រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកអគ្គរាជទូតអា​រ៉ា​ប៊ី​សា​អូ​ឌីត ពិភាក្សា​គ្នាផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរព័ត៌មាន


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូត អា​រ៉ា​ប៊ី​សា​អូ​ឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ជួបពិភាក្ស ​គ្នាផ្តោតសំខាន់លើកិច្ច សហប្រតិបត្តិការលើការផ្លាស់ប្តូរព័ត៌មានរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត រួមទាំងបណ្ដាប្រទេសអារ៉ាប់ ទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មានផ្សេងៗ ដើម្បីឱ្យប្រជាជននៃប្រទេសទាំងពីរ និងបណ្ដាប្រទេសអារ៉ាប់ បានស្គាល់ បានដឹងនូវវប្បធម៍ ប្រពៃណី ទំនៀបទំលាប់ រួមទាំងទិដ្ឋភាពនានាជាច្រើនទៀតនៅកម្ពុជា។

កិច្ចសហប្រតិបត្តិការធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម នេត្រ ភក្ត្រា និងលោក ​Mohammed Ismaeil A. Dahlwy ​បានធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ទីស្តីការក្រសួងព័ត៌មាន។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីនេត្រ ភក្ត្រា បានគួសបញ្ជាក់ថា ក្រសួងព័ត៌មាន បានរៀបចំនូវការផ្សព្វផ្សាយព័ត៌មាន ជាភាសាអារ៉ាប់ តាំងតែពីឆ្នាំ២០២២ ហើយផ្សាយចេញទៅក្នុងគោលបំណងសំខាន់គឺឱ្យពិភពអារ៉ាប់ បានដឹងអំពីស្ថានភាពពិតប្រាកដនៃប្រទេសកម្ពុជា ហើយក៏បង្ហាញអំពីសក្ដានុពលរបស់កម្ពុជា ទាក់ទងជាមួយនឹងវិស័យទេសចរណ៍ វិស័យសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត រួមទាំងសាសនាផងដែរ។

ក្រសួងព័ត៌មាន តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និង App ក្រសួង បានផ្សព្វផ្សាយព័ត៌មានប្រចាំថ្ងៃ ដោយបានបកប្រែពីភាសាខ្មែរ ទៅជាភាសាអារ៉ាប់ ដើម្បីអាចអោយប្រជាជនដែលចេះភាសាអារ៉ាប់ បានអានពិសេសទិសដៅសំខាន់ផ្សាយទៅពិភពនៃប្រទេសអារ៉ាប់ បានស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា និងដឹងពីសក្តានុពលផ្សេងៗ ដើម្បីទាក់ទាញអ្នកទេសចរ និងវិនិយោគិន មករកសុីនៅកម្ពុជា។

ក្នុងឱកាសនេះដែរ ក្រសួងព័ត៌មានកម្ពុជា ស្នើដល់ឯកអគ្គរាជទូត ធ្វើការពិភាក្សាជាមួយក្រសួងព័ត៌មាន អា​រ៉ា​ប៊ី​សា​អូ​ឌីត ដើម្បីពិនិត្យទៅលើលទ្ធភាពនៃការចុះកិច្ចព្រមព្រៀងលើអនុស្សរណៈ នៃការយោគយល់ដើម្បីពង្រឹង ទៅលើកិច្ចសហប្រតិបត្តិការក្នុងការផ្តាស់ប្តូរព័ត៌មាន និងផ្តាស់ប្តូរទស្សនកិច្ចទៅវិញទៅមក រវាងអ្នកសារព័ត៌មាននៃប្រទេសទាំងពីរ កម្ពុជា អា​រ៉ា​ប៊ី​សា​អូ​ឌីត។

លោក Mohammed Ismaeil A. Dahlwy បានសំដែងនូវការអបអរសាទរ ជូនពរចំពោះលោក នេត្រ ភក្ត្រា ដែលត្រួវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន សម្រាប់អាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា។

ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរព័ត៌មានរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ដែលបានពិភាក្សាគ្នានេះ ឯកអគ្គរាជទូត បានឯកភាពសម្រាប់កិច្ចសហការដ៏ល្អនេះ ព្រោះវាមានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរ។

លោក M​o​ham​me​d​ បានជម្រាបជូនពីគម្រោងបើក ស្ថានទូត អារ៉ាប៊ីសាអូឌីត ប្រចាំនៅទីក្រុងភ្នំពេញ គ្រោងធ្វើនៅឆ្នាំក្រោយ ២០២៤ ដែលជាឱកាសដ៏ល្អក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្នា ហើយតាមរយៈនេះ ឯកអគ្គរាជទូតបានឯកភាពចំពោះការផ្សព្វផ្សាយព័ត៌មាន គឺជាផ្នែកមួយក្នុងការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការ និងការយល់គ្នារវាងប្រជាជន និងប្រជាជន។

ទាក់ទងទៅនឹងសំណើចុះអនុស្សារណៈនៃការយោគយល់ដើម្បីពង្រឹងទៅលើកិច្ចសហប្រតិបត្តិការក្នុងការផ្តាស់ប្តូរព័ត៌មាន នៃប្រទេសទាំងពីរ ឯកឧត្តម ឯកអគ្គរាជទូត នឹងយកសំណើនេះទៅជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងព័ត៌មាន អារ៉ាប៊ីសាអូឌីត ដើម្បីពិចារណា ហើយចាត់តាំងជនបង្គោលសម្រាប់ពិនិត្យពិភាក្សាលើកិច្ចការងារទាំងអស់នេះ។

ឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីត បានថ្លែងការកោតសរសើរដល់ប្រទេសកម្ពុជា ដែលមានសុខដុមរមនីយកម្មសាសនា ជាគំរូមួយសម្រាប់បណ្តាប្រទេសផ្សេងៗផងដែរ៕