ព្រះមហាក្សត្រ មានព្រះរាជបន្ទូលរំឭកពីព្រះរាជបូជនីយកិច្ចទាមទារ ឯករាជ្យរបស់ព្រះករុណា «ព្រះបរមរតនកោដ្ឋ» នាឆ្នាំ១៩៥២-១៩៥៣


នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧០ (១៩៥៣-២០២៣) ដែលប្រជាជាតិកម្ពុជាទាំងមូលបានរំដោះខ្លួនទាំងស្រុង ចេញពីអាណានិគមនិយមបារាំង (១៨៦៣-១៩៥៣) ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំយ៉ាងក្លៀវខ្លារបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ហើយក៏ជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទផងដែរ។

ពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០នេះ ត្រូវបានប្រារព្ធឡើងយ៉ាងកងរំពងក្រោមរាជាធិបតីភាពព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាមុខព្រះបរមរាជវាំងចតុម្មុខមង្គល។

នាវរោកាសនោះដែរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលរំឭកពីព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យរបស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដែលបានធ្វើឡើងតាំងឆ្នាំ១៩៥២ រហូតទាល់តែទទួលបានឯករាជ្យពេញលេញនាថ្ងៃទី៩ ​ខែវិច្ឆិកា ឆ្នាំ១៩៥៣។

ព្រះករុណាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យថ្លែងព្រះរាជសុន្ទរកថាដូច្នេះថា បុណ្យឯករាជ្យជាតិដ៏ឧត្តុង្គឧត្តម ដែលកំពុងប្រព្រឹត្តទៅយ៉ាងមហោឡារិកនេះ ជាទិវារំលឹកពីឧត្តមគុណបំណាច់ នៃការទាមទារឯករាជ្យពីសាធារណរដ្ឋបារាំង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ
«ព្រះករុណាព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលយើងទាំងអស់គ្នានៅចងចាំបានថាជាចលនាមហាសាមគ្គីជាតិ ដែលបានចាប់ផ្ដើមនៅក្នុងឆ្នាំ១៩៥២ ជាព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យពេញទីនៃកម្ពុជា។

ប្រជារាស្ត្រកម្ពុជាគ្រប់ភូមិឋានបានចូលរួមក្នុងចលនាជីវពលនារីក្លាហាន ហើយមករួមរស់ជាមួយនឹងព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពដ៏ខ្ពងខ្ពស់បំផុត ក្នុងតំបន់រំដោះខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាតដំបង នៅទីនោះ ព្រះករុណាព្រះបរមរតនកោដ្ឋ មានព្រះបន្ទូលថា ព្រះអង្គមិនយាងមកកាន់រាជធានីភ្នំពេញវិញឡើយ ដរាបណាព្រះអង្គមិនបានទទួលឯករាជ្យពេញបរិបូណ៌មកជូនជាតិមាតុភូមិវិញ។ នៅពេលនោះ ដោយឃើញថាខ្លួនអាចពើបប្រទះនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសវៀតណាមខាងជើងផងនោះ បារាំងក៏បានយល់ព្រមធ្វើការជាមួយនឹងខ្មែរ ដើម្បីផ្ទេរថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយើង នូវអំណាចនិងសមត្ថកិច្ចលើវិស័យណាដែលខ្លួនមិនទាន់បានផ្ទេរមកជូនកម្ពុជាឯករាជ្យនៅឡើយ។

ព្រះករុណាជាអម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតមានព្រះរាជបន្ទូលបន្តថា ឥស្សរជន និងជំនាញការសំខាន់ៗបារាំង និងខ្មែរបានខិតខំធ្វើការដ៏ត្រឹមត្រូវនៅរាជធានីភ្នំពេញរហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបបានលទ្ធផលដែលជាទីពេញចិត្តនៃភាគីខ្មែរដែលនៅថ្ងៃនោះ លោកអគ្គមេបញ្ជាការ សេនាធិការ ព្រមទាំងកងទ័ពបារាំងជើងគោក ជើងអាកាស ជើងទឹក និងសហភាពបារាំងបានថ្វាយបង្គំលាព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ហើយក៏បានចាកចេញពីព្រះរាជាណាចក្រកម្ពុជា។

ព្រះករុណាជាអម្ចាស់ថ្លែងព្រះរាជសុន្ទរកថាយ៉ាងដូច្នេះ «ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះរាជាណាចក្រកម្ពុជា ក៏មានឋានៈស្មើនឹងសាធារណរដ្ឋបារាំង គឺមានឋានៈជារដ្ឋឯករាជ្យពេញបរិបូណ៌មួយនៅលើពិភពលោក»

ព្រះករុណាជាអម្ចាស់ថ្លែងព្រះរាជសុន្ទរកថាបន្តទៀតថា បន្ទាប់ពីបានទទួលឯករាជ្យពេញលេញ ប្រជាជាតិកម្ពុជាមានឱកាសកសាងមាតុភូមិដោយផ្ទាល់។ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ «ព្រះករុណាព្រះបរមរតនកោដ្ឋ» ព្រះអង្គបានស្ថាបនាសង្គមរាស្ត្រនិយមបំពេញព្រះរាជកិច្ចដឹកនាំលើមាគ៌ាដ៏ភ្លឺស្វាង ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជារក្សាបាននូវបូរណភាពទឹកដី និងមានការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ។ សមិទ្ធផលនានាជាច្រើនត្រូវបានកសាងឡើងបន្តបន្ទាប់សម្រាប់ប្រជារាស្ត្រប្រើប្រាស់នៅតាមខេត្ត ក្រុងនានាទូទាំងប្រទេស។

ព្រះករុណាជាអម្ចាស់មានព្រះរាជបន្ទូលដែរថា «នាសម័យសង្គមរាស្ត្រនិយមនោះ ព្រះរាជាណាចក្រកម្ពុជាទទួលបាននូវកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ បណ្តាប្រទេសជាមិត្តបានចាត់ទុកព្រះរាជាណាចក្រកម្ពុជា ជាប្រទេសអព្យាក្រឹត ជាកោះសន្តិភាពនៅអាស៊ីអាគ្នេយ៍»។

អាស្រ័យដោយស្នាព្រះហស្តដ៏ធំធេងនេះ ប្រជារាស្ត្រខ្មែរបានថ្វាយព្រះបរមនាមព្រះអង្គថា៖ «ព្រះមហាវីរបុរសជាតិ» «ព្រះបិតាឯករាជ្យជាតិ» «ព្រះបិតាការពារជាតិ» «ព្រះបិតាសិក្សាធិការជាតិ» «ព្រះបិតាសុខាភិបាលជាតិ» «ព្រះបិតាកីឡាជាតិ» «ព្រះបិតាស្ថាបនាជាតិ» «ព្រះអគ្គមគ្គុទ្ទេសក៏ដ៏ឆ្នើមនៃប្រជាជាតិកម្ពុជា»​