ប្រធានរដ្ឋសភាថៃ នឹងមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា រយៈពេល៣ថ្ងៃ ចុងសប្តាហ៍នេះ


តបតាមការអញ្ជើញរបស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, លោក វ៉ាន់មូហាម៉ាត់ណ មថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភាថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។

នៅក្នុងកំឡុងពេលទស្សនកិច្ចនេះ លោក វ៉ាន់មូហាម៉ាត់ណ មៈថា នឹងចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបដែរថា លោក វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភាថៃ នឹងជួបសវនាការ និង ពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ នឹងអញ្ជើញចូលរួមក្នុងពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌននៃសាសនាឥស្លាមកម្ពុជា លើកទី៨ ផងដែរ៕