ក្រសួងសាធារណការ បើកកិច្ចប្រជុំក្រុមការងារវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក


លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យ លើសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងក្រសួងមហាផ្ទៃ និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៤ ដោយអង្គប្រជុំបានឯកភាព លើសេចក្តីព្រាងចាស់ដែលបានឆ្លង គ.ស.ច.គ រួច និងបានបញ្ជូនទៅ ហើយត្រូវបានបញ្ជូនត្រឡប់មកវិញពីទីស្តីការគណៈរដ្ឋមន្រ្តី កាលពីចុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាល ដើម្បីពិនិត្យលើចំណុចដែលត្រូវកែសម្រួលឲ្យស្របតាមការវិវត្តរីកចម្រើននៃសង្គម និងសេដ្ឋកិច្ច រក្សាបានល្អនូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍របស់ជាតិ។

អង្គប្រជុំបានសម្រេចឯកភាពគ្នា លើការកែសម្រួលចំណុចទី៧ នៃមាត្រា៧ ដើម្បីធានាកុំឱ្យមានការបិទបាំងយានជំនិះប៉ះពាល់ ដល់ការមើលឃើញរបស់អ្នកបើកបរ និងសមត្ថកិច្ច។ បានកែសម្រួលបញ្ចូលមាត្រា៥៤ ទៅក្នុងមាត្រា៥២ តែមួយ នៅក្នុងជំពូកទី៩ ដើម្បីធានាដល់ការធ្វើអាជីវកម្មដឹកជញ្ជូនប្រកបដោយតម្លាភាពងាយគ្រប់គ្រងលើសុវត្ថិភាពចរាចរណ៍ និងការប្រមូលពន្ធចូលថវិកាជាតិ និងបំពេញបន្ថែមតួនាទីភារកិច្ចរបស់មន្រ្តីនគរបាលយុត្តិធម៌នៃក្រសួងសាធារណការ និងដឹកជញ្ជូន ធានាកុំឱ្យមានការត្រួតភារកិច្ចជាមួយសមត្ថកិច្ចផ្សេងទៀត និងការកំណត់ទោសទណ្ឌ ឱ្យបានច្បាស់លើអ្នកប្រើភ្លើង និងទូរស័ព្ទ​ យានជំនិះល្មើសច្បាប់។

បន្ទាប់ពីកិច្ចប្រជុំនេះក្រុមការងារសិក្សា និងវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ នឹងដាក់ឆ្លងថ្នាក់ដឹកនាំក្រសួងសាធារណការ​ និងដឹកជញ្ជូន​ ដើម្បីសុំការសម្រេចរបស់គ.ស.ច.គ ដើម្បីបន្តនីតិវិធីសុំការអនុម័ត ជាស្ថាពរឱ្យឆាប់ក្នុងការទប់ស្កាត់​ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាពខ្ពស់៕