កម្ពុជា នឹងធ្វើជាប្រធាននៃអនុសញ្ញាអូតាវ៉ា នៅឆ្នាំ២០២៤ និងម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន


ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានបញ្ជាក់ថា កម្ពុជានឹងធ្វើជាប្រធាននៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែល គ្មានមីននៅចុងឆ្នាំ២០២៤ ខាងមុខនេះ។

តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ០២៣នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានឱ្យដឹងថា សម្រាប់កិច្ចប្រជុំនេះនឹងមានតំណាងមកបណ្តាប្រទេសជិត២០០ ទូទាំងពិភពលោក តាមរយៈកិច្ចប្រជុំនៅខេត្តសៀមរាបនេះ ក៏ជាទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជា ជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា ក្នុងឱកាសធ្វើជាប្រធាននៃអនុសញ្ញាអូតាវ៉ា និងម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន កម្ពុជា ដែលជាប្រទេសឆ្លងកាត់ការរងគ្រោះដោយសារគ្រាប់មីនប្រឆាំងមនុស្ស នឹងចែករំលែកបទពិសោធន៍ ជាពិសេសចំណុចវិជ្ជមានដែលកម្ពុជាបានខិតខំប្រឹងប្រែងកន្លងមកដូចជានយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាពជូនកម្ពុជា ក៏ដូចជាការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់បន្ថែមថា៖ «តាមរយៈកិច្ចប្រជុំនេះកម្ពុជា នឹងប្រាប់ពិភពលោកថា កម្ពុជា ញញឹមឡើងវិញហើយ រស់ឡើងវិញហើយ រស់ក្នុងក្តីសុខក្សេមក្សាន្ត រស់ក្នុងសន្តិភាព បន្ទាប់ពីសង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្ស ដែលគេមើលមកកម្ពុជាយើងតែក្រហម ឃើញតែឈាម ឃើញតែភាពវេទនា ឃើញតែការអត់ឃ្លាន កម្ពុជានឹងប្រាប់គេថាកម្ពុជា ជាទឹកដីញញឹម ជាទឹកដីនៃក្តីសង្ឃឹម»។

ជាមួយគ្នាដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ក៏បានលើកឡើងពីមូលហេតុដែលកម្ពុជាបានធ្វើជាប្រធាននៃអនុសញ្ញាអូតាវានេះដោយសារកត្តាជាច្រើន និងជាពិសេសនោះកម្ពុជាបានចាក់ផុតពីសង្គ្រាម និងជាប្រទេសមានសន្តិភាព។ លោកបានបន្ថែមថា កម្ពុជាគឺជាប្រទេសមួយដែលទទួលបានជោគជ័យយ៉ាងធេងក្នុងការលុបបំបាត់សង្គ្រាម។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានឱ្យដឹងថា កម្ពុជា ជាប្រទេសដំបូងនៅអាស៉ី ដែលបានធ្វើជាប្រធាននៃអនុសញ្ញាអូតាវ៉ា។ ការទទួលញញួរធ្វើជាប្រធាននៃអនុសញ្ញាអូតាវ៉ានេះ បន្ទាប់ពីប្រទេសស្វីស។

អនុសញ្ញាអូតាវ៉ា គឺជាអនុសញ្ញាអង្គការសហប្រជាជាតិ (UN) ហើយ​អនុសញ្ញា​អូ​តា​វ៉ា​ មានសមាជិកចំនួន ១​៦​៤​​ប្រទេស​ ​និង​ស្ថាប័ន​អន្តរជាតិ​ដទៃទៀត​ ដោយបានចុះហត្ថលេខា ​និងគាំទ្រលើអនុសញ្ញាអូតាវ៉ានេះ។ អនុសញ្ញាអូតាវ៉ា ជាការអនុសញ្ញាស្តីពីការហាមឃាត់ ការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុក និងការផ្ទេរ គ្រាប់មីនប្រឆាំងមនុស្សលោក។

សូមបញ្ជាក់ថា កម្ពុជា បានក្លាយជារដ្ឋភាគីមួយនៃអនុសញ្ញាអូតាវ៉ា ចាប់ពីឆ្នាំ២០០០។ ក្នុងនាមជារដ្ឋភាគី កម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យមីន ហើយក៏បាននឹងកំពុងបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងសស្រាក់ស្រាំ ព្រមទាំងទទួលបាននូវការវាយតម្លៃខ្ពស់ពីគ្រប់រដ្ឋភាគី៕