ឯកឧត្តមរដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញបើក​កិច្ចប្រជុំស្តីពី​ប្រព័ន្ធប្រកាសអាសន្ន​ជាមុន​ពី​គ្រោះមហន្តរាយ​ធម្មជាតិ ជាមួយគណៈប្រតិភូ​​​ CREWS


នៅទីស្តីការក្រសួង​ នា​ព្រឹកថ្ងៃចន្ទ​ ១២កើត​ ខែបុស្ស​ ឆ្នាំ​ថោះ​ បញ្ចស័ក ពុទ្ធសករាជ​ ២៥៦៧​ ត្រូវនឹង​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២៤​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក និងឧតុនិយម​​ បាន​អញ្ជើញ​​ជា​អធិបតី​បើកកិច្ចប្រជុំ​​ស្តីពី​ប្រព័ន្ធ​ប្រកាសអាសន្ន​ជាមុន​ពី​គ្រោះមហន្តរាយ​ធម្មជាតិ​នានា​ ​ជាមួយ​ប្រតិភូ​តំណាង​​​​​ក្រុមការងារ​ហានិភ័យពី​​អាកាសធាតុ​​ និងប្រព័ន្ធ​ប្រកាសអាសន្នជាមុន​ ​(CREWS- Climate Risks and Early Warning Systems)​ អង្គការ​ឧតុនិយមពិភពលោក​​(WMO)​​ ​​និង​តំណាងមជ្ឈមណ្ឌលគ្រប់​គ្រង​គ្រោះមហន្តរាយអាស៊ី​​(ADPC)​​​​ ដើម្បី​កំណត់ទិស​ដៅ​យុទ្ធសាស្ត្រ​​ និង​ទម្រង់​ប្រតិបត្តិការនាពេលអនាគត​ ដែល​​ជាផ្នែកដ៏សំខាន់​​មួយ​នៃ​ការងារ​ឧតុនិយម និង​ជលសាស្ត្រ​​។​
ជាកិច្ចចាប់ផ្តើម​ ឯកឧត្តម​រដ្ឋមន្ត្រី​បានសម្តែងនូវ​​​ការស្វាគមន៍​យ៉ាងកក់ក្តៅ​ចំពោះ​​ គណៈប្រតិភូ​ក្រុមការងារ​ CREWS, WMO និង ADPC ដែលបាន​មកបំពេញ​ទស្សនកិច្ច​នៅកម្ពុជា​ ក៏ដូច​ជា​ចូលរួមកិច្ច​ប្រជុំ​ពិភាក្សា​លម្អិត​ជាមួយក្រុម​ការងារ​ និងមន្រ្តីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម​ពាក់ព័ន្ធនឹង​ការផ្តល់​សេវាឧតុនិយម​ ​​និងការព្យាករអាកាសធាតុ​​ ក្នុងបរិបទប្រទេសកម្ពុជា​ និងបរិបទនៃ​ការប្រែ​ប្រួលអាកាស​ធាតុ​សកល។
ឯកឧត្តម​រដ្ឋមន្ត្រីបានជម្រាបប្រាប់កិច្ច​ប្រជុំថា​ ​​កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ និងជាប្រទេសងាយរងគ្រោះ​ពី​ហានិភ័យនៃ​គ្រោះធម្មជាតិ ជាពិសេស​ទឹកជំនន់នារដូវវស្សា គ្រោះរាំងស្ងួតនារដូវប្រាំង ខ្យល់ព្យុះ​និង​ខ្យល់កន្រ្តាក់ជាដើម។ ជាក់ស្តែង​ ពេល​បច្ចុប្បន្ននេះ​ប្រទេសកម្ពុជា​កំពុងជួប​ប្រទះគ្រោះរាំងស្ងួត​និង​ប្រឈម​ការខ្វះ​ទឹកស្រោចស្រពដំណាំស្រូវ​​ ​​ក្នុងពេល​ប្រជាកសិករ​បង្កបង្កើនផលស្រូវរដូវប្រាំង​លើសផែនការ​កំណត់ ដែល​តំបន់ខ្លះធ្វើ​លើសផែនការពី​ ២ទៅ៣ដង។​
ទោះបីជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រី​បញ្ជាក់ថា​ ក្រសួងធនធានធានទឹក និងឧតុនិយម រួមជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធទាំងថ្នាក់ជាតិ​ និង​នៅមូលដ្ឋាន​ភូមិឃុំ​ ក្រោមការដឹកនាំប្រកបដោយភាពបត់បែន ឈ្លាសវៃ និង​ប៉ិនប្រសប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បាន​​និង​កំពុងខិតខំយ៉ាងសស្រាក់សស្រាំ​ក្នុង​ការអន្តរាគមន៍បូមទឹក​សង្រ្គោះស្រូវរដូវប្រាំង​របស់ប្រជាកសិករ​ ​​ដែល​កំពុងប្រឈមខ្វះទឹក​​ សំដៅ​ជួយ​កាត់បន្ថយនូវ​ការខូចខាតឱ្យ​បាន​ជា​អតិបរមា។
ជាមួយគ្នានេះដែរ​ ឯកឧត្តមរដ្ឋមន្ត្រី​មានប្រសាសន៍ថា​ វត្តមានរបស់ CREWS នាឱកាសនេះនឹង​ជួយ​ដល់​កិច្ចសហការក្នុងវិស័យឧតុនិយមឱ្យកាន់តែមានភាពល្អប្រសើរឡើងលើការព្យាករ​ឧតុនិយម​ ទាំង​រដូវវស្សា និងរដូវប្រាំង ជាពិសេស​ ការពង្រឹងលើប្រព័ន្ធប្រកាសអាសន្ន​និងការជូនដំណឹង​ជាមុនដល់ប្រជាពលរដ្ឋ​ងាយរងគ្រោះឱ្យត្រៀមលក្ខណៈប្រុងប្រយ័ត្ន ឈានទៅកាត់បន្ថយបាននូវ​គ្រោះមហន្តរាយធម្មជាតិនានា និង​កាត់បន្ថយបានការខាតបង់ធ្ងន់ធ្ងរ​ផ្នែកសេដ្ឋកិច្ច​។
ឯកឧត្តមរដ្ឋមន្ត្រី​បានលើកឡើងថា​​ ពិភព​លោកទាំងមូល​​បាននិងកំពុង​ប្រឈមចំពោះ​ការប្រែប្រួល​អាកាស​ធាតុដែលបង្កជាការឡើងកម្តៅ​នៃ​ភពផែនដី ការកើនឡើងនីវ៉ូទឹកសមុទ្រ និងការជ្រាបចូលនៃទឹកប្រៃ (SEA level rise and Salinity intrusion) ដែលនឹងជះឥទ្ធិពលលើជីវិត​ទាំងអស់​ដែលមាន​នៅ​លើភព​ផែនដី ជាពិសេស មនុស្ស សត្វ និងរុក្ខជាតិ​ ដែល​ផលវិបាកនៃការប្រែប្រួលអាកាសធាតុទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ដៃគូពាក់ព័ន្ធ​ ជាពិសេសស្ថាប័នរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាស្វែងរក​ដំណោះស្រាយរួម និងឈានទៅកាត់បន្ថយបានគ្រោះមហន្តរាយធម្មជាតិ​​ទាំងនេះ។
ជាចុងក្រោយ​​ ឯកឧត្តមរដ្ឋមន្ត្រី​​បាន​ប្រគល់ភារកិច្ច​ជូន​ ឯកឧត្តម ប៉ុញ សច្ចៈ​ រដ្ឋលេខាធិការ​ក្រសួង​ធនធាន​​ទឹក និងឧតុនិយម​ ដើម្បី​បន្តកិច្ច​​ពិភាក្សា​​កម្រិតបច្ចេកទេស​ជាមួយ​​ សមាជិក សមាជិកា CREWS, WMO និង​ ADPC ព្រមទាំងសម្របសម្រួលដំណើរទស្សនកិច្ច​សិក្សា​ទៅកាន់ខេត្តត្បូងឃ្មុំ និងប្រទេសឡាវ​ នាពេលបន្ទាប់​ ដើម្បី​​​ស្វែងយល់ និងប្រមូលនូវធាតុចូល​ សំដៅរៀបចំផែនការ​និងស្នើ​គម្រោង​សាកល្បង​ថ្នាក់តំបន់ឱ្យ​ទទួល​បានជោគជ័យ និងផ្លែផ្កាត្រចះត្រចង់ ជាប្រយោជន៍ដល់​ប្រជាជនងាយរងគ្រោះ។
គួរបញ្ជាក់ថា​​ ​ក្រសួងធនធានទឹក និងឧតុនិយម​​ នាពេល​កន្លងមក​​​បានធ្វើ​កិច្ចសហការ​ជាមួយ​​អង្គការ​ CREWS​​ លើគម្រោង​មួយចំនួនដូចជា​៖​ ទី​១)​វគ្គបណ្តុះបណ្តាលមន្ត្រីនាយកដ្ឋានឧតុនិយម និង​នាយកដ្ឋាន​​ជលសាស្ត្រ និង​ការងារទន្លេពីការផលិតផែនទីហានិភ័យគ្រោះរាំងស្ងួត និងទឹកជំនន់ ទី​២)វគ្គ​​បណ្តុះបណ្តាល​ពីការព្យាករ​ធាតុអាកាស ផលប៉ះពាល់និងការផ្តល់ព័ត៌មាន​ជាមុន ទី៣)​វគ្គបណ្តុះ​បណ្តាល​​ពី​ការប្រើ​ប្រាស់​ប្រព័ន្ធគ្រប់គ្រងទិន្នន័យអាកាសធាតុ​និងជលសាស្ត្រ​ និងដំឡើងSoftware ប្រព័ន្ធគ្រប់​គ្រង​​​ទិន្នន័យនៅលើServer នាយកដ្ឋានជលសាស្ត្រ ​និងការងារទន្លេ និង ទី៤)គម្រោង​អភិវឌ្ឍប្រព័ន្ធ​ព្យាករណ៍​ទឹកជំនន់ និងផ្តល់ដំណឹងជាមុននៅអាងស្ទឹងព្រែកត្នោត ស្ទឹងសែន និងស្ទឹងពោធិ៍សាត់៕