ថ្ងៃចុងក្រោយយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា! ឯកឧត្តម ឃួង ស្រេង ដឹកនាំបិទយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា នៅខណ្ឌព្រែកព្នៅ


ក្រោយបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា ដែលបានប្រព្រឹត្តទៅអស់រយៈពេល១៤ថ្ងៃ (១០-២៣ កុម្ភៈ) រួចមក នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ឃួង ស្រេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានដឹកនាំបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅក្នុងមូលដ្ឋានរបស់ខ្លួន។

យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០-២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។ ខណៈនៅថ្ងៃទី២៤ ខែកុម្ភៈស្អែកនេះ ជាថ្ងៃស ដែលតម្រូវឲ្យបណ្ដាគ្រប់គណបក្សនយោបាយទាំងអស់រក្សាភាពស្ងប់ស្ញាត់។

យោងតាមការជូនដំណឹងជាប្រចាំថ្ងៃរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ៣៖០០រសៀល នៅតាមការិយាល័យបោះឆ្នោតទាំង ៣៣ ចំណុះឲ្យភូមិភាគទាំង៨។ ដើម្បីស្វែងរកបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត សូមចូលតាមតំណភ្ជាប់ www.nec.gov.kh/khmer/content/7450