គណៈកម្មការទី៧នៃរដ្ឋសភា កោតសរសើរចំពោះសមទិ្ធផលការងារ និងគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តថ្មីរបស់ក្រសួងទេសចរណ៍


ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានដឹកនាំសហការីចូលរួមក្នុងកិច្ចប្រជុំជាមួយគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភាក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា នីតិកាលទី៧។

ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពការងារវិស័យទេសចរណ៍នៅកម្ពុជា រួមទាំងនិន្នាការទេសចរណ៍តំបន់ និងពិភពលោក ព្រមទាំងបានលើកឡើងពីសារៈសំខាន់ និងការអនុវត្តគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន៥ និងអភិវឌ្ឍ៣” និងទិសដៅយុទ្ធសាស្ត្រផ្សេងៗទៀតរបស់ក្រសួងទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅឆ្នាំ២០២៤ និងទៅអនាគត។

ក្នុងនាមគណៈកម្មការទី៧នៃរដ្ឋសភា ឯកឧត្តម ប៉ា សុជាតិវង្ស បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ និងគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តថ្មីរបស់ក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់ ឯកឧត្តម សុខ សូកេន ដែលបានដាក់ចេញនូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន៥ និងអភិវឌ្ឍ៣” ដោយមានលក្ខណៈប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងការវិវត្ដនៃស្ថានភាពទេសចរណ៍តំបន់និងពិភពលោក ព្រមទាំងគាំទ្រទាំងស្រុងលើ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលនីតិកាលទី៧​ដែលបានបន្តដាក់វិស័យទេសចរណ៍ជាវិស័យអាទិភាព៕