នាយឧត្តមសេនីយ៍ ស ថេត ដាក់ចេញការងារសំខាន់ៗមួយចំនួនដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន និងស្នងការនគរបាលរាជធានី-ខេត្ត សំដៅបន្ដការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម


(ភ្នំពេញ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពី អគ្គស្នងការរង ប្រធាននាយកដ្ឋានកណ្ដាល ប្រធាននាយកដ្ឋាន និងស្នងការនគរបាលរាជធានី-ខេត្តទាំងអស់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធាននាយកដ្ឋាន និងស្នងការនគរបាលរាជធានី-ខេត្ត ដែលសម្រេចលទ្ធផលបានយ៉ាងល្អប្រសើរនាពេលកន្លងមក។ នាយឧត្តមសេនីយ៍ ក៏បានឯកភាពតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ដែលបានលើកឡើងក្នុងកិច្ចប្រជុំនៅពេលនេះ លើគ្រប់ផ្នែក និងអង្គភាពទាំងអស់។

ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានលើកឡើងអំពីព្រឹត្តិការណ៍សំខាន់ៗ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកុម្ភៈនេះ រួមមាន៖ បុណ្យចូលឆ្នាំចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកុម្ភៈ, ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៥ ខែកុម្ភៈ និងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយត្រូវការពារសន្ដិសុខ សណ្ដាប់ធ្នាប់ឲ្យបានជោគជ័យ១០០ភាគរយ។

ដើម្បីធានាដល់សុខសន្ដិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយជូនដល់ប្រជាពលរដ្ឋ នាយឧត្តមសេនីយ៍ ស ថេត បានដាក់ចេញនូវការណែនាំសំខាន់ៗមួយចំនួន ដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន ប្រធាននាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដូចខាងក្រោម៖

*ទី១៖ ការងារសន្ដិសុខ៖ ត្រូវបន្ដទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទកុំឲ្យកើតមាននៅលើទឹកដីប្រទេសកម្ពុជា, ម្ចាស់ការទប់ស្កាត់បង្ក្រាបក្រុមដែលមានឧបាយកលជ្រុលនិយម ដោយត្រូវក្ដោបក្ដាប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ហើយត្រូវការពារឲ្យខាងតែបាននូវរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ការពារសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលខិតខំកសាង, ជំរុញស្រាវជ្រាវបង្ក្រាបបទល្មើស ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងបន្ដពង្រឹងសមត្ថភាពភ្នាក់ងារសន្ដិសុខឯកជន ដែលជាកម្លាំងជំនួយដ៏សំខាន់ដល់នគរបាលជាតិ។

*ទី២៖ ការងារប្រឆាំងបទល្មើស៖ នាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ត្រូវវាយតម្លៃការបម្រែបម្រួលបទល្មើសឡើងវិញ ខណៈការបង្ក្រាបសម្រេចបានរហូតដល់ជាង៩០ភាគរយ ដែលជាតួលេខមួយដ៏ល្អនៃប្រតិបត្តិការរបស់សមត្ថកិច្ច។ ខិតខំបង្ក្រាបបទល្មើសដែលនៅសេសសល់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលខេត្ត ដែលមានព្រំដែនជាប់គ្នា។

ចំពោះបទល្មើសគ្រឿងញៀន ត្រូវបន្ដខិតខំស្រាវជ្រាវបង្ក្រាប បង្ការទប់ស្កាត់ និងជំរុញការអនុវត្តផែនការយុទ្ធនាការ។ ពង្រឹងទប់ស្កាត់ បង្ការការងារប្រឆាំងការជួញដូរមនុស្ស និងបង្កើនកិច្ចសហការល្អដើម្បីសង្គ្រោះជនរងគ្រោះ។ ទប់ស្កាត់ និងបង្ការក្មេងទំនើងដែលបង្កអសន្ដិសុខ សណ្ដាប់ធ្នាប់នៅក្នុងសង្គម។

*ទី៣៖ ការងារសណ្ដាប់ធ្នាប់សាធារណៈ និងចរាចរណ៍៖ ត្រូវរឹតបន្ដឹងការអនុវត្តច្បាប់ ត្រួតពិនិត្យជាតិស្រវឹង ប្រកបដោយភាពទទួលខុសត្រូវ ទន់ភ្លន់ និងម៉ឺងម៉ាត់ សំដៅទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង ហើយជនបង្ករត់គេចខ្លួន ត្រូវខិតខំស្រាវជ្រាវដើម្បីឈានដល់ការចាប់ខ្លួនជនបង្កយកមកចាត់វិធានការតាមច្បាប់។ ការត្រួតពិនិត្យរថយន្ដធុនធ្ងន់ ត្រូវបន្ថែមនូវការត្រួតពិនិត្យរកសារធាតុញៀនលើអ្នកបើកបរ ហើយត្រូវមានកម្លាំងអន្ដរាគមន៍ដើម្បីជួយដល់សមត្ថកិច្ចនគរបាលចរាចរណ៍។

ការងារអគ្គិភ័យ កន្លងទៅទទួលបាននូវការកោតសរសើរពីប្រជាពលរដ្ឋ ប៉ុន្ដែត្រូវជំរុញ និងបង្កើននូវការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សំដៅបង្ការគ្រោះថ្នាក់ជាយថាហេតុ ហើយត្រូវចូលរួមម្ចាស់ការដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ព្រោះនៅពេលមានហេតុការណ៍បន្ដិចបន្ទួចអាចគ្រប់គ្រងបាន។ ករណីនេះ នាយកដ្ឋានជំនាញ ត្រូវពិនិត្យមើលដែលកន្លងមកមានជនខិលខូចដើរលក់បំពង់អគ្គិភ័យ។

*ទី៤៖ ការងារព្រំដែន៖ បន្ដគ្រប់គ្រងកម្លាំងដែលឈរជើង ផ្គត់ផ្គង់ជម្រក ហូបចុក ហ្វឹកហ្វឺន និងបង្កើនការល្បាតរួមគ្នា ពង្រឹងវិន័យ។ លើសពីនេះ ត្រូវបន្ដចុះសួរសុខទុក្ខកងកម្លាំងឈរជើង ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយក៏ត្រូវបញ្ជ្រាបឲ្យកងកម្លាំងជួរមុខយល់ដឹងអំពីច្បាប់ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន។

*ទី៥៖ ការងារសេនាធិការ៖ តាមដាន និងចាត់វិធានការការអនុវត្តជាគោលការណ៍ ព្រមទាំងដាក់ចេញជាផែនការយុទ្ធសាស្ដ្រប្រចាំឆ្នាំ, ត្រៀមប្រធានបទចូលរួមសន្និបាតចូលរួមរបស់ក្រសួងមហាផ្ទៃ, ត្រៀមខ្លឹមសារខួបកំណើតនគរបាលជាតិ។ ពង្រឹងការងារប្រចាំបញ្ជា និងអន្ដរាគមន៍ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕