ឯកឧត្តមរដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំស្ដីពី គោលការណ៍ណែនាំស្ដីពីការកំណត់លក្ខណៈសម្បត្តិ «ភូមិគំរូ» នៅតាមសហគមន៍ជនបទ


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្ដីពីគោលការណ៍ណែនាំស្ដីពីការកំណត់លក្ខណៈសម្បត្តិ «ភូមិគំរូ» ដោយមានការចូលរួមពីសំណាក់រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត។

ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានធ្វើបទបង្ហាញស្ដីពីគោលការណែនាំស្ដីពីការកំណត់លក្ខណៈសម្បត្តិរបស់ភូមិគំរូ ដែលមាននិយមន័យថា គឺជាភូមិដ្ឋានដែលមានភាពសុខុដុមនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ សេវាសង្គមសមស្រប ធានាបាននូវចរន្ដសេដ្ឋកិច្ច និងនិរន្ដរភាពប្រាក់ចំណូលគ្រួសារ ដោយរក្សាបាននូវធនធាន បរិស្ថាន វប្បធម៌ ដែលប្រជាពលរដ្ឋមានភាពជាម្ចាស់ និងផ្នត់គំនិតជាអ្នកដឹកនាំក្នុងការបង្កើតទស្សនវិស័យឱ្យក្លាយជាការពិត។

ក្នុងបទបង្ហាញបានលើកយក៥ចំណុចផ្សេងទៀត គឺ៖ ១-លក្ខណៈវិនិច្ឆ័យនៃភូមិគំរូ, ២-ពិនិត្យសមិទ្ធផលនៃការអភិវឌ្ឍភូមិគំរូកន្លងមកនៅខេត្តគោលដៅទាំង៣, ៣-ការរៀបចំចុះពិនិត្យភូមិគំរូដោយប្រធានមន្ទីរទាំង២៥រាជធានី ខេត្ត, ៤-ការស្រង់ទិន្នន័យភូមិនៅគ្រប់ខេត្ត និងចំណាត់ថ្នាក់ភូមិតាមលក្ខណៈភូមិគំរូ ៥-ការលើកផែនការអភិវឌ្ឍន៍ភូមិគំរូ។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់វេទិកាជូនថ្នាក់ដឹកនាំ ក៏ដូចមន្ត្រីជំនាញក្នុងការផ្តល់ជាមតិចូលរួម ដើម្បីជាធាតុចូលបន្ថែមទៀត។ ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្រ្ដីបានផ្ដល់នូវ អនុសាសន៍មួយចំនួន ដូចខាងក្រោម៖

១-ត្រូវបន្តដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យទៅលើលក្ខណៈវិនិច្ឆ័យភូមិគំរូ នៅទូទាំងប្រទេស
២-ចុះពិនិត្យផ្ទាល់ភូមិគំរូ ដែលមានស្រាប់ និងកំណត់ជាចំណាត់ថ្នាក់នៃភូមិគំរូ
៣-សុំលើកជាផែនការសម្រាប់អភិវឌ្ឍន៍ភូមិគំរូ
៤-រៀបចំផែនការឱ្យបានច្បាស់ក្នុងការជ្រើសរើសភូមិគំរូ៕