កម្ពុជា ដណ្ដើមបានមេដាយសរុប ១៤គ្រឿង នៃព្រឹត្តិការណ៍វាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣


ការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ នៅកម្ពុជាបានបញ្ចប់ហើយ នៅថ្ងៃទី០៣ ខែវិច្ឆិកានេះ ដោយក្រុមអត្តពលិកម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ១៤គ្រឿង (មាស ១ ប្រាក់ ៦ និងសំរឹទ្ធ ៧)។

ពិធីបិទការប្រកួតនេះបានធ្វើឡើងក្រោមវត្តមានលោក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ហើយក៏មានការអញ្ជើញចូលរួមពីលោក Kim Jong Soo ប្រធានសហព័ន្ធកីឡាវាយសី ព្រមទាំងប្រតិភូ និងអត្តពលិកទាំង ៥ប្រទេស រួមមានម្ចាស់ផ្ទះកម្ពុជា មីយ៉ាន់ម៉ា ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត។

សរុបលទ្ធផលក្រោយដំណើរការប្រកួតរយៈពេល ៥ថ្ងៃនៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រុមអត្តពលិកមីយ៉ាន់ម៉ា ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៧គ្រឿង (មាស ១១ ប្រាក់ ៤ និងសំរឹទ្ធ ២) ខណៈម្ចាស់ផ្ទះកម្ពុជា ឈរលេខ២ ដណ្ដើមបានមេដាយសរុប ១៤គ្រឿង (មាស១ ប្រាក់៦ និងសំរឹទ្ធ៧)។ រីឯទីម័រខាងកើត ឈរលេខ៣ ឈ្នះមេដាយសរុប ១០គ្រឿង (ប្រាក់១ និងសំរឹទ្ធ៩) និងឡាវ ឈរលេខ៤ ឈ្នះមេដាយសរុប ៣គ្រឿង (ប្រាក់១ និងសំរឹទ្ធ៣)។

ក្រោយបញ្ចប់ការប្រកួតលោក Kim Jong Soo បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀបចំការប្រកួត ពិសេសហព័ន្ធកីឡាវាយសីកម្ពុជា។ លើសពីនេះ លោកក៏បានបង្ហាញសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមការប្រកួតជើងឯកយុវជនថ្នាក់តំបន់ នៅទីក្រុងប្រវត្តិសាស្ដ្រ នៃរាជធានីភ្នំពេញនេះផងដែរ។

លោកថា «ខ្ញុំសង្ឃឹមនៅពេលអនាគត ទេពកោសល្យអត្តពលិកវ័យក្មេងមកពីប្រទេសកំពុងអភិវឌ្ឍន៍នឹងអាចបង្កើនជំនាញរបស់ពួកគេ តាមរយៈមិត្តភាព ការប្រកួតប្រជែង និងកីឡា។ កម្ពុជាមានចំណាប់អារម្មណ៍ខ្លាំងលើកីឡាវាយសី។ ដូច្នេះខ្ញុំសង្ឃឹមថា យើងអាចបន្ដគាំទ្រវិស័យកីឡានេះជាមួយគ្នា»

ជាមួយគ្នា លោក លី កុសល បានបង្ហាញពីភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍នេះ ក៏ដោយសារកម្ពុជាមានសុខសន្ដិភាពពេញលេញ ក្រោមការដឹកនាំត្រឹមត្រូវរបស់សម្ដេចនាយករដ្ឋមន្ដ្រី។ ក្នុងនាមសហព័ន្ធ លោកបានថ្លែងអំណរគុណ ចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការ និងខំប្រឹងរៀបចំព្រឹត្តិការណ៍នេះប្រកបដោយភាពជោគជ័យតាមការគ្រោងទុក។

លោកថា «ព្រឹត្តិការណ៍នេះ នឹងក្លាយទៅជាការចងចាំ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ប្រតិភូ អត្តពលិក និងទស្សនិកជនទាំងអស់ ដែលបានចូលរួមទស្សនាផ្ទាល់។ អត្តពលិកទាំងអស់ បានបង្ហាញនូវភាពក្លាហាន ឆន្ទៈមុះមុត ការតាំងចិត្ត ការលះបង់ និងស្មារតីកីឡា ដែលបានចូលរួមប្រកួតទាំង ៦វិញ្ញាសា សម្រាប់កីឡាករ-កីឡាការិនីអាយុក្រោម ១៥ឆ្នាំ និង ១៧ឆ្នាំ»

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ BA Sea Regional Junior Championship លើកដំបូងនៅកម្ពុជា ត្រូវបានសហព័ន្ធកីឡាវាយសីអាស៊ី អនុញ្ញាតឲ្យរៀបចំ បន្ទាប់ពីមើលឃើញភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ កាលពីថ្មីៗ។ ការប្រកួតនេះ បានប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣៕