មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កំពុងធ្វើយុទ្ធនាការជម្រុញឲ្យមន្ត្រីសាលាខណ្ឌ សង្កាត់ ក្នុងរាជធានីភ្នំពេញ ចូលរួមអនុវត្តការលើកកម្ពស់សុខុមាលភាពប្រជាជន ដូចជាការធ្វើអោយមានអនាម័យលើចំណីអាហារតាមភោជនីដ្ឋាន ឬតាមកន្លែងលក់ដូរនានា ។
យុទ្ធនាការនេះ ស្របពេលដែលកម្ពុជាកំពុងរងអាកាសធាតុក្តៅក្រហែង និងរងការហុយពីធូលីដីតាមកន្លែងមួយចំនួនក្នុងខណ្ឌ ដែលញុំាងអោយមានការព្រួយបារម្ភពីបញ្ហាអនាម័យនិងសុខភាព ។ យុទ្ធនាការជម្រុញ ការលើកកម្ពស់សុខុមាលភាពប្រជាជនក្នុងរាជធានីរបស់មន្ទីរសុខាភិបាល នៅថ្ងៃនេះបានធ្វើឡើងនៅ សាលាខណ្ឌពោធិ៍សែនជ៏យ ដោយមានការចូលរួម ពីអនុប្រធានសុខាភិបាលរាជធានីភ្នំពេញ…. អភិបាលខណ្ឌ ពោធិ៍សែនជ័យ មន្ត្រីសាលាខណ្ឌ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធនានា ប្រមាណ១០០នាក់ ។
អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ បានមានប្រសាសន៍ថា សាលារាជធានីភ្នំពេញ បាននឹងកំពុងអនុវត្តយ៉ាងសកម្ម នូវកម្មវិធីសុខមាលភាព រាជធានី និងធ្វើការតាមដានការអនុវត្តន៍សុខមាលភាពជាប្រចាំ នៅតាមទីផ្សារ កន្លែងធ្វើការ សង្កាត់ សាលារៀន មន្ទីរពេទ្យ និងលំដ្ឋាន ដើម្បីរួមចំណែក លើកកម្ពស់សុខភាពនិងលក្ខខណ្ឌជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ លោកបានស្នើ មន្ត្រីថ្នាក់ក្រោមជាតិទាំងអស់ ចូលរួមអនុវត្តនូវកម្មវិធីសុខមាលភាពនេះដោយបានជាប្រចាំ ។