អូស្រ្តាលី គាំទ្រយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដោយបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ


ប្រទេសអូស្រ្តាលី បានបង្ហាញឆន្ទះមុះមុត នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសកម្ពុជា ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

លោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្រា្តលី ប្រចាំនៅកម្ពុជា នៅក្នុងជំនួបជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អូស្រ្តាលីបានគាំទ្រចំពោះយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់សុខមាលភាពពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ និងសមភាពយេនឌ័រ ធ្វើកំណែទម្រង់ និងអភិបាលកិច្ច ពង្រឹងវិវិស័យសន្តិសុខ និងការពារជាតិ ជាដើម។

ក្នុងជំនួបដែលធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោកឯកអគ្គរដ្ឋទូត បានថ្លែងការកោតសរសើរដល់កម្ពុជា បានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩១ ទៅជាប្រទេសដែលបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ទៅចូលរួមថែរក្សាសុខសន្តិភាព នៅតាមប្រទេសជាច្រើនលើសកលលោក។

ក្នុងនាមរដ្ឋសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគាំទ្រចំពោះលទ្ធផលពិភាក្សាការងាររវាង លោកឯកអគ្គរដ្ឋទូតអូស្រ្តាលី ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំនៃរដ្ឋាភិបាលប្រទេសទាំងពីរ នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត។ សម្តេច បានគូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរជាទំនាក់ទំនងដ៏ល្អ ប្រែក្លាយពីមិត្តភាពដ៏ជិតស្និទ្ធជាដៃគូយុទ្ធសាស្រ្ត ឈរលើសាមគ្គីភាព មិត្តភាព ការស្មោះត្រង់ និងការយោគយល់គ្នា ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ ក៏ដូចជាការចូលរួមរក្សាការពារសុខសន្តិភាពក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

សម្តេចប្រធានរដ្ឋសភា ក៏ស្នើដល់ប្រទេសអូស្រា្តលី ជួយគាំទ្រដល់គោលដៅអភិវឌ្ឍន៍រដ្ឋសភាកម្ពុជា ទៅជាសភាឌីជីថល ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការងាររដ្ឋសភា ក្នុងការបម្រើផលប្រយោជន៍ប្រជាជន ពលរដ្ឋ និងប្រទេសជាតិ ស្របតាមការរីកចម្រើនសម័យបច្ចេកវិទ្យា។ សម្តេច បានស្នើប្រទេសអូស្រ្តាលី ជួយបណ្តុះបណ្តាលបច្ចេកវិទ្យា និងផ្តល់អាហារូបករណ៍ ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា បានទៅសិក្សានៅប្រទេសអូស្រ្តាលី។

លោក Justin Kevin Whyatt បានគាំទ្រការលើកឡើងរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងបានគូសបញ្ជាក់ថា មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា អាចដាក់ពាក្យស្នើសុំអាហារូបករណ៍ដែលរដ្ឋាភិបាលអូស្រ្តាលី តែងតែផ្តល់ជូនកម្ពុជា ជារៀងរាល់ឆ្នាំ។ ដូចគ្នានេះ អាហារូបករណ៍ឆ្នាំ២០២៥ នឹងប្រកាសជាផ្លូវការ នាពេលខាងមុខ ស្ថានទូតអូស្រ្តាលីប្រចាំនៅភ្នំពេញ នឹងរង់ចាំធ្វើកិច្ចសហការជាមួយ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា។

លោកបានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អនៃរដ្ឋសភាប្រទេសទាំងពីរ ដែលបានគាំទ្រគ្នាទៅវិញទៅមក នៅតាមវេទិកាអន្តរសភានានា ក្នុងនោះថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា ធ្លាប់អញ្ជើញទៅចូលរួមកិច្ចប្រជុំ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) នៅប្រទេសអូស្រ្តាលី ហើយថ្នាក់ដឹកនាំសភាអូស្រ្តាលី ក៏ធ្លាប់បានមកចូលរួមកិច្ចប្រជុំនៅកម្ពុជាផងដែរ ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់ប្រទេសអូស្រ្តាលី ដែលតែងតែជួយគាំទ្រកម្ពុជា នៅគ្រប់កាលៈទេសៈ មានតាំងពីការស្វែងរកសន្តិភាព និងបានចូលរួមអភិវឌ្ឍនៅកម្ពុជាយ៉ាងសកម្ម នៅលើគ្រប់វិស័យចាប់ពីឆ្នាំ១៩៩៣ មក៕