សម្តេចធិបតី ហ៊ុន ម៉ាណែត យល់ថាពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុនប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការយល់ថា ពិភពលោកនឹងកាន់តែសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន ការរារាំងមិនឱ្យស្ត្រីទទួលបាននូវឱកាសក្នុងការអភិវឌ្ឍខ្លួនឯង ជាការខាតបង់គួរឱ្យសោកស្តាយនូវមូលធនមនុស្ស ដែលជាកម្លាំងចលករដ៏រឹងមាំសម្រាប់សង្គមជាតិ។

ការបង្ហាញការយល់ឃើញបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិប តីភាពបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំឡើងលើទឹកដី សៀមរាបអង្គរ ពីថ្ងៃទី៥ ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រព្រឹត្តទៅក្រោមប្រធានបទ «ស្រមៃមើលឱកាស៖ ផ្តល់អំណាចដល់កុមារី និងយុវតី (Imagine Possibilities)»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការយល់ឃើញយ៉ាងដូច្នេះ៖ «ខ្ញុំយល់ថាពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន ជាមួយនឹងការគាបសង្កត់ពីកត្តាផ្សេងៗ ដូចជា កត្តាប្រពៃណី, កត្តាសេដ្ឋកិច្ច និងកត្តានៃកង្វះការយល់ដឹង, ស្រ្តីរាប់លាននាក់លើពិភពលោក ត្រូវបានរារាំងមិនឱ្យទទួលបាននូវឱកាសក្នុងការអភិវឌ្ឍខ្លួនឯង និងចូលរួមក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច ឱ្យបានពេញសក្តានុពលរបស់ខ្លួន»។

ជាការយល់ឃើញចំពោះសិទ្ធិរបស់នោះស្ត្រី, សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការរារាំងមិនឱ្យស្ត្រីទទួលបាននូវឱកាសក្នុងការអភិវឌ្ឍខ្លួនឯង និងចូលរួមក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច ឱ្យបានពេញសក្តានុពលរបស់ខ្លួននោះ ជាការខាតបង់គួរឱ្យសោកស្តាយនូវមូលធនមនុស្ស ដែលជាកម្លាំងចលករដ៏រឹងមាំ ប្រកបដោយចីរភាព សម្រាប់សង្គមជាតិ ប្រសិនពួកគាត់ទទួលបានឱកាសពេញលេញ។

បន្ថែមពីនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ យើងនឹងពង្រឹងភាពជាពលរដ្ឋនៅក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្ត្រីគឺជាស្នូល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលក៏បានជំរុញឱ្យមានការចូលរួមរបស់យុវត្តី ក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ ដែលសមាគមកាយឫទ្ធិនារី ជាយន្តកាលដ៏ចម្បងមួយ។ រាជរដ្ឋាភិបាលក៏បានបង្កើនឱកាសទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់សិស្ស និស្សិតជានារី តាមរយៈការបង្កើនអាហារូបករណ៍ និងកម្មវិធីបំប៉ន នៅតាមគ្រឹះស្ថានសិក្សា ការផ្តល់កន្លែងស្នាក់នៅ ការធានាសុវត្ថិភាព និងការបង្កើនចំនួនគ្រូបង្រៀនជាស្ត្រី។

ទន្ទឹមនឹងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា៖ «ការបង្កើនសមាមាត្រ និងការចូលរួមរបស់ស្ត្រីឱ្យបានជាអតិប្បរមា នៅក្នុងស្ថាប័នជាតិគ្រប់ថ្នាក់ ការពង្រឹងឱកាសការងារ និងការពារសិទ្ធិធ្វើការងាររបស់ស្ត្រី ព្រមទាំងការបន្តដំឡើងតួនាទីរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តគ្រប់កម្រិតជាដើម»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាល់សកម្មភាពដែលសមាគមកាយឫទ្ធិនារីពិភពលោក ក៏ដូចជា មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក បាននឹងកំពុងធ្វើដូចបានគូសបញ្ជាក់ដោយលោកស្រីបណ្ឌិត ចូសិន បាយអុន (Juseon Byun) ព្រមទាំងសកម្មភាពដែលសមាគមកាយឫទ្ធិនារីកម្ពុជាបាននឹងកំពុងអនុវត្ត និងសម្រេចបានពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តគោលនយោបាយ ថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសគាំទ្ររាល់សកម្មភាព របស់សមាគមកាយឫទ្ធិនារីពិភពលោក សមាគមកាយឫទ្ធិនារីតំបន់អាស៉ីប៉ាស៉ីហ្វិក និងមិត្តកាយឫទ្ធិនារីតំបន់អាស៉ីប៉ាស៉ីហ្វិក ជាពិសេសសមាគមកាយឫទ្ធិនារីកម្ពុជា។ ព្រមទាំងលើកទឹកចិត្តឱ្យបន្តស្មារតីទាំងនេះបន្តទៀត ដើម្បីជួយអប់រំ អភិវឌ្ឍន៍សមត្ថភាព សីលធម៌ គុណធម៌ សុជីវធម៌ និងថាមពលកុមារី យុវត្តីឱ្យមានអនាគតល្អ និងក្លាយជាធនធានមួយដ៏ចាំបាច់ក្នុងការចូលរួមកសាងប្រទេសជាតិទៅថ្ងៃអនាគត៕