លំនៅឋានពលរដ្ឋជាង៤០០គ្រួសារ នៅក្រុងតាខ្មៅ ត្រូវបានជន់លិចដោយទឹកស្ទឹងព្រែកត្នោត, ថ្នាក់ដឹកនាំខេត្តកណ្ដាល ចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខគ្រួសាររងគ្រោះ


ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយសង្កាត់តាក្ដុល ក្រុងតាខ្មៅ និងក្រុមការងារបានចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន៤០៤គ្រួសារ ស្ថិតនៅភូមិព្រែកឡុង សង្កាត់ តាក្ដុល ក្រុងតាខ្មៅ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ។ ទឹកជំនន់នេះហូរចេញមកពីខាងរាជធានីភ្នំពេញ កាត់តាមប្រឡាយផ្លូវ៦០ម៉ែត្រ ហូរបុកចូលមកទីតាំងនេះយ៉ាងគំហុក។

ស្ថិតក្នុងឱកាសចុះជួបនេះដែរ ឯកឧត្តម ហាក់ សុខមករា បានផ្ដាំផ្ញើរការសួរសុខទុក្ខពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដែលតែងតែបារម្ភគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនៅពេលដែលមានទុក្ខលំបាក ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តមបានផ្ដាំផ្ញើដល់ពលរដ្ឋមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការរស់នៅ ពិសេសប្រយ័ត្នចុះពោះសត្វអសិរពិសគ្រប់ប្រភេទ ចរន្ដអគ្គិសនី និងការរក្សាអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ការពារកូនចៅតូចៗ ពិសេសខ្លាចធ្លាក់ទឹក ឬមានជំងឺផ្សេង។ បើមានអារការៈមិនស្រួលខ្លួន សូមប្រយ័ត្នរួសរាន់ទៅមន្ទីរជ័យជំនះក្រុងតាខ្មៅភ្លាម ដើម្បីទទួលការព្យាបាលដោយឥតគិតថ្លៃ។

ឯកឧត្តម ហាក់ សុខមករា បានប្រាប់ប្រជាពលរដ្ឋថា បើសិនមានការរស់នៅលំបាក ហើយមានបំណងចង់ទៅទីទួលសុវត្ថិភាព លោកនឹងផ្ដល់កន្លែងស្នាក់នៅសមរម្យមួយនៅទួលសុវត្ថិភាពប៉ែកខាងលើភូមិ ដើម្បីភាពកក់ក្ដៅដល់ពលរដ្ឋ ហើយសូមរាយការណ៍បន្ទាន់មកអាជ្ញាធរបើសិនជាមានការស្នើរសុំអ្វីមួយ។

សូមជម្រាបជូនថា បើសិនជាមានករណីទឹកជំនន់មិនថមថយទេនោះ អាជ្ញាធរខេត្តកណ្ដាល នឹងរៀបចំទីទួលសុវត្ថិភាពដើម្បីជួយ ដល់ប្រជាពលរដ្ឋមកស្នាក់នៅបណ្ដោះអាសន្ន ព្រមជាមួយនឹងការផ្គត់ផ្គង់ សម្ភារៈអាហារ ថ្នាំសង្កូវផ្សេងៗសំដៅផ្គត់ផ្គង់ដល់តម្រូវការប្រជាពលរដ្ឋក្នុងការរស់នៅឲ្យបានសមរម្យរហូតដល់ពេលវេលាទឹកជំនន់ស្រកទៅវិញ។

ថ្នាក់ដឹកនាំខេត្តកណ្ដាល ដែលពិសេសឯកឧត្តម ហាក់ សុខមករា និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត តែងតែគិតគូរយកចិត្តទុកដាក់ និងបារម្ភពីសុខទុក្ខប្រជាពលរដ្ឋ មិនថានៅក្រុងតាខ្មៅក្ដី ឬទីតាំងណាក្ដីនោះទេឲ្យតែមានទុក្ខលំបាក គឺតែងតែមានវត្តមានថ្នាក់ដឹកនាំខេត្តចុះជួយទាន់ពេលវេលារហូតមក និងតទៅមុខទៀត៕