អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំប្រទេសចំនួន៦រូប ដើម្បីពង្រឹងកិច្ចសហការប្រតិបត្តិការ


នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ព្រះរាជាណាចក្របែលហ្ស៊ិក ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Wopke Hoekstra ស្នងការអឺរ៉ុបទទួលបន្ទុក សកម្មភាពអាកាសធាតុ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានទទួលស្គាល់អំពីសារៈសំខាន់ នៃតម្រូវការឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងអាស៊ាន និងសហភាពអឺរ៉ុប ក្នុងវិស័យបម្រែបម្រួលអាកាសធាតុ។ ភាគីទាំងពីរក៏បានពិភាក្សារកវិធីដើម្បីពង្រឹង កិច្ចសហការក្នុងវិស័យបម្រែបម្រួលអាកាសធាតុ តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការនានា ដើម្បីជាប្រយោជន៍សម្រាប់តំបន់ទាំងពីរ។

នៅរសៀលថ្ងៃព្រហស្បតិ៍ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយលោក Koen Doens  អគ្គនាយក International Partnership។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានទទួលស្គាល់ពីភាពជាដៃគូយ៉ាងជិតស្និទ្ធ រវាងអាស៊ាន និងសហភាពអឺរ៉ុប ជាពិសេស ការគាំទ្ររបស់សហភាពអឺរ៉ុប សម្រាប់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ការពង្រឹងសមត្ថភាពលេខាធិការដ្ឋានអាស៊ាន និងការពង្រឹងការតភ្ជាប់អាស៊ានជាដើម។

ភាគីទាំងពីរក៏បានសង្កត់ធ្ងន់អំពីតម្រូវការធ្វើឱ្យប្រសើរឡើងនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប តាមរយៈកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍នានា ទូទាំងសសរស្តម្ភទាំងបីនៃសហគមន៍អាស៊ាន។

នៅរសៀលថ្ងៃព្រហស្បតិ៍ដដែល ឯកឧត្តមបណ្ឌិត កៅ គឹមហួន ប​ន្តជួបពិភាក្សាការងារជាមួយលោក Janez Lenarčič ស្នងការអឺរ៉ុបទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ។

កិច្ចពិភាក្សាបានផ្តោតលើមធ្យោបាយដែលអាចទៅរួចមួយចំនួន ដើម្បីពង្រើងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុប ក្នុងវិស័យគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ ព្រមទាំងការកែលម្អ សមត្ថភាពនៃមជ្ឈមណ្ឌល សម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)។

នៅរសៀលថ្ងៃព្រហស្បតិ៍ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Valdis Dombrovskis ស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវសារៈសំខាន់ នៃកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសគ្រប់ជ្រុងជ្រោយ (CATA) ដែលគួរតែត្រូវជំរុញដើម្បីបង្កើនទំហំពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនជាដើម។ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងតំបន់ និងតំបន់ និងផលប្រយោជន៍នៃកិច្ចព្រមព្រៀងនោះ ចំពោះភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប។

នៅល្ងាចថ្ងៃព្រហស្បតិ៍ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយបណ្ឌិត Constantinos Kombos រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋស៊ីប។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានបង្ហាញអំពីតម្រូវការក្នុងការពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងស៊ីប តាមរយៈកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលជាប្រយោជន៍រួម ទាំងទ្វេភាគី និងតាមរយៈក្របខណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប ដើម្បីជំរុញទំនាក់ទំនងទៅដល់កម្រិតថ្មីមួយទៀត។

នៅល្ងាចថ្ងៃព្រហស្បតិ៍ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយលោក Xavier Bettel រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអភិវឌ្ឍអឺរ៉ុប និងពាណិជ្ជកម្មបរទេសលុចសំបួ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីតម្រូវការក្នុងការបង្កើនទំនាក់ទំនងរវាងអាស៊ាន និងលុចសំបួ តាមរយៈវិស័យនានាដែលជាប្រយោជបន៍ទៅវិញទៅមក ក៏ដូចជា វិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនជាដើម៕