មន្ត្រីជំនាញ បើកកិច្ចប្រជុំលើការអនុវត្តដោះស្រាយផលប៉ះពាល់​គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងវិបាវិត​


ឯកឧត្តម ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម អ៉ឹម សទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ និងឯកឧត្តម ប៉េង​ ពោធិ៍សា អភិបាលខេត្តស្វាយរៀង​ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿនភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងវិបាត។

កិច្ចប្រជុំនេះមាន​ការចូលរួមពីអភិបាលរងខេត្ត​ និង​ លោក​ លោកស្រី​ ​ប្រតិភូក្រសួងស្ថាប័នពាក់ព័ន្ធ​ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរ-អង្គភាពក្នុងខេត្ត លោកនាយកទីចាត់ការអន្តរវិស័យ លោកអភិបាលក្រុង-ស្រុកពាក់ព័ន្ធទាំង៨​តំណាងក្រុមហ៊ុនសាងសង់ផ្លូវ​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានផ្តល់ឱកាសដល់ក្រុង-ស្រុក និងអាជ្ញាធរពាក់ព័ន្ធលើកឡើងពីបញ្ហាផ្សេង​ៗពាក់ព័ន្ធ​នឹងការស្ថាបនាផ្លូវល្បឿននេះ​ និងបានពិនិត្យពិភាក្សាទាក់ទងនឹង អាទិភាពសម្រាប់ផែនការបណ្តាញផ្លូវទូទៅ នៃគម្រោងផ្លូវ ភ្នំពេញ-បាវិត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាផែនការ នៃការតភ្ជាប់ដែលពាក់ព័ន្ធ​ និងបានលើកឡើងពីវឌ្ឍនភាពការងារនានា​ រួមមាន នីតិវិធីក្នុងការដោះស្រាយផលប៉ះពាល់​ជាដើម សំដៅជំរុញឱ្យដំណើរការនៃគម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រព្រឹត្តទៅបានដោយរលូន និងប្រកបដោយប្រសិទ្ធភាព តាមផែនការដែលបានគ្រោងទុក ជាពិសេសដើម្បីធានាបានថា ផ្លូវល្បឿនលឿនខ្សែទីពីរនេះ នឹងផ្តល់នូវសក្តានុភាពខ្ពស់ សម្រាប់ការប្រើប្រាស់នាពេលអនាគត៕