អភិបាលខេត្តកំពត ជំរុញអ្នកអនុវត្តគម្រោងកែលម្អសួនច្បារមាត់ព្រែក និងឆ្នេរខ្សាច់កម្សាន្តពីស្ពានចាស់ ទៅស្ពានថ្មី នៃក្រុងកំពត សម្រុកធ្វើឱ្យបានឆាប់រហ័ស ដើម្បីទទួលស្វាគមន៍អ្នកទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី


ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានជំរុញឱ្យក្រុមការងារអនុវត្តគម្រោងកែលម្អសោភាពក្រុងកំពត ពិសេសតំបន់សួនច្បារមាត់ព្រែក និងឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានឥន្ទធនូ (ស្ពានចាស់ និងស្ពានថ្មី) សម្រុកធ្វើឱ្យបានរួចរាល់ឆាប់រហ័ស ដើម្បីបើកទទួលស្វាគមន៍អ្នកទេសចរ នាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

ការជំរុញបែបនេះរបស់ឯកឧត្តមអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំមន្ត្រីមន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងពន្លឿនការស្ថាបនាឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានឥន្ទធនូ ពីស្ពានចាស់ដល់ស្ពាន់ថ្មី, ការដ្ឋានស្ថាបនារូបសំណាកសេះសមុទ្របាញ់ទឹកកម្ពស់៨ម៉ែត្រ និងពិនិត្យវឌ្ឍនភាពនៃការសាងសង់ពង្រីកសួនកម្សាន្តត្រីផ្សោត ស្ថិតក្នុងក្រុងកំពត នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានដាក់ចុះនូវយន្តការ និងគោលការណ៍ជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត រៀបចំកែលម្អសោភណ្ឌភាព បង្កើតកន្លែងកម្សាន្ត ពិសេសអភិវឌ្ឍន៍កែលម្អបន្ថែម នៅតាមតំបន់ទេសចរណ៍នានាក្នុងភូមិសាស្ត្ររបស់ខ្លួន ធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញភ្ញៀវទេសចរ។

ដោយឡែក សម្រាប់ខេត្តកំពត ក្រៅពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រដ្ឋបាលខេត្តមានគម្រោងកែលម្អសោភ័ណភាពក្រុងជាច្រើន ដោយបែងចែកទៅតាមដំណាក់កាលនីមួយៗ ធ្វើឱ្យក្រុងកំពត ប្រែមុខមាត់ថ្មី រហូតមកដលើបច្ចុប្បន្ន រដ្ឋបាលខេត្តបាននឹងកំពុងខិតខំដុតដៃដុតជើង ក្នុងការសម្រេចគម្រោងពង្រីកសួនកម្សាន្តត្រីផ្សោត និងរូបសំណាក សេះសមុទ្រ មុខសាលាខេត្តចាស់ ឱ្យរួចរាល់មុនថ្ងៃចូលឆ្នាំថ្មីខាងមុខនេះ។ ពិសេសរដ្ឋបាលខេត្ត ក៏កំពុងតែជំរុញឱ្យក្រុមការងារស្ថាបនាឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានឥន្ទធនូ និងស្ពាន់ថ្មី ត្រូវចាប់ផ្តើមរៀបចំកែលម្អឱ្យបានស្អាត ហើយនឹងអាចឱ្យភ្ញៀវទេសចរចូលកម្សាន្តបាន ពេលចូលឆ្នាំថ្មីខាងមុខនេះ រិតតែប្រសើរថែមទៀត។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា គម្រោងស្ថាបនាឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានចាស់ និងស្ពានថ្មី ដែលមានប្រវែងជាង ៦០០ម៉ែត្រ ត្រូវរៀបចំឱ្យមានផ្លូវ សួនកម្សាន្ត ចំណតរថយន្ត និងឆ្នេរខ្សាច់ងូតទឹកព្រែក និងលេងកីឡាលើទឹកផ្សេងៗ ដោយសារទឹកព្រែកកំពង់បាយនេះ មានសភាពស្អាត វាមានប្រភពមកពីតំបន់ទំនប់វារីអគ្គីនីកំចាយ។ ចំពោះតំបន់ឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានចាស់និងស្ពានថ្មី គឺជាបេះដូងនៃក្រុងកំពតទៅថ្ងៃខាងមុខ ពេលមានព្រឹត្តិការណ៍ធំៗ នឹងត្រូវរៀបចំនៅទីនោះ។ ម្យ៉ាងទៀតពេលឆ្នេរនេះ ស្ថាបនារួចរាល់១០០% ភ្ញៀវទេសចរមកលេងនៅតែក្នុងក្រុងកំពតក៏សប្បាយម្យ៉ាងដែរ ព្រោះមានទូកទេសចរណ៍ មានសួនច្បារមាត់ព្រែកជាង១គីឡូម៉ែត្រ សម្រាប់អង្គុយលម្ហែមើលថ្ងៃលិច មានរូបសំណាកសេះសមុទ្របាញ់ទឹកកម្ពស់៨ម៉ែត្រ សម្រាប់ថតរូបអនុស្សាវរី មានឆ្នេរខ្សាច់ងូតទឹកកម្សាន្ត និងសកម្មភាពកីឡាលើទឹកជាដើម។

ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត នឹងរំពឹងដែរថា សម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ទេសចរនឹងមកលេងខេត្តកំពតច្រើនជាងឆ្នាំមុនៗ ខណៈដែលសមិទ្ធផលទេចរណ៍ជាច្រើន បាននឹងកំពុងត្រៀមរួចរាល់សម្រាប់ស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តសប្បាយនៅខេត្តកំពតមួយនេះ៕