ប្រទេសដីកោះវានូអាទូ គាំទ្រភាពជាប្រធានរបស់កម្ពុជា នៃអនុសញ្ញាអូតាវ៉ា និងជូនពរឱ្យដំណើរការ នៃការរៀបចំកិច្ចប្រជុំកំពូលនេះទទួលបានជោគជ័យ


នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត Henry Savarimuthu អគ្គកុងស៊ុល នៃសាធារណរដ្ឋវានូអាទូ (Vanuatu) ប្រចាំទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត Henry Savarimuthu អគ្គកុងស៊ុលវានូអាទូប្រចាំទីក្រុងគូឡាឡាំពួ បានសម្តែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានទទួលបានការជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ កំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤។

ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ប្រទេសដីកោះវានូអាទូ បានសម្តែងការគាំទ្រភាពជាប្រធានរបស់កម្ពុជា និងជូនពរឱ្យដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូលនេះទទួលបានជោគជ័យ។ ប្រទេសដីកោះវានូអាទូ គ្រោងនឹងចូលរួមកិច្ចប្រជុំ UNESCAP លើកទី៨០ នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងខែមេសា ឆ្នាំ២០២៤ និងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសដីកោះវានូអាទូ ក្នុងភាពជាប្រធានរបស់កម្ពុជា និងការចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរខាងមុខ។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា ក្នុងភាពជាប្រធាន បំណងប្រាថ្នារបស់កម្ពុជា គឺចង់ឃើញតំបន់ប៉ាស៊ីហ្វិកទាំងមូល ជាតំបន់គ្មានមីន ដែលកម្ពុជាកំពុងខិតខំប្រឹងប្រឹងកៀរគរឱ្យមានការចូលរួមពីប្រទេសដីកោះចំនួន ៣ទៀត រួមមាន៖ ប្រទេសតុងហ្កា កោះម៉ាសល់ និងមីក្រូណេស៊ី ដែលមិនទាន់ក្លាយជារដ្ឋភាគី ឱ្យក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ដើម្បីក្លាយជាតំបន់ប៉ាស៊ីហ្វិកគ្មានមីន។

ឯកឧត្តមបណ្ឌិតបានបន្តទៀតថា ការកៀរគរនេះ បាននឹងកំពុងធ្វើឡើងតាមរយៈកិច្ចប្រជុំ UNESCAP វេទិកាកោះប៉ាស៊ីហ្វិក កិច្ចប្រជុំពាក់ព័ន្ធ និងការស្វែងរកកិច្ចសហប្រតិបត្តិការនិងការគាំទ្រពីប្រទេសជាមិត្ត ជាដើម។

ក្នុងឱកាសនោះផងដែរឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់អគ្គកុងស៊ុលប្រទេសដីកោះវានូអាទូថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងកសាងនៅប្រទេសកម្ពុជាថ្មីមួយដែលពោរពេញដោយសុខសន្តិភាព និងសុវត្ថិភាព ព្រមទាំងបានបង្កើតនូវយន្តការ និងឱកាសវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ការទាក់ទាញ និងសម្រួលដល់អ្នកវិនិយោគិនមកពីគ្រប់ទិសទីជុំវិញពិភពលោក ដើម្បីជាឧត្តមប្រទេសជាតិ និងប្រជាជនកម្ពុជា៕