ស្ថានទូតបារាំង ប្រចាំកម្ពុជា បានរៀបចំពិធីរំលឹកខួបនៃការបញ្ចប់សង្រ្គាមលោកលើកទី១


នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានរៀបចំពិធីរំលឹកខួបនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលបាននាំទៅដល់ការបញ្ចប់សង្គ្រាមលោកលើកទី១។ ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​, លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងឯកឧត្តមឧនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងមួយផ្នែកនៅវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ និងមួយផ្នែកទៀតនក្នុងបរិវេណស្ថានទូតបារាំង ដើម្បីអបអរជ័យជម្នះ សន្តិភាព និងឧទ្ទឹសដល់អ្នកដែលបានពលីសម្រាប់ប្រទេសបារាំង។
សង្គ្រាមលោកលើកទី១ ឬហៅថា «មហាសង្គ្រាម» បានបិទបញ្ចប់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលត្រូវបានចរចា ដោយអាជ្ញាធរយោធាពាក់ព័ន្ធ ក្នុងគោលដៅបញ្ឈប់ការប្រយុទ្ធគ្នាភ្លាមៗ។ ការចុះហត្ថលេខានេះ បានធ្វើឡើងនៅតំបន់រ៉េថុង (Rethondes) ប្រទេសបារាំង ក្នុងទូរថភ្លើងរបស់ លោកសេនាប្រមុខ ហ្វុច (Foch) ដែលបច្ចុប្បន្នត្រូវបានថែរក្សាទុកជាសារមន្ទីរនៅក្នុងព្រៃកុំព្យែង (Compiègne)។ កិច្ចព្រមព្រៀងខាង លើបានបញ្ចប់សង្គ្រាមលោកលើកទី១ ដែលបានបណ្តាលឱ្យប្រទេសបារាំងបាត់បង់ជីវិតទាហាន មួយលានបួនសែននាក់ និងមានអ្នករបួស និងពិការច្រើនជាងនេះ៤ដង ហើយបង្កឱ្យជនស៊ីវិល ៣សែននាក់រងគ្រោះ។ ជាសរុបសង្គ្រាមលោកលើកទី១ បានបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស១០លាននាក់ ឬ១៨លាននាក់ បើរាប់ទាំងជនស៊ីវិល។ សង្គ្រាមនេះបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញយ៉ាងច្រើននៅតាមតំបន់ប្រឈមមុខដាក់គ្នា។
ចាប់តាំងពីឆ្នាំ២០១២មក ថ្ងៃទី១១ ខែវិច្ឆិកា មិនត្រឹមតែជាថ្ងៃរំលឹកដល់ការចុះហត្ថលេខាបញ្ចប់សង្រ្គាមលោកលើកទី១ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាថ្ងៃសម្រាប់ឧទ្ទឹសដល់មនុស្សទាំងអស់ដែលបានពលីជីវិតដើម្បីប្រទេសបារាំង នៅក្នុងសង្គ្រាម អតីតកាល និងបច្ចុប្បន្នកាល ទាំងជនស៊ីវិល និងទាហាន។ ពិធីនេះក៏ឧទ្ទិសផងដែរដល់អ្នកដែលបានបាត់បង់ជីវិត ក្នុងប្រតិបត្តិការនានាក្រៅប្រទេសបារាំង។ គ្រប់ស្ថានទូតបារាំងទាំងអស់នៅបរទេសត្រូវប្រារព្ធពិធីនេះ ដើម្បីរំលឹកដល់សន្តិភាពឧទ្ទិសដល់អ្នកស្លាប់ និងសម្តែងការដឹងគុណដល់ពលីកម្មរបស់ពួកគេ។
ជាលើកដំបូងនៅឆ្នាំនេះ មួយផ្នែកនៃពិធីត្រូវបានធ្វើឡើងនៅខាងមុខវិមានរំលឹកដល់អ្នកទទួល អនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ ឬហៅថាវិមាន «រូបពីរ»ដែលត្រូវបានសាងសង់ឡើងវិញដោយរាជរដ្ឋាភិបាលកម្ពុជា និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ដោយសម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ កាលដើមឡើយ វិមានខាងលើត្រូវបានសម្ពោធនៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩២៥ ប៉ុន្តែត្រូវបានកម្ទេចដោយពួកខ្មែរក្រហម។ ជនជាតិកម្ពុជាចំនួន១៥១នាក់ និងជនជាតិបារាំង៣៣នាក់ ដែលចេញពីកម្ពុជាទៅ បានបាត់បង់ជីវិតក្នុងអំឡុងសង្គ្រាមលោកលើកទី១។ នៅឆ្នាំនេះ ជាមួយការដាក់បាច់ផ្កានៅខាងមុខវិមាននេះ ស្ថានទូតបារាំងសូមឧទ្ទឹសជាពិសេសដល់យុទ្ធជនកម្ពុជា ដែលបានប្រយុទ្ធនៅក្នុងសង្គ្រាមលោកលើកទី១ ជាមួយយុទ្ធមិត្តបារាំង។

ឯកអគ្គរដ្ឋទូតបារាំង លោក ហ្សាក់ ប៉ឺឡេ បានថ្លែងថា វិមានខាងលើនេះ គឺជានិមិត្តរូបដ៏មានអត្ថន័យនៃប្រវត្តិសាស្រ្តរួមបារាំង និងកម្ពុជា។

ឯកអគ្ករដ្ឋទូតបានរំលឹកផងដែរថា បើតាមប្រវត្តិសាស្រ្តប្រទេសបារាំង ទាហានឥណ្ឌូចិនប្រមាណ១០ម៉ឺននាក់ត្រូវ បានជ្រើសរើសឱ្យចូលរួមក្នុងសង្គ្រាមលោកលើកទី១។ ចាប់ពីឆ្នាំ១៩១៥ កម្មករ ៤,៦០០នាក់ បានធ្វើដំណើរទៅកាន់ប្រទេសបារាំង ដើម្បីបំពេញការងារក្នុងវិស័យអាកាសចរណ៍ ប៉ុន្តែភាគច្រើនទៅដល់ប្រទេសបារាំងចាប់ពីឆ្នាំ១៩១៦ ដោយ បង្កើតបានជាកងកម្លាំងទាហានឥណ្ឌូចិន១៩កងវរសេនាតូច ហើយបន្ថែមពីនោះ មានគិលានុបដ្ឋាក ចំនួន ៩,០០០នាក់ និងអ្នកបើកបររថយន្តចំនួន៥០០០នាក់។ ទន្ទឹមនឹងនោះដែរ អ្នកបំពេញការងារប្រមាណ៤៩,០០០នាក់ មកពីតុងកឹង អាណាម កូសាំងស៊ីន និងប្រទេសកម្ពុជា ត្រូវបានបញ្ជូនទៅប្រទេសបារាំង ដើម្បីបម្រើ ការងារ នៅ តាមរោងចក្រ និងក្នុងផ្នែករដ្ឋបាល។

ពាក់ព័ន្ធនឹងស្ថានការណ៍បច្ចុប្បន្ន ឯកអគ្ករដ្ឋទូតបារាំងលើកឡើងថា សព្វថ្ងៃនេះ ក្នុងពេលដែលសង្គ្រាម កំពុងកើតមានឡើងវិញគ្រប់ទីកន្លែងនៅលើពិភពលោក រួមទាំងនៅលើទឹកដីអឺរ៉ុប ដែលជាសង្រ្គាមមួយដ៏អាក្រក់ ខុសច្បាប់ និងមិនសមហេតផលបង្កឡើងដោយប្រទេសរុស្ស៉ីប្រឆាំងនឹងប្រទេសអ៊ុយក្រែន ក៏ដូចជាសង្គ្រាម ដ៏បង្ហូរឈាម រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ប្រទេសបារាំង និងប្រទេសកម្ពុជា បានរួមគ្នាជាមួយប្រទេសភាគច្រើនដទៃទៀត ដើម្បី ថ្កោលទោសសង្គ្រាមទាំងនេះ ក៏ដូចជាផលវិបាកនានាដែលសង្គ្រាមទំាងនេះបង្កឡើង។

ឯកអគ្គរដ្ឋទូតបារាំង បានបន្តថា ប្រទេសបារាំង មានមោទនភាពដែលស្ថិតនៅក្បែរប្រទេសកម្ពុជា ដើម្បីបម្រើបុព្វហេតុសន្តិភាព ពិភពលោក។ ជាមួយវត្តមានកងទ័ពមួកខៀវនៃមជ្ឈមណ្ឌល NPMEC និងសិស្សសាលានាយទាហានសកម្មត្មាតពង ក្នុងពិធីខាងលើនេះ ស្ថានទូតបារាំងចង់រំលេចពីកិច្ចសហប្រតិបត្តិការដ៏យូរលង់ និងប្រកបដោយទំនុកចិត្ត ជាមួយ កម្ពុជាលើផ្នែកបណ្តុះបណ្តាលយោធាកម្រិតខ្ពស់បំផុត។ ប្រទេសបារាំងក៏មានបំណងបង្ហាញពីការរួមចំណែករបស់កម្ពុជា ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក ដែលជាការសម្រេចចិត្តដ៏មោះមុតមួយរបស់កម្ពុជា បន្ទាប់ពីបានឆ្លងកាត់សង្គ្រាមស៊ីវិល និងសោកនាដកម្មជាច្រើនទសវត្សរ៍ ហើយក៏ធ្លាប់ទទួលស្វាគមន៍ បេសកកម្ម អាជ្ញាធរ អន្តរកាលអង្គការសហប្រជាជាតិ (អ៊ុនតាក់)។

លោកបានបន្តថា បច្ចុប្បន្នកងទ័ពមួកខៀវកម្ពុជា ជាង៨០០នាក់ ក្នុងនោះមានស្រ្តីជាច្រើនកំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពពិភពលោក ជាពិសេសនៅតាមបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ដូចជា៖ ម៉ាលី សាធារណរដ្ឋ អាហ្រ្វិកកណ្តាល និងលីបង់ ដែលបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពពិភពលោក៕