សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដំណើរការវិវឌ្ឍជាតិខ្មែរ ឈានដល់ដំណាក់កាលថ្មីមួយ ដែលប្រជាជនមានទំនុកចិត្តរឹងមាំ និងមហិច្ឆតា លើកស្ទួយមោទនភាពជាតិឱ្យខ្ពស់ ដូចសម័យអង្គរ, រាជរដ្ឋាភិបាលប្តេជ្ញាសម្រេចគោលដៅចម្បង ជាយុទ្ធសាស្ត្រចំនួន៥


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែងថា ដំណើរការវិវឌ្ឍជាតិខ្មែរ បានឈានដល់ដំណាក់កាលថ្មីមួយ ដែលប្រជាជនមានទំនុកចិត្តរឹងមាំ និងមហិច្ឆតាខ្ពស់ ក្នុងលើកស្ទួយមោទនភាពជាតិឱ្យខ្ពស់ ដូចសម័យអង្គរ និងក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាចិត្តសម្រេចឱ្យបាននូវគោលដៅចម្បង ជាយុទ្ធសាស្ត្រចំនួន៥ ដែលបានដាក់ចេញក្នុងកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា ដំណើរនៃការវិវឌ្ឍជាតិខ្មែរ បានឈានដល់ដំណាក់កាលថ្មីមួយ ដែលយើងទាំងអស់គ្នាមានទំនុកចិត្តរឹងមាំ និងមានមហិច្ឆតាខ្ពស់ ក្នុងការលើកស្ទួយមោទនភាពជាតិខ្មែរឱ្យខ្ពស់ ដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយដ៏រឹងមាំ, រស់រវើក, រុងរឿង និងមានវិបុលភាព, ក្លាយជាប្រទេស មានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០។

ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវ «កម្មវិធីនយោបាយ» របស់ខ្លួន ដែលមាន «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ចនៃ «កម្មវិធីនយោបាយ»នេះ ដោយប្តេជ្ញាចិត្តសម្រេចឱ្យបាននូវគោលដៅចម្បង ជាយុទ្ធសាស្ត្ររួមមាន៖

ទី១៖ ការពារសន្តិភាព, ការពារឯករាជ្យ, អធិបតេយ្យ, បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលនៃសង្គមជាតិ ឱ្យបានគង់វង្សស្ថិតស្ថេរ។

ទី២៖ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំដែលផ្អែកលើច្បាប់, មានសេដ្ឋកិច្ចរីកចម្រើន ប្រកបដោយចីរភាព និងសមធម៌, ប្រជាជនមានជីវភាពសម្បូរសប្បាយ, រស់នៅយ៉ាងសុខដុមរមនា ប្រកបដោយកិត្តិយស, សេចក្តីថ្លៃថ្នូរ និង មានការគោរពសិទ្ធិមនុស្ស។

ទី៣៖ កសាងប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាបន្ន, ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលធានាការផ្តល់ការគាំពារដល់ប្រជាជន ក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច, ហានិភ័យសុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងៗ។

ទី៤៖ ជំរុញការអនុវត្ត «កម្ពុជាគ្មានមីនត្រឹមឆ្នាំ ២០២៥» និងកាត់បន្ថយគ្រាប់មិនទាន់ផ្ទុះ ឱ្យបានជាអតិបរមា។

ទី៥៖ បន្តអនុវត្តនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់, កសាងមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយប្រទេសទាំងអស់លើសកលលោក និងចូលរួមយ៉ាងសកម្ម ចំពោះបុព្វហេតុសន្តិភាព, ស្ថិរភាព, សន្តិសុខ និងវិបុលភាព ក្នុងតំបន់ និង ពិភពលោក៕