សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា-ជប៉ុន មានទំនាក់ទំនងចាប់ពីព្រះមហាក្សត្រ រហូតដល់ប្រជាពលរដ្ឋសាមញ្ញ


(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានលើកឡើងថា ប្រទេសកម្ពុជា និងជប៉ុន មានទំនាក់ទំនងល្អជាមួយគ្នាចាប់តាំងពី ព្រះមហាក្សត្រ រហូតដល់ប្រជាពលរដ្ឋសាមញ្ញទូទៅ។

ក្នុងឱកាសអញ្ជើញជាធិបតីភាពរួមគ្នាជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផ្ដើមចេញពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ជប៉ុននេះ បានជាសមិទ្ធផលសំខាន់ៗជាច្រើនត្រូវបានកសាងឡើង ដែលជាការរួមចំណែករបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនមកកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្ងៃមុនខ្ញុំចូលទៅគាល់ព្រះចៅអធិរាជជប៉ុន នៅទីក្រុងតូក្យូ ព្រះរាជបិតា និងព្រះមហេសីរបស់ជប៉ុន ពីដើមជាអ្នកកាទូតម្នាក់ដែលមានតួនាទីជួយសម្របសម្រួល នៃកិច្ចចរចាសន្ដិភាពដែរ។ លោកបានមានបន្ទូលជាមួយខ្ញុំផ្ទាល់ ក្រៅពីការងារកាទូតលោកមានបន្ទូលថា ខ្ញុំសូមនិយាយផ្ទាល់ខ្លួនមួយ ខ្ញុំមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយកម្ពុជា ដោយសារឪពុករបស់ខ្ញុំធ្លាប់ដើរតួនាទីក្នុងការសម្របសម្រួលនេះ អ៊ឹចឹងតាំងពីរាជវង្ស រហូតដល់ប្រជាជនជប៉ុន គឺមានទំនាក់ទំនងជាមួយកម្ពុជា»

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អះអាងថា យោងតាមកំណត់ត្រាប្រវត្តិសាស្ដ្រ កម្ពុជា-ជប៉ុន មិនមែនទើបតែភ្ជាប់ទំនាក់ទំនងជាមួយគ្នារយៈពេល៧០មកនេះនោះទេ ពោលមានទំនាក់ទំនងជាមួយគ្នាតាំងពីជាង៤០០ឆ្នាំមុនមកម្ល៉េះ ពោលក្នុងសម័យឧដុង្គមានភូមិជប៉ុនមួយ នៅរាជធានីឧដុង្គតែម្ដង។ ប៉ុន្ដែទំនាក់ទំនងត្រូវបានកាត់ផ្ដាច់ពេលកម្ពុជា ធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ហើយក៏ត្រូវបានភ្ជាប់ឡើងវិញ។

បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី, នៅឆ្នាំ២០២៣នេះ គឺជាខួបទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ខណៈនៅសល់តែ៤ថ្ងៃទៀតតែប៉ុណ្ណោះ នឹងឈានដល់ខួបទី៧១ឆ្នាំ ដែលរាជរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរត្រូវពង្រឹងនូវទំនាក់ទំនងរវាងគ្នាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែបានផ្ដល់នូវជំនួយ ការគាំទ្រមកដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកមុ្ពុជា បានគូសបញ្ជាក់ថា ក្នុងទំនាក់ទំនងរយៈពេល៧០មកនេះ បើទោះបីមានបញ្ហាមួយចំនួនក៏ពិតមែន ប៉ុន្ដែក្រោយកម្ពុជាសម្រេចបាននូវសុខសន្ដិភាព នាដើមទស្សវត្សទី៩០ ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមជួួយកម្ពុជា ទាំងក្នុងដំណាក់កាលនៃការចរចាបញ្ចប់សង្គ្រាម។

បន្ថែមពីទំនាក់ទំនងខួបលើកទី៧០ឆ្នាំ រវាងកម្ពុជា-ជប៉ុន  ឆ្នាំនេះរាជរដ្ឋាភិបាលប្រទេសទាំងពីរ ក៏បានសម្រេចតម្លើងកម្រិតទំនាក់ទំនងនេះ ទៅជាភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយផងដែរ។ នេះបើតាមអ្វីដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់។

គួរជម្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីសប្ដាហ៍កន្លងទៅនេះ ទើបតែបានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ដើម្បីចូលរួមក្នុងកិច្ចប្រជុំរំលឹកខួបលើកទី៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុនផងដែរ។

ផ្ដើមចេញពីទំនាក់ទំនងដ៏ល្អ ហើយក៏ត្រូវបានតម្លើងទៅជាភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយនោះ ប្រទេសជប៉ុន បានជួយគាំទ្រកម្ពុជា ក្នុងការថែរក្សាសន្តិភាព គាំទ្រលើការស្តារឡើងវិញ ក្រោយពីបិទបញ្ចប់នូវសង្គ្រាមស៉ីវិល ដែលជំនួយទាំងនោះមានកម្មវិធីគាំទ្រលើការអភិវឌ្ឍលទ្ធិប្រជាធិតេយ្យ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ជាក់ស្ដែងការជុសជួលស្ពានជ្រោយចង្វារឡើងវិញ បន្ទាប់ពីត្រូវបានបំផ្ទុះនៅសម័យសង្គ្រាមស៉ីវិល។ ព្រមទាំងការសាសង់ស្ពានសំខាន់ ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ មូលដ្ឋានសុខាភិបាល សាលារៀន និងប្រព័ន្ធធារាសាស្ត្រ ជាច្រើនទៀត ដើម្បីលើកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជាជាដើម។

ពាក់ព័ន្ធនឹងផ្នែកសេដ្ឋកិច្ចរវាងកម្ពុជា-ជប៉ុន មានចំនួន១.៦ពាន់លានយ៉េន កាលពីឆ្នាំ១៩៨១ បច្ចុប្បន្ននេះ បានកើនឡើងរហូតដល់ ជាង២០០ដង នៅឆ្នាំ២០២២។ សម្រាប់ក្រុមជប៉ុន នៅកម្ពុជា ក៏មានការកើនឡើងខ្ពស់ផងដែរ ហើយក្រុមហ៊ុនជប៉ុន បានចូលរួមយ៉ាងសំខាន់ក្នុងការវិនិយោគនៅកម្ពុជា។

ខណៈថ្មីៗនេះមានក្រុមជប៉ុនធំៗមួយចំនួនបានបើកដំណើរនៅកម្ពុជា ហើយនៅឆ្នាំ២០២៣នេះ គឺមានគម្រោងវិនិយោគខ្នាតធំជាច្រើនត្រូវបានដាក់ចេញ រួមទាំងការដាក់ឲ្យដំណើរការផ្សារទំនើប អ៊ីអន៣ ការផ្លាស់ប្តូរទេសចរណ៍រវាងគ្នាទៅវិញទៅមក ការបញ្ជូននិស្សិតឲ្យចេញទៅសិក្សានៅប្រទេសជប៉ុន៕