សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២៤


នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២៤ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង នៅរសៀលថ្ងៃចន្ទទី២២ ខែមករា ឆ្នាំ២០២៤ នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបងខេត្តបាត់ដំបង។

ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង,ឧត្តមសេនីយ៍ឯក ឯក សំអូន មេញ្ជាការរងកងទ័ពជើងគោក
ជាមេញ្ជាការយោធភូមិភាគទី៥ និងអ្នកពាក់ព័ន្ធចូលរួមជាច្រើនទៀត។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បានណែនាំដល់អាជ្ញាធរដែនដី សមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ ការលំបាកក្នុងជីវភាពរស់នៅរបស់បងប្អូន ក្រុមគ្រួសារអតីតយុទ្ធជនឱ្យបានល្អថែមទៀត ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល មេឃុំ ចៅសង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួនណាម្នាក់ឱ្យកាន់ការងារអតីតយុទ្ធជននិងក្តាប់ស្ថានភាពជីវភាពរស់នៅរបស់បងប្អូនអតីយុទ្ធជន ឱ្យបានច្បាស់លាស់ ដើម្បីធានាថា គ្រួសារអតីតយុទ្ធជនទទួលបាននូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីប្រមុខរាជរដ្ឋាភិបាល ពីព្រោះការលះបង់សាច់ស្រស់ឈាមស្រស់របស់បងប្អូនអតីតយុទ្ធជន មានគុណបំណាច់មិនអាចកាត់ថ្លៃបានឡើយ ចំពោះប្រជាជនកម្ពុជាក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ ។

នាយឧត្តមសេនីយ៍ គន់ គីម ក៏បានណែនាំឱ្យសមាគមអតីតយុទ្ធជនខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ព្រមទាំងអាជ្ញាធរដែនដី និងមន្ទីរ-អង្គភាពដែលមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវឧស្សាហ៍ចុះជួប និងក្ដាប់បញ្ហាតម្រូវការនានា របស់បងប្អូនគ្រួសារអតីតយុទ្ធជន ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ជាពិសេសកិច្ចការផ្ដល់សេវាសាធារណៈ សេវាតម្រូវការជូនបងប្អូន ឱ្យបានល្អប្រសើរ តួយ៉ាងនៅក្នុងការប្រើប្រាស់ប័ណ្ណ ប.ស.ស ក្នុងការទៅពិនិត្យ និងព្យាបាលជំងឺនៅ តាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ និងនៅក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗទៀត ដែលជាប្រយោជន៍សម្រាប់គ្រួសារអតីតយុទ្ធជន៕