រដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពផ្លូវ-ស្ពានមួយចំនួន នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម និងខេត្តព្រៃវែង


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពផ្លូវ-ស្ពានមួយចំនួន នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម និងខេត្តព្រៃវែង ដែលផ្លូវចំនួនរងការខូចខាត ហើយក៏បានចាត់វិធានការជួស និងសាងសង់ផ្លូវថ្មី ជូនប្រជាពលរដ្ឋធ្វើដំណើរផងដែរ។

ក្នុងបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រីបានចុះទៅពិនិត្យផ្លូវបេតុងមួយខ្សែប្រវែង ៤,៣២០ម៉ែត្រ តភ្ជាប់ពីភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ទៅភូមិទួលឃ្លាំង ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលផ្លូវនេះបានទទួលរងការខូចខាត ដោយសារបាក់ច្រាំងទន្លេប្រវែង១២០ម៉ែត្រ។ ដើម្បីការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវដែលរងការខូចខាតនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានសម្រេចសាងសង់ផ្លូវវាងថ្មីមួយទៀត ប្រវែង១,៥០០ម៉ែត្រ ដើម្បីជំនួសខ្សែផ្លូវដែលរងការខូចខាតនេះ។

ឯកឧត្តមរដ្ឋមន្រ្ដីបានទៅពិនិត្យការដ្ឋានស្ថាបនា ស្ពានចំនួន៣កន្លែង៖
* ស្ពានទី១ (ស្ពានអណ្តូងប្រេង) ស្ថិតលើផ្លូវ TK1 មានប្រវែង៣៨,១២ម៉ែត្រ និងទទឹង៨ម៉ែត នៅក្នុងភូមិបឹងកណ្តាល ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដោយសម្រេចបាន៨៥%។

* ស្ពានទី២ (ស្ពានព្រែកសណ្ដាយ) ស្ថិតលើផ្លូវ TK1 មានប្រវែង៣០ម៉ែត្រ និងទទឹង៨ម៉ែត្រ នៅក្នុងភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយសម្រេចបាន៨៦%។

* ស្ពានទី៣ (ស្ពានអុងជឺ) ស្ថិតលើផ្លូវ TK2 មានប្រវែង៧២,១៥ម៉ែត្រ និងទទឹង៨ម៉ែត្រ នៅក្នុងភូមិកំពង់ឪជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយសម្រេចបាន៨៤%។

ស្ពានទាំង៣កន្លែងនេះបានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ហើយគ្រោងនឹងដាក់ឱ្យប្រពលរដ្ឋប្រើប្រាស់ នៅមុនពេលចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ គម្រោងស្ថាបនានេះ ស្ថិតក្នុងក្របខណ្ឌគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ជំហាន២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

ឯកឧត្តមរដ្ឋមន្រ្ដីបានបន្តដំណើរទៅត្រួតទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវ របស់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលធន់នឹងអាកាសធាតុស្ថិតក្នុងខេត្តព្រៃវែង​ ដែលមានការចូលរួមពីសំណាក់លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង។

ខ្សែផ្លូវទាំង ២ខ្សែនោះរួមមាន៖

ខ្សែផ្លូវទី១៖ (ភូមិក្ដឿងរាយ ទៅសាលាស្រុកកញ្រ្ជៀច) មានប្រវែង៧,២៥គីឡូម៉ែត្រ ស្ថិតក្នុងស្រុកកញ្រ្ជៀច ខេត្តព្រៃវែង លាតសន្ធឹងឆ្លងកាត់ឃុំចំនួនពីរគឺឃុំក្ដឿងរាយ និងឃុំកញ្រ្ជៀចស្ថិតក្នុងស្រុកកញ្រ្ជៀច ដោយបែកចេញពីផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) របស់គម្រោងកែលម្អរផ្លូវជនបទជំហានទី៣ (RRIP-III) ត្រង់ចំណុចភូមិក្ដឿងរាយ ស្ថិតក្នុងឃុំក្ដឿងរាយ ភ្ជាប់ទៅនឹងផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) លេខ387A ត្រង់ភូមិប្រស្រែមុខ ស្ថិតក្នុងឃុំកញ្រ្ជៀច (ទីរួមស្រុកកញ្រ្ជៀច)។ ផ្លូវនេះនឹងត្រូវស្ថាបនាជាផ្លូវ ក្រាលបេតុងកម្រាស់២០សង់ទីម៉ែត្រ ដែលមានទទឹងខ្នងលើ៨ម៉ែត្រ (ទទឹងផ្ទៃរងចរាចរណ៍៦ម៉ែត្រ និងចឹញ្ចើមផ្លូវ១ម៉ែត្រសងខាង ជាប្រភេទក្រួសក្រហម)។

ខ្សែផ្លូវទី២៖ (ពីភូមិព្រៃដើមថ្នឹង ទៅភូមិកោងទន្លេលើ) មានប្រវែង១០.៤៣គីឡូម៉ែត្រ ស្ថិតក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ផ្លូវនេះស្ថាបនាជាប្រភេទផ្លូវកម្រាលបេតុងកម្រាស់១៥សង់ទីម៉ែត្រ ទទឹងខ្នងលើសរុប៧ម៉ែត្រ (ទទឹងចរាចរណ៍ក្រាលបេតុង៦ម៉ែត្រ និងចញ្ចើមផ្លូវ០.៥ម៉ែត្រ សងខាងជាប្រភេទក្រួសក្រហម)។ ក្រុមហ៊ុនទទួលកិច្ចសន្យាសាងសង់ គឺក្រុមហ៊ុនកូរ៉េ ឈ្មោះ អុិលស៊ុង-គុមហូចញវេនឈ័រ (Ilsung-Kumho Joint Venture) បច្ចុប្បន្នដំណើរការស្ថាបនាម្រេចបានប្រមាណ៩០%។

ខ្សែផ្លូវនេះលាតសន្ធឹងឆ្លងកាត់ឃុំចំនួនពីរ គឺឃុំព្រៃដើមថ្នឹង និងឃុំល្វេ ស្ថិតក្នុងស្រុកស៊ីធរកណ្ដាល ដោយបែកចេញពីផ្លូវកៅស៊ូពីរជាន់ (DBST) ផ្លូវលេខ៣១១១ ត្រង់ចំណុចទីរួមស្រុកស៊ីធរកណ្ដាល ភ្ជាប់ទៅផ្លូវ បេតុងស្របនឹងមាត់ទន្លេតូច ស្ថិតក្នុងឃុំល្វេ និងភ្ជាប់ជាមួយផ្លូវក្រាលកៅស៊ូរពីជាន់ (DBST) ឆ្ពោះទៅកាន់ទីរួមស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ និងស្រុកកោះសូទិន នៃខេត្តកំពង់ចាម៕