រដ្ឋមន្រ្តីអធិការកិច្ច ស្នើមន្ត្រីអធិការកិច្ចត្រូវប្រកាន់ក្របសីលធម៌វិជ្ជាជីវៈ ឯករាជ្យ មិនលំអៀង និងទទួលខុសត្រូវ


ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានស្នើឱ្យសិក្ខាកាមដែលបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋម ជំនាន់ទី៥ វគ្គ៧+៨ នៅពេលចុះបំពេញបេសកកម្ម ត្រូវប្រកាន់ខ្ជាប់នូវក្របសីលធម៌វិជ្ជាជីវៈជាមន្រ្តីអធិការកិច្ច ឈរលើគោលការណ៍ឯករាជ្យ មិនលំអៀង និងទទួលខុសត្រូវដោយយកគោលការណ៍ច្បាប់ជាមូលដ្ឋាន។

ការស្នើបែបនេះរបស់ឯកឧត្តម ហួត ហាក់ ត្រូវបានធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋម ជំនាន់ទី៥ វគ្គ៧+៨ ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច នៅទីស្តីការក្រសួងអធិការកិច្ច នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់អំពីសារសំខាន់នៃវិស័យអធិការកិច្ចក្នុងការរួមចំណែកលើកកម្ពស់ការដឹកនាំ គ្រប់គ្រងរដ្ឋឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សុចរិតភាព ព្រមទាំងរួមចំណែកក្នុងការចូលរួមបង្ការ ទប់ស្កាត់ កែលម្អ និងមានវិធានការ ដើម្បីប្រឆាំងនឹងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ក៏ដូចជាការរួមចំណែកពង្រឹងការអនុវត្តច្បាប់ បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈជាដើម។

ឯកឧត្តមរដ្ឋមន្រ្តីណែនាំដល់សិក្ខាកាមទាំងអស់ដែលទទួលបានការបណ្តុះបណ្តាល ត្រូវយកចំណេះដឹង និងបទពិសោធន៍ថ្មីៗទាំងនោះទៅបំពេញការងារប្រកបដោយសម្បទាវិជ្ជាជីវៈ ដើម្បីជួយអង្គភាព និងពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យសិក្ខាកាមទាំងអស់ នៅពេលចុះបំពេញបេសកកម្ម ត្រូវប្រតិបត្តិខ្លួនឱ្យបានល្អដោយប្រកាន់ខ្ជាប់នូវក្របសីលធម៌វិជ្ជាជីវៈជាមន្រ្តីអធិការកិច្ច ឈរលើគោលការណ៍ឯករាជ្យ មិនលំអៀង និងទទួលខុសត្រូវដោយយកគោលការណ៍ច្បាប់ជាមូលដ្ឋាន និងត្រូវគោរពតាមអភិក្រមទាំង៥របស់សម្តេចតេជោ គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»

ម្យ៉ាងទៀត ត្រូវប្រកាន់នូវអភិក្រមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត លើការធ្វើកំណែទម្រង់ ដោយផ្ដោតលើលក្ខខណ្ឌសំខាន់ៗ៤៖ ទី១-ត្រូវមានចក្ខុវិស័យច្បាស់លាស់ ទី២-ត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ ទី៣-ត្រូវមានការចូលរួមដោយស្មោះត្រង់ និងទី៤-ត្រូវមានការលះបង់ សំដៅបម្រើសេវាសាធារណៈឱ្យកាន់តែល្អ ស្អាតស្អំ ប្រកបដោយសុចរិតភាព ដើម្បីឈានទៅសម្រេចឱ្យបានចក្ខុវិស័យប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿននៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ក៏បានប្រគល់វិញ្ញាបណ្ណបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាចំនួន ៤៧រូប នាឱកាសនោះផងដែរ៕