ប្រមុខការទូតកម្ពុជា បំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា ជូនលោកស្រី ឯកអគ្គរដ្ឋទូតគុយបា ដែលបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា


កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានបំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា ជូនលោកស្រី Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ដើម្បីជាការថ្លែងអំណរគុណ និងទទួលស្គាល់ចំពោះការរួមចំណែកដ៏សកម្មរបស់លោកស្រី ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងសាធារណរដ្ឋគុយបា ក្នុងអាណត្តិកន្លងមក។

ឯកឧត្តម សុខ ចិន្តាសោភា បានសម្តែងនូវសេចក្ដីថ្លែងអំណរគុណ និងបានគូសបញ្ជាក់អំពីសម្ទុះនៃការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងរវាង ប្រទេសទាំងពីរ ព្រមទាំងបានរំលឹកឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានកោតសរសើរផងដែរ ចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងកម្ពុជា និងគុយបាលើវិស័យផ្សេងៗ រួមទាំង វិស័យកសិកម្ម សុខាភិបាល ពាណិជ្ជកម្ម ការវិនិយោគ និងកីឡា៕