នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ ដែលបានចេញព្រះរាជក្រឹត្យផ្តល់គោរមងារជូន


នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូននាយឧត្តមសេនីយ៍។

នៅក្នុងសារលិខិត នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត បានថ្លែងថា «ទូលព្រះបង្គំជាខ្ញុំ និងភរិយា មានសេចក្តីរំភើបរីករាយឥតឧបមា សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយនូវសេចក្ដី ថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងថ្វាយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឬទ័យត្រាស់បង្គាប់ផ្ដល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ដល់ទូលព្រះបង្គំជាខ្ញុំជា «កិត្តិសង្គហបណ្ឌិត» តាមព្រះរាជក្រឹត្យលេខ នស/រកត/០២២៤/១៧៨ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមសម្ដែងថ្វាយនូវកតញ្ញូកតវេទិតាធម៌ដ៏ស្មោះស្ម័គ្របំផុតចំពោះ ព្រះរាជហឬទ័យ និងព្រះរាជសកម្មភាពរបស់ព្រះអង្គ ដែលតែងតែយាងចុះសាកសួរសុខទុក្ខដល់ប្រជានុរាស្ត្រនៅតាមបណ្តារាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។

ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតសាជាថ្មីម្តងទៀត លើកហត្ថប្រណម្យបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក គុណព្រះរតនត្រ័យកែវទាំងបី ឫទ្ធិបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងទសបារមីទេវតាថែរក្សាឆ្នាំថ្មី សូមព្រះអង្គតាមជួយបីបាច់ ថែរក្សា និងប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ ព្រមទាំងព្រះរាជវង្សានុវង្ស សូមព្រះអង្គទ្រង់ប្រកបដោយពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»