាំឆ្នាំយើងបណ្តុះបណ្តាលនាយទាហានទាំងអស់ អត់មានផែនការពលទាហានទេ»

ត្រង់ចំណុចនេះ សម្តេចធិបតី ហ៊ុ​ន ម៉ាណែត បានណែនាំឱ្យគិតឡើងវិញ ចំពោះការបណ្តុះបណ្តាលកម្រិតនាយទាហាន បើទោះបីជាប្រទេសជាមិត្តជាអ្នកផ្តល់អាហារូបករណ៍សម្រាប់ឱ្យនាយទាហានកម្ពុជា បន្តការសិក្សានៅក្នុងប្រទេសរបស់ពួកគាត់ក៏ដោយ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ប្រសិនបើនាយទាហានច្រើនជាងពលទាហានហើយ ត្រូវហ៊ានអាល់កាត់ចំនួននាយទាហាន ដែលត្រូវបានបណ្តាប្រទេសជាមិត្តផ្តល់អាហារូបករណ៍ ដោយបង្វែរថវិកានេះទៅជ្រើសរើសពលទាហានជំនួសវិញ គឺមានភាពល្អប្រសើរជាង ដើម្បីឱ្យមានភាពស៉ីចង្វាក់នឹងស្ថានភាពជាក់ស្តែង។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំថាចំពោះការទទួលបានអាហារូបករណ៍សម្រាប់កម្រិតនាយទាហាននេះ យើងជាអ្នកទទួលជំនួយគួរមិនខ្លាចភាគីមិត្តកាត់ជំនួយនោះទេ ខណៈដែលភាគីមិត្តបានផ្តល់ជំនួយតែ៤ឆ្នាំរៀន ប៉ុន្តែ កម្ពុជាត្រូវទទួលបន្ទុក៤០ឆ្នាំ សួរថាតើយើងយកមកធ្វើអី ស្របពេលដែលកម្ពុជាមានចំនួននាយទាហានច្រើន ដូច្នេះ សម្រាប់ការតែងតាំងគឺពិបាក។

«នាយទាហានទៅណាបើច្រើនពេក បើគាត់រៀនមកយើងតែងអត់កើត ព្រោះទាហាន គឺតាមស័ក្តិ មានប្រអប់ អ៊ឹចឹងត្រូវគិត មែនថាពីមុនខុសទេ ពីមុនយើងធ្វើតាមផែនការ ប៉ុន្តែ ដល់ពេលមួយយើងត្រូវអង្គុយមួយភ្លែតសិន ផែនការឆ្នាំចាស់ ផែនការមនុស្សសរសេរទេ ភាគីមិត្តដែលឱ្យមក យើងក៏មានសិទ្ធិប្រាប់ទៅវិញថា សូមឱ្យភាគីមិត្តជួយបង្វែរមកបណ្តុះបណ្តាលពលទាហាន»។ នេះជាណែនាំបន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា នាពេលកន្លងមកសម្តេចសង្កេតឃើញថាការបណ្ដុះបណ្ដាលនាយទាហានមានអត្រាខ្ពស់ជាងការបណ្ដុះបណ្ដាលពលទាហាន ហើយពេលដែលមាននាយទាហានច្រើនពេកវានឹងធ្វើឱ្យប៉ះពាល់ដល់ការតែងតាំង តួនាទីនាយទាហានទាំងនោះផងដែរ ហើយមួយវិញទៀត ការធ្វើការកំណែទម្រង់បែបនេះ ក៏កាត់បន្ថយការចំណាយថវិការបស់ជាតិផងដែរ៕