បារាំងនៅតែបន្តកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ និងជំរុញរំហូរភ្ញៀវពីប្រទេសខ្លួនមកកម្ពុជា


ភាគីបារាំងបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ជាមួយភាគីកម្ពុជា និងបានសន្យាជំរុញរំហូរភ្ញៀវទេសចរនៅប្រទេសខ្លួន ក៏ដូចជាប្រទេសផ្សេងទៀតនៅទ្វីបអឺរ៉ុបឱ្យមកទស្សនាគោលដៅទេសចរណ៍កម្ពុជាកាន់តែច្រើន។

កិច្ចសហប្រតិបត្តិការនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍។

នាឱកាសនោះ ភាគីទាំងពីរបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការកន្លងមក ពិសេសការផ្ដល់ជំនួយហិរញ្ញប្បទានរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ក្នុងការសាងសង់វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ចំនួន២ទីតាំង គឺនៅរាជធានីភ្នំពេញ១ទីតាំង និងនៅខេត្តព្រះសីហនុ១ទីតាំងទៀត។

ឯកអគ្គរដ្ឋទូតបារាំងបានបញ្ជាក់ថា បន្ទាប់ពីសាលាជាតិមួយនេះសាងសង់រួចរាល់ និងដាក់ដំណើរការនោះ ភាគីបារាំងនឹងជួយរៀបចំកម្មវិធីសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍មួយចំនួន ដើម្បីប្រើប្រាស់សម្រាប់ការបណ្ដុះបណ្ដាលដល់សិក្ខាកាមផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន បានលើកឡើងនូវចក្ខុវិស័យក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយផ្ដោតលើសសរស្ដម្ភយុទ្ធសាស្រ្ដចំនួន៥ ហៅកាត់ថា «បង្កើន 5-BUILD» ព្រមទាំងមានសមាសធាតុគាំទ្រចំនួន៣ ហៅកាត់ថា «អភិវឌ្ឍ៣-3Ds» ព្រមជាមួយនឹងការដាក់ចេញនូវគោលនយោបាយ ផែនការមេ ផែនការយុទ្ធសាស្ត្រជាតិ ផែនការអភិវឌ្ឍន៍ទេសចរណ៍ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើម្បីបង្កើនកិច្ចសហការគ្រប់ជ្រុងជ្រោយ វិជ្ជមាន និងមានភាពរលូនក្នុងដំណើរការនៃការស្តារនិងអភិវឌ្ឍន៍វិស័យទេសចរណ៍។

ឯកអគ្គរដ្ឋទូតបារាំងក៏បានស្ម័គ្រចិត្តចូលរួមជំរុញការអនុវត្តគោលនយោបាយរបស់ក្រសួងទេសចរណ៍ 5-BUILD និង 3Ds ខាងលើនេះ ដើម្បីចូលរួមលើកកម្ពស់ភាពប្រកួតប្រជែង និងទាក់ទាញការទស្សនារបស់ភ្ញៀវទេសចរអន្តរជាតិ។

ឯកអគ្គរដ្ឋទូតបារាំងរូបនេះក៏បានប្ដេជ្ញាជំរុញរំហូរភ្ញៀវទេសចរនៅប្រទេសបារាំង ក៏ដូចជាប្រទេសផ្សេងទៀតនៅទ្វីបអឺរ៉ុបឱ្យមកទស្សនាគោលដៅទេសចរណ៍កម្ពុជាផងដែរ។

ឯកអគ្គរដ្ឋទូតបានបន្តថា បារាំងក៏ជាសហប្រធាននៃគណៈកម្មាធិការ ICC-Angkor នៅកម្ពុជាផងដែរ ដូច្នេះលោកក៏បានប្ដេជ្ញាបន្តកិច្ចសហប្រត្តិបត្តិការជាមួយភាគីកម្ពុជាលើវិស័យវប្បធម៌ បេតិកភណ្ឌ ទេសចរណ៍ជាដើម៕