ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា បន្តអនុវត្តកម្មវិធីកំណែទម្រង់ បង្កើតគំនិតច្នៃប្រឌិត និងនវានុវត្តន៍ថ្មីៗបន្ថែមទៀត ដើម្បីកសាងស្នាដៃ និងឈានទៅសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះបណ្ឌិត្យសភានគរបាលកម្ពុជាពីវឌ្ឍនភាព លទ្ធផល នៃអង្គសន្និបាត និងសមិទ្ធផលធំៗជាច្រើនដែលសម្រេចបាន ៨១,៧៤% នៃផែនការក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ទោះបីជាជួបវិបត្តិជំងឺកូវីដ១៩ក៏ដោយ។

ការវាយតម្លៃរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរូបនេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ (២០១៩-២០២៣) ការប្រកាសឱ្យប្រើផែនការយុទ្ធសាស្ត្រដំណាក់កាលទី៣ (២០២៤-២០២៨) និងការសម្ភោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានារបស់បណ្ឌិត្យសភានគរបាលកម្ពុជា។ នៅក្នុងពិធិនេះក៏មានការចូលរួមពីលោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, តំណាងអង្គពាក់ព័ន្ធ នានា ព្រមទាំងថ្នាក់ដឹកនាំ សាស្រ្តចារ្យ គ្រូនគរបាលជាតិ មន្រ្តី និស្សិតនគរបាលនៃបណ្ឌិត្យសភាប្រមាណ១,០០០នាក់។

ស្ថិតក្នុងឱកាសនេះ នាយឧត្ដមសេនីយ៍សាស្ដ្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងថា លទ្ធផលការងារដែលសម្រេចជោគជ័យនេះ គឺដោយសារតែមានការឧបត្ថម្ភគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍ ជាអគ្គស្ថាបនិកដ៏ឆ្នើម នៃសន្តិភាព និងជាអតីតនាយរដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ព្រមទាំងមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, ការខិតប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាលជាតិ និងមន្ដ្រីនៃបណ្ឌិត្យសភា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានការប្ដេជ្ញាចិត្ត ឆន្ទៈមោះមុត និងមានការចូលរួមចំណែកយ៉ាងសកម្មពីសប្បុរសជននានាផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា បានកាត់ខ្សែបូសម្ភោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីៗរបស់បណ្ឌិត្យសភា និងមានប្រសាសន៍ទៅកាន់អង្គសន្និបាតដោយបានសម្ដែងនូវការគាំទ្រ កោតសរសើរ និងវាយតម្លៃខ្ពស់លើ សមិទ្ធផលដែលសម្រេចបាន ព្រមទាំងបានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាល និងមន្រ្តីទាំងអស់ដែលបានរួមសាមគ្គីគ្នា យកអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីជំរុញឱ្យបណ្ឌិត្យសភាកាន់តែមានកិត្យានុភាព ឧត្ដមភាព និងការជឿទុកចិត្តទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ ព្រមទាំងមានលក្ខណសម្បត្តិស្របតាមស្ដង់ដាគុណភាពដែលបានកំណត់។

បន្ថែមលើនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានបញ្ជាក់ថា ក្រសួងមហាផ្ទៃនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រដល់កម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យបានគ្រប់គ្រាន់ ក្នុងជួរកងកម្លាំងនគរបាលជាតិ ឱ្យមានសមត្ថភាពនិងជំនាញវិជ្ជាជីវៈពិតប្រាកដ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរជូនជាតិនិងប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យបណ្ឌិត្យសភា បន្តអនុវត្តកម្មវិធីកំណែទម្រង់ បង្កើតនូវគំនិតច្នៃប្រឌិតនិងនវានុវត្តន៍ថ្មីៗបន្ថែមទៀត ដើម្បីកសាងស្នាដៃនិងឈានទៅសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការផលិតចេញនូវមូលធនមនុស្សប្រកបដោយសក្ដានុពល ស្របតាមផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ និងតម្រូវការរបស់អង្គភាពប្រើប្រាស់កងកម្លាំង។

នៅទីបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត បានប្រគល់ប័ណ្ណសរសើរបណ្ឌិត្យសភានគរបាលកម្ពុជា និងអង្គភាពចំណុះចំនួន២០ប័ណ្ណ ដើម្បីជាការលើកទឹកចិត្ត ព្រមទាំងប្រកាសដាក់ឱ្យប្រើផែនការយុទ្ធសាស្រ្តដំណាក់កាលទី៣ រយៈពេល៥ឆ្នាំបន្ត (២០២៤-២០២៨)របស់បណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ៕