សម្ដេចតេជោ ស្នើឲ្យចិនជួយពិនិត្យ និងសម្រេចឲ្យបានឆាប់ លើគម្រោងសាងសង់ ពហុកីឡដ្ឋានមរតកតេជោ


ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ បានជួបពិភាក្សាការងារ នៅក្នុងជំនួបទ្វេភាគីជាមួយ លោក Li Keqiang នាយករដ្ឋមន្រ្តីចិន ដើម្បីពង្រឹងមិត្តភាព និងសហប្រតិបត្តិការ ក្នុងនាមជាដៃគូយុទ្ឋសាស្រ្ត ក្នុងនោះសម្ដេចស្នើឲ្យចិនជួយពិនិត្យ និងសម្រេចឲ្យបានឆាប់លើគម្រោង សាងសង់ពហុកីឡដ្ឋាន មរតកតេជោ និងគម្រោងសាងសង់មន្ទីរពេទ្យចំនួន ៣ដែលមិត្តចិនបាន សម្រេចរួចហើយ ។
នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេច បានសរសេរថា “នៅរសៀលថ្ងៃទី២៣ មីនានេះ សម្ដេបានជួបពិភាក្សាការងារ នៅក្នុងជំនួបទ្វេភាគីជាមួយ លោក Li Keqiang នាយករដ្ឋមន្រ្តីចិន ដើម្បីពង្រឹងមិត្ត ភាព និងសហប្រតិបត្តិការក្នុងនាមជាដៃគូយុទ្ឋសាស្រ្ត។ ក្នុងនោះ សម្តេចតេជោ ក៏បានស្នើអោយមិត្តចិន ជួយពិនិត្យ និងសម្រេចអោយបានឆាប់ លើគម្រោងសាងសង់ ពហុកីឡដ្ឋានមរតកតេជោ និង គម្រោងសាងសង់មន្ទីរពេទ្យចំនួន៣ ដែលមិត្តចិនបានសម្រេចរួចហើយ។
ទន្ទឹមនិងនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំអោយមិត្តចិនជួយក្នុងការសាងសង់ផ្លូវរថភ្លើងលឿន (Express Way) ពីភ្នំពេញទៅក្រុង ព្រះសីហនុ និងព្រលានយន្តហោះថ្មីនៅខេត្ត សៀមរាប។ មិត្តចិនបានគាំទ្រដល់សំណើរទាំងអស់ដែល បានលើកឡើងដោយ សម្តេចតេជោ ហើយនឹងពិនិត្យ លើឯកសារអោយបានរហ័សដើម្បីគម្រោងទាំង អស់នេះចាប់ដំណើរការសាងសង់ក្នុងពេលឆាប់ៗខាងមុខ។
សម្តេចតេជោ ពេញចិត្តចំពោះការ ជួយជ្រោមជ្រែងពីមិត្តចិន ហើយសង្ឃឹមយ៉ាងមុតមាំថា ទំហំពាណិជ្ជកម្មរវាង ប្រទេសទាំងពីរនឹងកើនឡើងដល់ ៥០០០លានដុល្លារ នៅពេលដ៏ខ្លី។ ទន្ទឹមនិងនោះ សម្តេចតេជោ បានស្នើអោយមិត្តចិនជួយផ្តល់ លទ្ឋភាពអោយបានទូលាយ ក្នុងការនាំផលិតផលកសិកម្ម ជាពិសេសអង្ករពីកម្ពុជាមកប្រទេសចិន។ នាយករដ្ឋមន្រ្តីចិន លោក Li Keqiang បានសន្យានឹងជួយគៀងគរ ណែនាំជំរុញអ្នកវិនិយោគទុនចិន អោយទៅបណ្តាក់ទុននៅកម្ពុជា រួមទាំងការតម្លើងរោងចក្រ ប្រកបដោយបច្ចេកទេសខ្ពស់ ដើម្បីកម្ពុជាមានលទ្ឋភាព ផលិតតាមស្តង់ដារ និងគុណភាពអន្តរជាតិសម្រាប់ នាំចេញទៅកាន់ប្រទេសចិន និងបណ្តាប្រទេសនានា ក្នុងពិភពលោកបាន។
ជាមួយគ្នានះ ដែរ សម្តេចតេជោ ក៏បានស្នើអោយភាគីចិនបង្កើន ការចូលរួមជួយកម្ពុជាក្នុងការ អភិរក្សថែរក្សានិងជួសជុល ប្រាសាទព្រះវិហារអោយបានល្អគងវង្ស ដែលភាគីចិនរីករាយពេញចិត្ត ក្នុងការបន្តជួយកម្ពុជាជានិច្ច៕
HUN SEN 23-3-2016 (1)                                    HUN SEN 23-3-2016 (2)
HUN SEN 23-3-2016 (3)                                   HUN SEN 23-3-2016 (4)
HUN SEN 23-3-2016 (5)                                   HUN SEN 23-3-2016 (6)
HUN SEN 23-3-2016 (7)                                   HUN SEN 23-3-2016 (8)