សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ដីមិនប្រើប្រាស់ទំហំក្រោម៥ហិកតា មិនតម្រូវឲ្យបង់ពន្ធឡើយ, ចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២៥


កន្លងទៅនេះ ប្រជាពលរដ្ឋមានការចាប់អារម្មណ៍ជាខ្លាំងចំពោះការអនុវត្តកាតព្វកិច្ចពន្ធ លើដីដែលមិនប្រើប្រាស់, ប៉ុន្ដែនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ចំពោះដីដែលមិនប្រើប្រាស់ ក្រោមទំហំ៥ហិកតា គឺមិនជាប់កាតព្វកិច្ចបង់ពន្ធនោះទេ ពោលអនុវត្តកាតព្វកិច្ចនេះ សម្រាប់ដីដែលមានទំហំ៥ហិកតាឡើងប៉ុណ្ណោះ។

ក្នុងជំនួបជាមួយវិស័យឯកជន ប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា, សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់អំពីលក្ខខណ្ឌអនុគ្រោះមួយចំនួនផងដែរ សម្រាប់ដីដែលមិនប្រើប្រាស់ទំហំចាប់ពី៥ហិកតាឡើយ។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានអះអាងថា គោលការណ៍នេះ នឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីឆ្នាំ២០២៥តទៅ ហើយសម្ដេចបានចាត់ទុកថា ការយកពន្ធលើដីធ្លីមិនប្រើប្រាស់ ដើម្បីបញ្ចៀសការយកដីទៅទុកចោល មិនប្រើប្រាស់ជាប្រយោជន៍សេដ្ឋកិច្ច។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

«ដើម្បីបញ្ចៀសការយកពន្ធត្រួតគ្នា និងមិនឲ្យប៉ះពាល់ប្រជាជនទូទៅស្របតាមគោលបំណងនេះ ខ្ញុំបានដាក់ចេញនូវគោលការណ៍ឲ្យអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការកែសម្រួលលិខិតបទដ្ឋានគតិយុត្តដើម្បីបន្ធូរបន្ថយលក្ខខណ្ឌ សម្រាប់ទទួលបានការលើកលែងពន្ធលើដីមិនប្រើប្រាស់ឲ្យមានភាពច្បាស់លាស់ ដូចតទៅ

*ទី១៖ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ សំដៅដល់ដីដែលនៅក្រៅតំបន់ដែលជាប់ពន្ធលើអចលនទ្រព្យហើយ អញ្ចឹងអត់មានការត្រួតគ្នាទេ
*ទី២៖ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានអនុញ្ញាតឲ្យកាត់ចេញ៥ហិកតា ក្នុងមួយកន្លែង។ មានន័យថា ដីដែលមានទំហំ៥ហិកតាចុះ លែងព្រួយបារម្ភដីមិនប្រើប្រាស់ហើយ។

កិច្ចការងារនេះកន្លងទៅយើងធ្លាប់កាត់ទំហំ១២០០ការ៉េ គិតថាជាប្រភេទលំនៅឋាន។ ក្រោយមកលុប១២០០ការ៉េ គិតជាលុយ១០០លានរៀលវិញ ប៉ុន្ដែឥលូវកុំឲ្យពិបាកក្នុងការគិត គឺ៥ហិកតាចុះ មិនគិតដីអត់ប្រើប្រាស់ទៀតទេ ព្រោះបើយើងគិត៥ហិកតា អ្នកដែលមានលទ្ធភាពទិញដីលើស៥ហិកតា ទុកអត់ធ្វើអីមានមិនច្រើនទេ អញ្ចឹងប្រជាពលរដ្ឋភាគច្រើន គឺអាចរួច។ ហើយចំពោះដីដែលលើស៥ហិកតា យើងនៅមានលក្ខខណ្ឌមួយចំនួនទៀត ដើម្បីអនុគ្រោះ»។

ដោយឡែក សម្រាប់ដីដែលមិនប្រើប្រាស់ ហើយមានទំហំចាប់ពី៥ហិកតាឡើង ដែលរួចផុតពីកាតព្វកិច្ចពន្ធ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងនូវលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖

*ទី១៖ ដីកសិកម្មកំពុងបង្កបង្កើនផល ដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីដែលប្រើប្រាស់
*ទី២៖ ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវ័ន្ដបុគ្គល ឬនីតិបុគ្គល ដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ
*ទី៣៖ ដីមានសំណង់ ឬគ្មានសំណង់ ស្ថិតនៅក្រោមកិច្ចសន្យាជួល
*ទី៤៖ ដីដែលមានកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល
*ទី៥៖ ដីសម្បទាសេដ្ឋកិច្ចដែលជួលពីរដ្ឋ ឬដីធ្លីរបស់សហគមន៍
*ទី៦៖ ដីជាកម្មសិទ្ធិរបស់រដ្ឋដែលបានជួលទៅឲ្យនីតិបុគ្គល ឬរូបវ័ន្ដបុគ្គលណាមួយសម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗ តាមកិច្ចសន្យា ឬកិច្ចព្រមព្រៀងតាមភាគីទាំងពីរ
*ទី៧៖ ដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលប្រើប្រាស់ផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហ៍កម្ម ឬសេវាកម្ម
*ទី៨៖ ស្របតាមការស្នើសុំដោយក្រុមការងារផ្នែកអប់រំ (ដីដែលបានចុះបញ្ជីទ្រព្យសម្បត្តិរបស់សហគ្រាស ក្នុងវិស័យអប់រំ សិក្សាធិការ បណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់គោលដៅបម្រើវិស័យដែលបានរៀបរាប់)។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ប្រជាពលរដ្ឋដែលចាប់អារម្មណ៍ ឬមានចម្ងល់លើពន្ធដីមិនប្រើប្រាស់ នៅពេលគោលការណ៍នេះត្រូវបានដាក់ឲ្យអនុវត្ត ច្បាស់ជាមានភាពងាយស្រួល។ សម្ដេចជឿជាក់ថា គោលការណ៍នេះ នឹងជួយសម្រួលដល់បន្ទុករបស់ប្រជាពលរដ្ឋ ហើយសម្ដេចក៏ជឿដែរថា សម្រាប់អ្នកដែលមានលទ្ធភាពទិញដីចាប់ពី៥ហិកតាឡើង ទុកចោលមិនធ្វើសកម្មភាពនោះ ក៏មិនមានច្រើននោះដែរ តែប្រសិនបើមានត្រូវតែអនុវត្តកាតព្វកិច្ចបង់ពន្ធ៕