ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តបើកវគ្គបណ្ដុះបណ្ដាលជូនជំនួយការហិរញ្ញវត្ថុដ្ឋបាលឃុំសង្កាត់នៅខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ


ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានបន្តចុះបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំសង្កាត់» ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ចំនួន១១៨ នាក់ ដើម្បីពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត សឹង រេត អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

ជាកិច្ចស្វាគមន៍ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងថា គិតមកទល់ពេលនេះមានរយៈពេលប្រមាណ ២ឆ្នាំហើយ ដែលរដ្ឋបាលឃុំសង្កាត់មានជំនួយការហិរញ្ញវត្ថុ ជាសេនាធិការដល់មេឃុំ ចៅសង្កាត់ លើការងាររៀបចំរបាយការណ៍ហិរញ្ញវត្ថុ, ការរៀបចំផែនការ និងគម្រោងថវិកាប្រចាំឆ្នាំ គ្រប់គ្រង ពិនិត្យ និងតាមដានការអនុវត្តថវិកា។

ឯកឧត្តម អ៊ុំ រាត្រី បន្ថែមថា បើទោះបីជាជំនួយការហិរញ្ញវត្ថុ ជាមន្ត្រីដែលមានចំណេះដឹងលើការងារហិរញ្ញវត្ថុ ដែលត្រូវបានជ្រើសរើសឡើងតាមការប្រឡងក្តី ក៏តាមរយៈលទ្ធផលនៃការអនុវត្តការងារកន្លងមកឃើញថា មន្រ្តីទាំងនោះនៅមិនទាន់មានបទពិសោធន៍លើការងាររដ្ឋបាលឃុំសង្កាត់ និងលើទិដ្ឋភាពបច្ចេកទេសខាងគណនេយ្យសាធារណៈ និងថវិកានៅឡើយ ពិសេសពួកគាត់នៅមិនទាន់យល់ច្បាស់អំពី ការរៀបចំឯកសារគណនេយ្យ ការកត់ត្រាកិច្ចបញ្ចិកាគណនេយ្យ និងការទូទាត់ចំណាយរជ្ជទេយ្យបុរេប្រទានជាដើម ដែលទាមទារនូវការបណ្តុះបណ្តាលបន្ថែមទៀត។

នាឱកាសនោះដែរឯកឧត្តមបណ្ឌិត សឹង រេត បានឱ្យដឹងដែរថា បច្ចុប្បន្នការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានឈានដល់ដំណាក់កាលទី៤ (២០២៣-២០២៧) គឺ គណនេយ្យភាព សមិទ្ធកម្ម ជាដំណាក់កាលចុងក្រោយ និងត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៣កន្លងទៅនេះ។ ក្នុងដំណាក់កាលទី៤នេះ, សិទ្ធិអំណាច ភាពជាម្ចាស់ និង ការទទួលខុសត្រូវកាន់តែច្រើនទ្បើង ត្រូវបានផ្ទេរទៅក្រសួងស្ថាប័ន និងមន្ទីរអង្គភាពជំនាញក្រោមឱវាទ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំ និងការអនុវត្តថវិកាកម្មវិធីពេញលេញ និងអង្គភាពថវិកា។

ការណ៍នេះទាមទារឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀត លើការពង្រឹងពង្រីកសមត្ថភាព និង ជំនាញវិជ្ជាជីវៈដល់មន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈរបស់ខ្លួនសំដៅបង្កើតបាននូវធនធានដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើសិទ្ធ មានភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តការងារ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការលើមុខងារបណ្តុះបណ្ដាល និងវិក្រឹតការ តែងបានយកចិត្តទុកដាក់ខ្ពស់លើការកសាង និងការអភិវឌ្ឍសមត្ថភាព ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទាំងនៅថ្នាកជាតិ និងថ្នាក់មូលដ្ឋាន ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅចូលរួមចំណែកដល់ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យសម្រេចបានជោគជ័យ។

ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ជាតួអង្គដ៏សំខាន់នៅរដ្ឋបាលឃុំសង្កាត់ ដោយហេតុថា ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ត្រូវបានបំពាក់តួនាទី និង ភារកិច្ចស្នូលជាច្រើន ដូចជារជ្ជទេយ្យករបុរេប្រទាន, រជ្ជទេយ្យករចំណូល, ភ្នាក់ងារបើកផ្ដល់, ជំនួយការមេឃុំចៅសង្កាត់ក្នុងការរៀបចំផែនការ និង គម្រោងថវិកាប្រចាំឆ្នាំ ព្រមទាំងពិនិត្យ គ្រប់គ្រង និងតាមដានការអនុវត្តថវិកាជាដើម ដែលតួនាទី និងភារកិច្ចទាំងនេះ ចាំបាច់ត្រូវទទួលបានការបណ្ដុះបណ្ដាល និងវិក្រឹតការ ដើម្បីពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈ។

ក្នុងន័យនេះកម្មវិធីបណ្ដុះបណ្ដាលដែលត្រូវបានសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពពាក់ព័ន្ធនាពេលនេះ ពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការកសាង និងការអភិវឌ្ឍសមត្ថភាពជូនមន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្តោតការយកចិត្តទុកដាក់លើប្រធានបទសំខាន់ៗ ដូចជា នីតិវិធីនៃការរៀបចំ និងអនុវត្តថវិកា, នីតិវិធីរជ្ជទេយ្យបុរេប្រទាន និងកិច្ចបញ្ជិកា, នីតិវិធីរជ្ជទេយ្យចំណូល និងកិច្ចបញ្ជិកា, កិច្ចលទ្ធកម្មសាធារណៈ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលជាមុខងារភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ សំដៅលើកកម្ពស់ផលិតភាព និង ប្រសិទ្ធភាពការងារ ជាពិសេសឆ្លើយតបនឹងតម្រូវការរដ្ឋបាលឃុំសង្កាត់ សម្រាប់ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះមិនត្រឹមតែរួមចំណែកដល់ការគាំទ្រ និងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យសម្រេចគោលដៅដែលបានកំណត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងមូលធនមនុស្ស ដែលរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម, ពោរពេញដោយសមត្ថភាព, ចំណេះដឹង, បទពិសោធ, និងថាមពល បានបន្តចាត់ទុកជាអាទិភាពខ្ពស់បំផុត នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។

ឯកឧត្តមបណ្ឌិតអនុរដ្ឋលេខាធិការ បានគូសរំលេចបន្ថែមថា ស្ថិតក្នុងបរិការណ៍វិវត្តនៃបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល, រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅតាមក្រសួងស្ថាប័ន ដើម្បីជំរុញតម្លាភាព សង្គតិភាព ភាពត្រឹមត្រូវ និងទាន់ពេលនៃព័ត៌មាន និងទិន្នន័យហិរញ្ញវត្ថុ សម្រាប់ការវិភាគ ការព្យាករ និង ការសម្រេចចិត្ត ប្រកបដោយប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ។

ការណ៍នេះ តម្រូវឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាំបាច់ត្រូវបន្តពង្រឹង ពង្រីកសមត្ថភាពបន្ថែមទៀត ជូនដល់មន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលឃុំសង្កាត់ លើជំនាញពាក់ព័ន្ធសម្រាប់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្របទៅនឹងការប្រែប្រួលតម្រូវការសមត្ថភាពធនធានមនុស្ស សម្រាប់អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងបរិការណ៍នៃការវិវឌ្ឍយ៉ាងលឿននៃបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល៕