មន្ត្រីកសិកម្មឃុំចំនួន ២៥០នាក់ ទទួលការបណ្តុះបណ្តាល ដើម្បីត្រៀមខ្លួនបំពេញតួនាទី និងផ្តល់សេវាគាំទ្រកសិកម្មដល់កសិករ


ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូង សម្រាប់មន្ត្រីកសិកម្មឃុំក្របខ័ណ្ឌឆ្នាំ២០២៣ ចំនួន ២៥០នាក់ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកកម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះ ជាការស្វាគមន៍ជាផ្លូវការ ចំពោះមន្ត្រីកសិកម្មឃុំទាំង២៥០នាក់ និងការចាប់ផ្តើមនូវវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូង ដែលមានរយៈពេល៤ថ្ងៃ ដើម្បីឲ្យមន្ត្រីថ្មី ត្រៀមខ្លួនបំពេញតួនាទី និងផ្តល់សេវាគាំទ្រកសិកម្មដល់កសិករឲ្យបានល្អ និងមានប្រសិទ្ធភាព។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការបណ្តុះបណ្តាល គឺមាន៣ប្រភេទ ទី១៖ ការបណ្តុះបណ្តាលតម្រង់ទិស, ទី២៖ ការបណ្តុះបណ្តាលស៊ីជម្រៅលើប្រធានបទសំខាន់ៗ ផ្អែកតាមតម្រូវការឃុំនីមួយៗ និងទី៣៖ គឺរៀនពីការអនុវត្តជាក់ស្តែងដែលនឹងធ្វើឡើងរៀងរាល់ ២-៣ខែម្តង។

ឯកឧត្តម នុត ច័ន្ទសុខា បានចូលរួមអបអរសាទរ និងស្វាគមន៍ចំពោះប្អូនៗ មន្ត្រីកសិកម្មឃុំ ដែលបានប្រឡងជាប់ជាស្ថាពរ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាមួយគ្នានេះដែរ ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ជំរុញ និងអភិវឌ្ឍន៍វិស័យ កសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយអាទិភាពចំនួន៦ ដោយក្នុងនោះអាទិភាពទី៥ និងទី៦ គឺជួយដល់ការអភិវឌ្ឍវិស័យកសិកម្ម រួមមាន ១៖ ការលើកស្ទួយផលិតកម្មកសិកម្ម ទីផ្សារ និងស្ថិរភាពតម្លៃកសិផល ២៖ ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដើម្បីបង្ខិតការផ្តល់សេវា ឲ្យកាន់តែជិតកសិករ និង៣៖ ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។

លើសពីនេះទៀត ឯកឧត្តមបានមានមតិផ្តាំផ្ញើ និងអនុសាសន៍សម្រាប់ក្មួយៗជាមន្ត្រីកសិកម្មឃុំទាំង២៥០នាក់ ត្រូវយកចិត្តទុកដាក់រៀនសូត្រ គោរពពេលវេលា យកចំណេះជំនាញទៅបម្រើប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព ត្រូវរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ និងត្រូវមានការសហការល្អ ក្នុងការអនុវត្តការងារ។ ចំពោះគ្រូឧទ្ទេស ត្រូវយកចិត្តទុកដាក់ផ្តល់ចំណេះដឹង បទពិសោធន៍ ដល់មន្ត្រីថ្មីទាំង ២៥០នាក់ និងបើកឱកាសក្នុងការចូលរួមមតិយោបល់ ទស្សនៈ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។

សូមជម្រាបជូនថា ការជ្រើសរើសមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ សរុបគឺ ១៦០០នាក់ ដែលចែកចេញជា ៣ដំណាក់កាល គឺឆ្នាំ២០២៣ ចំនួន ២៥០នាក់ ដែលបានជ្រើសរើស និងកំពុងទទួលវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៤ ចំនួន ៨០០នាក់ និងឆ្នាំ២០២៥ ចំនួន ៥៥០នាក់៕