ឯកឧត្តម ហ៊ុន ម៉ានិត អំពាវនាវអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋឲ្យរួមគ្នាលុបបំបាត់ល្បែងស៊ីសង និងគ្រឿងញៀន


ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានអំពាវនាវអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងស្រុកចំការលើ ឲ្យរួមគ្នាលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ និងគ្រឿងញៀន ដើម្បីកសាងសង្គមឲ្យមានសណ្នាប់ធ្នាប់ និងមានសុភមង្គមក្នុងគ្រួសារ។

ឯកឧត្តម ហ៊ុន ម៉ានិត បានលើកឡើងដូច្នេះ ក្នុងឱកាសចូលរួមសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តវង្សគត់បូរីសេរីភ្នំពេញ (ហៅវត្តសេរីភ្នំពេញថ្មី) ស្ថិតនៅភូមិដូនបុស ឃុំចំការអណ្តូងស្រុកចំការលើខេត្តកំពង់ចាម។

ឯកឧត្តម ហ៊ុន ម៉ានិត បានលើកឡើងថា ដើម្បីឆ្លើយតបទៅនិងវិធានការប្រយុទ្ធប្រឆាំងល្បែងស៊ីសងខុសច្បាប់ និងគ្រឿងញៀន ដែលស្ថិតក្នុងយុទ្ធសាស្ត្របញ្ចកោណ ជាកម្មវិធីនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺគ្មានការលេងល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន និងគ្នានការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ជាដាច់ខាត។

ឯកឧត្តមឧត្តមសេនីយ៍ឯក បានបន្តថា អាជ្ញាធរក្នុងមូលដ្ឋានដែលមានលោកមេឃុំ មេប៉ុស្តិ៍ ត្រូវសហការគ្នា ចុះទៅបង្រ្កាបរាល់ការបើកលួចលាក់លេងល្បែងស៊ីសង ដូចជា ជល់មាន់ ឡូតូ និងចាក់ឆ្នោតវៀតណាម ត្រូវធ្វើការជាប្រចាំថ្ងៃ ប្រចាំខែ កុំឲ្យកើតមានល្បែងស៊ីសងបន្តមានទៅទៀត។

ជាមួយគ្នានោះ ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ សូមចូលរួមធ្វើជាភ្ងាក់ងារសម្ងាត់ ចាំរាយការណ៍មកកាន់ លោកមេភូមិ មេឃុំ និងប៉ូលីសប៉ុស្តិ៍ ដើម្បីចុះទៅបង្រ្កាបឲ្យបានទាន់ពេលវេលាផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានិត បានលើកឡើងបន្ថែមថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលដឹងខ្លួនឯងលេងល្បែង សុំឲ្យបញ្ឃប់លេងបន្តទៅទៀត ព្រោះថាការលេងល្បែងស៊ីសងគ្នានផលចំណេញសម្រាប់គ្រួសារនោះទេ ផ្ទុយទៅវិញ វាបានបំផ្លាញសុភមង្គលក្នុងគ្រួសារដោយសារ តែញៀនល្បែង និងអាចបង្កទៅជាជម្លោះក្នុងគ្រួសារ ព្រោះតែល្បែងស៊ីសងនេះផងដែរ៕