សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រទេសមានធនធានមនុស្សច្រើន បង្កើនភាពប្រកួតប្រជែង​ជំរុញកំណើនសេដ្ឋកិច្ចជាតិ ខណៈការផ្ដល់ឱកាស និងរៀបគោលនយោបាយត្រូវ កូនខ្មែរមានសមត្ថភាពប្រជែងអន្តរជាតិ


(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ប្រសិនបើប្រទេសមួយមានធនធានមនុស្សដែលមានសមត្ថភាពកាន់តែច្រើន នឹងជួយបង្កើនភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ខណៈដែលកម្ពុជាជាប្រទេសងើបចេញពីសង្គ្រាមរ៉ាំរ៉ៃ ប៉ុន្តែអាចប្រកួតប្រជែង និងទទួលបានជ័យលាភីជាបន្តបន្ទាប់ទាំងក្នុងតំបន់ និងពិភពលោក ការផ្ដល់ឱកាស និងដាក់ទិសដៅត្រូវ គោលនយោបាយត្រូវនោះយុវជនខ្មែរមានសមត្ថភាពប្រកួតប្រជែងអន្តរជាតិបាន។

ការលើកឡើងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិត ជាង ៥ពាន់នាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «មនុស្សម្នាក់មានសមត្ថភាព មានគុណភាព មានគុណវុឌ្ឍិ និងចំណេះដឹង មានភាពបត់បែន មានភាពប្រកួតប្រជែង ប្រទេសដូចគ្នា បើសិនជាប្រទេសមួយមានធនធានមនុស្សច្រើន មានមូលធនមនុស្សកាន់តែច្រើន សុខភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋយើងកាន់តែច្រើន ទីមួយបង្កើនភាពប្រកួតប្រជែងរបស់យើង…!»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ប្រទេសកម្ពុជា ប្រកាន់របបទីផ្សារសេរី និងសមាហរណកម្មនៅក្នុងពិភពលោក យើងត្រូវមានការប្រកួតប្រជែង គឺគេមិនផ្តល់ឱ្យយើងដោយ Free Free នោះទេ។ ដូច្នេះដើម្បីប្រកួតប្រជែងបានដោយស្មើរភាពកម្ពុជា ត្រូវការធនធានមនុស្ស ដែលអាចជំរុញសេដ្ឋកិច្ចជាតិ និងការប្រកួតប្រជែងបាន។

«ហើយធនធានមនុស្សទាំងលើទាំងក្រោម ពីថ្នាក់ដឹកនាំជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ទាំងប្រជាពលរដ្ឋនៅគ្រប់វិស័យទាំងអស់ ហើយការប្រកួតប្រជែងនេះគឺងាយស្រួលជាងមុន»។ នេះជាការបន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

សម្តេចធិ​បតី ហ៊ុ​ន ម៉ាណែត ក៏បានរំលឹកឡើងថា ប្រទេសកម្ពុជា ទើបងើបចេញពីភ្លើងសង្គ្រាមស៉ីវិល ជាង២៥ឆ្នាំ បើក្រឡេកមើលពីទសវត្សរ៍៦០ និង៧០ កម្ពុជា ជាប្រទេសមួយដែលមានសេដ្ឋកិច្ចជឿនលឿន ជាប្រទេសមួយចំនួននៅក្នុងតំបន់ ប៉ុន្តែ ដោយសារតែកម្ពុជាបានជួបនូវវិបត្តិសង្គ្រាមស៉ីវិល ទើបធ្វើឱ្យដំណើរការអភិវឌ្ឍប្រទេសខកខាន។

ក្រោយបបញ្ចប់សង្គ្រាមស៉ីវិល ប្រទេសកម្ពុជា គ្មានធនធានមនុស្សទៀតនោះទេ ដោយបញ្ញវ័ន្តអ្នកចេះដឹងត្រូវបានកាប់សម្លាប់ស្ទើរទាំងស្រុង ដោយរបបខ្មែរ ក្រហម ប៉ុន្តែ បន្ទាប់ពីទទួលបានសន្តិភាពពេញលេញ កម្ពុជា បានបន្តរងទណ្ឌកម្មសេដ្ឋកិច្ចផង តែរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងកសាងប្រទេសជាតិពីគំនរផេះ ដោយបបានកសាងធនធានមនុស្ស រហូតធ្វើឱ្យប្រទេសកម្ពុជា មានលទ្ធភាពប្រកួតប្រជែងបាន បើទោះបីមិនទាន់ប្រទេសជិតខាងក៏ដោយ តែគម្លាតកាន់ឃ្លាតទៅ។

បន្ថែមពីនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ធំបំផុត គឺធនធានមនុស្ស កត្តាគម្លាតខួរក្បាល ងាយបិតជាងគម្លាតហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យារឹង ចំណេះដឹង គឺជាអំណាច មានសមត្ថភាពអាចដឹកនាំជីវិត ឱ្យមានភាពរឹងមាំ ដើម្បីអភិវឌ្ឍប្រទេសជាតិ។

សម្តេចធិបតី ហ៊ុន បានបញ្ជាក់ថា «ខណៈកម្ពុជាជាប្រទេសងើបចេញពីសង្គ្រាមរ៉ាំរ៉ៃ ប៉ុន្តែអាចប្រកួតប្រជែង និងទទួលបានជ័យលាភីជាបន្តបន្ទាប់ទាំងក្នុងតំបន់ និងពិភពលោក។ ការផ្ដល់ឱកាស ហើយដាក់ទិសដៅត្រូវ គោលនយោបាយត្រូវ យើងនឹងមានសមត្ថភាពប្រកួតប្រជែងអន្តរជាតិបាន»

សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងថា កាលមុនកូវីដ១៩ គឺ២០ឆ្នាំក្រោយពីបញ្ចប់សង្គ្រាម សេដ្ឋកិច្ចកម្ពុជាបានស្ថិតក្នងចំណោមសេដ្ឋកិច្ចដើរលឿនជាងគេ ១០ប្រទេស នៅលើពិភពលោក ក្នុងកំណើនជាង ៧% ក្នុងមួយឆ្នាំ ដែលនេះជាឧទាហរណ៍ បង្ហាញថា កម្ពុជាអាចបិទគម្លាតសេដ្ឋកិច្ចជាមួយប្រទេសដទៃ ប្រសិនមានឱកាស ដែលឱកាសធំបំផុតរបស់កម្ពុជា គឺបានពីសុខសន្តិភាព។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សន្តិភាព ធ្វើឱ្យកម្ពុជាមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កសាងធនធានមនុស្ស ដែលអាចឱ្យយើងរីកចម្រើនបាន និងឈានទៅដល់ការប្រកួតប្រជែងជាមួយគេ (បរទេស)។ ធនធានយើងក៏មិនអន់ដែរ នៅពេលមានឱកាស។ ឥឡូវយើងឃើញនិស្សិត សិស្សរបស់យើងចេញទៅប្រកួតប្រជែងនៅក្រៅប្រទេស ក្រុមហ៊ុន វិស័យឯកជន អង្គការរបស់យើង ចេញប្រកួតប្រជែង បានរង្វាន់នៅថ្នាក់តំបន់ ថ្នាក់ពិភពលោក សិស្សរបស់យើងចេញប្រកួត Robot (មនុស្ស/គ្រឿងយន្ត) បង្កើតគំនិតនវានុវត្តន៍ បានជោគជ័យ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ធ្លាប់បានលើកឡើងថា ការលើកកម្ពស់ជីវភាពប្រជាជនក៏ជាគោលដៅធំរបស់រាជរដ្ឋាភិបាល។ គោលដៅនៃការអប់រំ គឺមាន៤ ឬហៅថា «ចតុស្ដម្ភ» ពោលគឺអប់រំមនុស្សឱ្យក្លាយជាពលរដ្ឋល្អ មានសីលធម៌ រស់នៅប្រកបដោយសុខដុមរមនា អប់រំមនុស្សឱ្យចេះដឹង មានចំណេះ ជំនាញ យល់អំពីស្ថាន​ភាពជុំវិញខ្លួន អាចសម្រេចចិត្តដោយគ្រប់ជ្រុងជ្រោយ រៀនដើម្បីចេះធ្វើ បង្កើតជំនាញបំនិន ដើម្បីធ្វើការងារបានពិតប្រាកដ។ នេះជាគោលដៅនៃការអប់រំ មិនមែនតែដើម្បីជំនាញរឹងមួយមុខនោះទេ តែក៏ដើម្បីជំនាញទន់ផងដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ដោយមានយុទ្ធសាស្ត្រទី១ ផ្ដោតជាចម្បងលើការ​អភិវឌ្ឍមូល​ធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្មកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិប្រកបដោយបរិយាបន្ន និងភាពធន៕