សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧១ឈានចូល៧២ឆ្នាំ


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរដល់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧១ឆ្នាំ ឈានចូល៧២ឆ្នាំ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

តាមរយៈសារលិខិតនេះ សម្តេចធិបតី បានលើកឡើងដូច្នេះថា៖

នៅក្នុងឱកាសដ៏នក្ខត្តឫក្សប្រសើរថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់៧១ឆ្នាំ ឈានចូល៧២ឆ្នាំ របស់ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៦កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ តាងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា ខ្ញុំសូមសម្តែងនូវ ទឹកចិត្តសោមនស្សរីករាយយ៉ាងក្រៃលែង និងចូលរួមជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច មហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា សូមសមប្រកបដោយបញ្ញាញាណភ្លឺថ្លាឈ្លាសវៃ កាយពលរឹងមាំ សុខភាព ល្អបរិបូណ៌ និងជន្មាយុយឺនយូរចាកផុតពីរោគាព្យាធិនានាតរៀងទៅ។

យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការដឹងគុណ ដ៏ជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងដោយយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធក្នុងការ ចូលរួមចំណែកពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងសមត្ថភាពស្ថាប័ន និងការចូលរួមចំណែកក្នុងបេសកកម្មមនុស្សធម៌ជាមួយសមាគមកាកបាទក្រហមកម្ពុជា ពង្រឹងបាននិរន្តរភាព នៃចលនាកាកបាទក្រហមកម្ពុជា សំដៅចូលរួមចំណែកដ៏សកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីកិច្ចអភិវឌ្ឍព្រះរាជា ណាចក្រកម្ពុជាដ៏បវរនៃយើងឱ្យរឹងរិតតែមានភាពរីកចម្រើនរុងរឿងខ្លាំងក្លា ជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ និងប្រជាជន។

ឆ្លៀតក្នុងឱកាសដ៏សិរីមង្គលាភិរម្យវិសេសវិសាលប្រពៃថ្លៃថ្លានៃពិធីចម្រើនអាយុវឌ្ឍនមង្គលនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាឆ្នាំថោះ បញ្ចស័ក ព្រះនាម កិមិរាទេវី សូមព្រះអង្គតាមជួយ ថែរក្សាអភិបាលប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និង ក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរដ៏ឧត្ដុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ច និរន្តរ៍តរៀងទៅ៕