ឯកឧត្តមវេជ្ជ. សុះ មុះសិន និងលោកជំទាវ បានអញ្ជើញជាអធិបតីផ្តល់ប្រាក់ឧបត្ថម្ភជូនកុមារកំព្រាចិញ្ចឹមតាមមូលដ្ឋានចំនួន២០០នាក់មកពី១៣ រាជធានី ខេត្ត


ឯកឧត្តមវេជ្ជ.សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណចលនាសាសនិកឥស្លាមកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងផ្ដល់ប្រាក់ឧបត្ថម្ភជូនប្អូនៗកុមារកំព្រា ចិញ្ចឹមតាមផ្ទះក្នុងឆមាសទី១ និងទី២ ឆ្នាំ២០២៣សរុបចំនួន ២០០នាក់ ដែលត្រូវបានជ្រើសរើសពី ១៣ រាជធានី-ខេត្ត ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៤០០.២៦ដុល្លា សរុបជាទឹកប្រាក់ស្មើនឹង ៩១២៨២ដុល្លាសហរដ្ឋអាមេរិក ។ ដែលបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណមជ្ឈមណ្ឌលផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រា ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ពិធីនេះដោយមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកគ្រូ អ្នកគ្រូ ក្រុមការងារ និងអាណាព្យាបាលផងដែរ ។
ឯកឧត្តមវេជ្ជ.សុះ មុះសិន បានមានប្រសាសន៍ថា គោលបំណងនៃការចិញ្ជឹមក្មេងកំព្រាតាមមូលដ្ឋាន គឺដើម្បីជួយសម្រាលបន្ទុករបស់អាណាព្យាបាលលើការផ្គត់ផ្គង់ជីវភាពចិញ្ចឹមបីបាច់ថែរក្សា ថែទាំសុខភាព និងពិសេសផ្ដល់លទ្ធភាពឲ្យក្មេងៗបានទទួលការអប់រំដូចក្មេងទូទៅដែរ និងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការគាំពារវិស័យ សង្គមកិច្ច ការបណ្តុះបណ្តាលកុមារ ពិសេសកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ។

គួររំលឹកថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» រៀបចំឡើង ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ យុទ្ធសាស្ត្របញ្ចកោណ គឺជាយុទ្ធសាស្ត្រសម្លឹងទៅមុខ សម្រាប់រយៈពេល ២៥ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្ត ៥ដំណាក់កាល។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៍បានផ្ដាំផ្ញើរដល់អាណាព្យាបាលត្រូវខិតខំចិញ្ចឹមបីបាច់ថែរក្សាកូនចៅ អោយខិតខំរៀនសូត្រ និងថែរក្សាសុខភាព ជាពិសេសជៀសឆ្ងាយពីអំពើណាដែលសង្គមស្អប់ខ្ពើម និងចូលរួមអភិវឌ្ឍន៏គ្រួសារ និងសង្គមជាតិផងដែរ ។

ពិធីនេះប្រព្រឹត្តធ្វើនៅថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០២៣ ។