រដ្ឋមន្រ្តីសុខាភិបាល អញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យព្រះអង្គឌួង


នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ព្រមទាំងសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យព្រះអង្គឌួង។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល និងថ្លែងអំណរគុណ ព្រមទាំងកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលបានខិតខំបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

ក្នុងការចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ពីភាពរីកចម្រើនរបស់មន្ទីរពេទ្យ ទាំងសំណង់អគា*រថ្មីៗ និងអគារដែលមានស្រាប់​ ដោយត្រូវបានរៀបចំ និងជួសជុលឡើងវិញបានយ៉ាងល្អប្រសើរ រួមទាំងសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សមានជំនាញច្បាស់លាស់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។

ទន្ទឹមនឹងការរីកចម្រើននេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍បន្ថែមទៀត ក្នុងការបន្តសកម្មភាពតទៅមុខទៀត ដូចជា៖

*ធ្វើទំនើបកម្មមន្ទីរពេទ្យប្រកបដោយនវានុវត្តន៍ ឌីជីថល និងមានការទទួលស្គាល់គុណភាព

*ជំរុញការអនុវត្តគម្រោងសាងសង់អគារថ្មីបន្ថែមទៀត
*ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលមានស្រាប់ និងពង្រីកជាមួយដៃគូថ្មីៗថែមទៀត
*បន្តអនុវត្តសកម្មភាពដែលមានស្រាប់ ដោយធានាឆ្លើយតបនឹងអាទិភាព ដែលបានដាក់ចេញក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក៏ដូចជាអាទិភាពរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានគូសរំលេចនូវការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលក្នុងនោះវិស័យសុខាភិបាលជាវិស័យអាទិភាពមួយ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។ ដើម្បីឈានទៅសម្រេចបាន ការគ្របដណ្តប់សុខភាពជាសកល ត្រូវចូលរួមអនុវត្តយុទ្ធសាស្រ្តគន្លឹះ ទាំង៩ ចំណុចច និងអាទិភាពគន្លឹះ៖

*ពង្រឹងមណ្ឌលសុខភាព តាមរយៈការពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ការបំពាក់ឧបករណ៍សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងការផ្គត់ផ្គង់ឱសថឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា និងការពង្រឹងសមត្ថភាពបុគ្គលិក ដើម្បីធានាការផ្តល់សេវា ២៤ម៉ោង លើ២៤ម៉ោង។

*ពង្រឹងគុណភាពសេវាថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យជាតិ ដោយផ្តោតទៅលើការពង្រឹងផ្នែកប្រពោធទនកម្ម ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកមន្ទីរពិសោធន៍ និងផ្នែករូបភាពវេជ្ជសាស្រ្ត។

*ពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលនៅគ្រប់កម្រិត តាមរយៈការបណ្តុះបណ្តាលផ្នែកភាពជាអ្នកដឹកនាំ និងនវានុវត្តន៍។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើសុំឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍមន្ទីរពេទ្យ និងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕