ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ចាត់ទុកការកសាងបរិស្ថានគ្មានផ្សែងបារី ជាចូលរួមពង្រឹងឧត្តមភាពនៃវិស័យទេសចរណ៍កម្ពុជា


ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចាត់ទុកការកសាងបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ គឺជាចូលរួមពង្រឹងឧត្តមភាពនៃវិស័យទេសចរណ៍កម្ពុជា និងបង្កើនភាពទាក់ទាញតាមរយៈការលើកកម្ពស់សុខុមាលភាព និងការពារពីផលប៉ះពាល់ពីផលិតផលថ្នាំជក់មកលើសុខភាពប្រជាពលរដ្ឋ អ្នកបម្រើក្នុងវិស័យទេសចរណ៍ និងភ្ញៀវទេសចរ។

ឯកឧត្តមរដ្ឋលេខាធិការលើកឡើងនេះគឺក្នុងពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពដើម្បីរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។

គួរជម្រាបថា កន្លងមក ក្រសួងទេសចរណ៍បានយកចិត្តទុកដាក់លើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងឯកសារគតិយុត្តផ្សេងៗទាក់ទងនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់ ក្នុងចំណោមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នានា ជាពិសេសបណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដោយបានជំរុញឲ្យមានការអនុវត្តឲ្យបានត្រឹមត្រូវនៅតាមមូលដ្ឋានទាំងនោះផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ក្រសួងទេសចរណ៍ក៏បានដាក់ចេញឲ្យអនុវត្តគោលការណ៍ណែនាំស្តីពីការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី ដែលគោលការណ៍នេះបានជួយឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌអាចចូលរួមបញ្ចេញស្នាដៃក្នុងការរៀបចំក្រុង ស្រុក ខណ្ឌរបស់ខ្លួនឲ្យក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ក្នុងន័យលើកកម្ពស់មុខមាត់ក្រុង ស្រុក ខណ្ឌរបស់ខ្លួន ក៏ដូចជាពង្រឹងសក្តានុពលគោលដៅទេសចរណ៍របស់ខ្លួនប្រកបដោយភាពទាក់ទាញមួយផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តទៀតថា «ការកសាងបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ គឺជាចូលរួមពង្រឹងឧត្តមភាពនៃវិស័យទេសចរណ៍កម្ពុជា និងបង្កើនភាពទាក់ទាញតាមរយៈការលើកកម្ពស់សុខុមាលភាព និងការពារពីផលប៉ះពាល់ពីផលិតផលថ្នាំជក់មកលើសុខភាពប្រជាពលរដ្ឋ អ្នកបម្រើក្នុងវិស័យទេសចរណ៍ និងភ្ញៀវទេសចរ»។

ឯកឧត្តមថា ការដាក់ឲ្យអនុវត្តគោលការណ៍ណែនាំស្តីពីទីក្រុងទេសចរណ៍គ្មានផ្សែងបារី គឺជាជំហានថ្មីមួយទៀតដែលក្រុង ស្រុក ខណ្ឌមានឱកាសកាន់តែច្រើនឡើងថែមទៀតក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាកសាងកេរ្តិ៍ឈ្មោះមូលដ្ឋានរបស់ខ្លួននៅក្នុងបេះដូងភ្ញៀវទេសចរជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ផ្តល់នូវផាសុកភាព និងសុខុមាលភាព។

បើតាមឯកឧត្តម ហោ សារុន បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍អាចសម្រេចទៅបាន និងទទួលបានលទ្ធផលល្អប្រសើរ ទាមទារឲ្យមានការចូលរួមទាំងអស់គ្នាទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន និងផ្នែកពាក់ព័ន្ធដទៃទៀត៕