រសៀលនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងសុខាភិបាល


នៅរសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០​២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតី​បិទ​សន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងសុខាភិបាល។

វិស័យសុខាភិបាល គឺជាការងារដ៏អាទិភាពដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បា​ន​យកចិត្តទុកដាក់ខ្ពស់បំផុតតាំងពីពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស ហើយបន្តរហូតមក​ដល់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត។ ការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យល្អប្រសើរ ការផ្តល់សេវា​សុខា​ភិបាលល្អប្រសើរជូនដល់អ្នកជំងឺ គឹជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំ​ដោយ​​សម្តេចធិបតី។

ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល គឺជាគោលនយោបាយ​អា​ទិ​ភាព​​ទី១ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់​ចេញ​។ តាមរយៈគោលនយោបាយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានគោលដៅធានាឱ្យប្រជាពលរដ្ឋ​ប្រ​មា​ណ ៩លាននាក់ ទទួលបានសេវាសុខាភិបាលល្អប្រសើរនៅពេលមានជំងឺ។

មកដល់ពេលបច្ចុប្បន្ននេះ តាមរយៈរបបសន្តិសុខសង្គម និង មូលនិធិសមធម៌សុខាភិបាលគ្រប់​ដណ្តប់​លើប្រជាពលរដ្ឋចំនួន ៦,៨លាននាក់ ក្នុងនោះមានសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ទាំងរបបកាតព្វកិច្ច និងរបបស្ម័គ្រចិត្តមានចំនួន ២លាន ១សែននាក់, មូលនិធិសមធម៌សម្រាប់ប្រជាជន នៃគ្រួសារងាយរងហានិភ័យចំនួន ៤៩ម៉ឺនគ្រួសារ ស្មើនឹង ១លាន ៨សែននាក់, មូលនិធិសមធម៌​ប្រជា​ជន​សម្រាប់​ប្រជាពលរដ្ឋគ្រួសារក្រីក្រ (ក្រ១ និងក្រ២) មានចំនួន៧០ម៉ឺនគ្រួសារ ដែលមានប្រជាជន​ចំនួន​ ២លាន ៨សែននាក់ និងបានពង្រីកនូវការគ្របដណ្តប់របបសន្តិសុខសង្គម ជូនដល់ក្រុមប្រជាជន​នៅក្នុង​សេដ្ឋកិច្ចក្រៅប្រព័ន្ធជាង ១០ម៉ឺននាក់ផងដែរ។

ដើម្បីសម្រេចបានគោលនយោបាយផ្តល់សេវាសុខាភិបាលល្អប្រសើរជូនប្រជាពលរដ្ឋ ក្រសួងសុខាភិ​បាល គឺជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង និងអនុវត្តន៍លើកិច្ចការនេះ។

ក្រសួងសុខាភិបាលដឹកនាំដោយលោក ម៉ម ប៊ុនហេង ក្នុងនីតិកាលចាស់ និងបន្តដឹកនាំ​ដោយ​លោក ឈាង រ៉ា ក្នុងនីតិកាលថ្មី បានប្រឹងប្រែងយ៉ាងសកម្ម ដើម្បីសម្រេចមហិច្ឆតាលើកកម្ពស់សុខុមាលភាព​ប្រជាជន និងគុណភាពសេវាសុខាភិបាល ដែលជាបំណងប្រាថ្នារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។

ក្នុងពិធីបើកសន្និបាតនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ក្រសួងសុខាភិបាល បានបង្ហាញឱ្យឃើញនូវ​សមិទ្ធ​ផលជាច្រើន ដែលក្រសួងសម្រេចបាននៅក្នុងឆ្នាំ២០២៣ និងបានដាក់ចេញការងារជាច្រើនទៀត ដើម្បីបន្តសកម្មភាពសម្រាប់ឆ្នាំ២០២៤។

ខាងក្រោមនេះ គឺជាសមិទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៣ និងការងារដែលត្រូវបន្តអនុវត្តន៍សម្រាប់ឆ្នាំ២០២៤៖

+ ការពង្រីកការគ្របដណ្តប់នៃសេវាសុខាភិបាល

* ករណីសរុបពិនិត្យជំងឺក្រៅបានកើនឡើង ២៤ភាគរយ ធៀបនឹងឆ្នាំ២០២២ ក្នុងនោះករណីថ្មីពិនិត្យជំងឺក បានកើនឡើង១៤ភាគរយ។ ៧៧ភាគរយ នៃចំនួនករណីថ្មីសរុបត្រូវបានពិនិត្យនៅមណ្ឌលសុខភាព និង ១១ភាគរយ នៅមន្ទីរពេទ្យជាតិ និងជាង១០ភាគរយទៀតនៅមន្ទីរពេទ្យបង្អែក។
* ចំនួនអ្នកជំងឺសម្រាកពេទ្យបានកើនឡើង២០ភាគរយ ធៀបនឹងឆ្នាំ២០២២ ក្នុងនោះ ៤០ភាគរយ នៅ​មន្ទីរ​ពេទ្យជាតិ ២៤ភាគរយ នៅមន្ទីរពេទ្យបង្អែកកម្រិតបី ១៦ភាគរយ នៅមន្ទីរពេទ្យបង្អែកកម្រិតមួយ និង​ពីរ និង ៥ភាគរយ នៅមណ្ឌលសុខភាពមានគ្រែ។ អត្រាប្រើប្រាស់គ្រែ បានកើនឡើង ១១ភាគរយ រីឯ​អត្រា​ស្លាប់នៅមន្ទីរពេទ្យនៅក្រោម ១ភាគរយ (បានធ្លាក់ចុះ០,១៥ភាគរយ)។

ការពិនិត្យជំងឺក្រៅករណីថ្មី ដែលត្រូវបានបញ្ជូនពីមូលដ្ឋានសុខាភិបាលសាធារណៈថ្នាក់ទាប ទៅមូល​ដ្ឋានសុខាភិបាលថ្នាក់ខ្ពស់ មានចំនួនប្រមាណ ២លាន ៤សែនករណី ក្នុងនោះមានតែ ៤ភាគរយ ប៉ុណ្ណោះ​ ដែលមានលិខិតបញ្ចូន។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រថយន្តគិលានសង្គ្រោះកំពុង​ដំណើរ​ការទូទាំងប្រទេសមានចំនួន ៦១៦គ្រឿង ក្នុងនោះនៅថ្នាក់ជាតិមាន ១១៧គ្រឿង។

+ ការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ និងក្មេងជំទង់/យុវវ័យ និងអាហារូបត្ថម្ភ

ការប្រើប្រាស់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងអាហារូបត្ថម្ភ មានកម្រិតខ្ពស់ ជាងឆ្នាំ២០២២។ រវាងឆ្នាំ២០១៤-២០២២ មរណភាពទារក និងកុមារអាយុក្រោមប្រាំឆ្នាំ សម្រេច បាន គោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ មុនកាលកំណត់៨ឆ្នាំ។ អំឡុងពេលដូចគ្នានេះ អត្រា មរណភាពមាតា បានបន្តធ្លាក់ចុះមកនៅ១៥៤ (ក្នុងទារកកើតរស់ ១០០,០០០នាក់) ប៉ុន្តែនៅខ្ពស់ជាង​គោលដៅចំណុចអន្តរកាលឆ្នាំ២០២០ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០។

អត្រាប្រើប្រាស់មធ្យោបាយពន្យារកំណើតទំនើបណាមួយនៅមូលដ្ឋានសុខាភិបាលសាធារណៈ មាននិន្នា​ការថយចុះពី ២១ភាគរយ មក ១៤ភាគរយរវាងឆ្នាំ២០១៩-២០២៣។ មធ្យោបាយពន្យារកំណើត​ទំនើប​ដែលកំពុងប្រើប្រាស់ភាគច្រើន គឺថ្នាំគ្រាប់ ៥១ភាគរយ បន្ទាប់មកថ្នាំចាក់ ៣០ភាគរយ ឯស្រោមអនាម័យ​មានរង្វង់ ៣ភាគរយ ករណីរំលូត និងរលូតមាននិន្នាការថយចុះ រវាងឆ្នាំ២០២០-២០២២ ប៉ុន្តែ បានកើន​ឡើងវិញប្រមាណ ១៩ភាគរយនៅក្នុងឆ្នាំ២០២៣។

អត្រាពិនិត្យថែទាំគភ៌មុនសម្រាលលើកទី២ បានកើនឡើងពី ៨៨ភាគរយ ដល់ ៩៩ភាគរយ និងលើក​ទី៤ កើនឡើងពី ៦១ភាគរយ ទៅ ៧៥ភាគរយ រវាងឆ្នាំ២០២២-២០២៣។

អត្រាសម្រាលដោយ​បុគ្គលិក​សុខាភិបាលបានកើនឡើងពី ៧៩,០២ភាគរយ ទៅ ៩០,៦២ភាគរយ នៃ​ស្ត្រី​មានគភ៌រំពឹងទុក និងអត្រាសម្រាលនៅមូលដ្ឋានសុខាភិបាលបានកើនឡើងពី ៧៦,៧៨ភាគរយ ទៅ ៨៨,២៣ភាគរយ។ ការសម្រាលនៅមូលដ្ឋានសុខាភិបាលសាធារណៈមានចំនួន ២៩៣,៩២៥នាក់ ឬ​ស្មើ​នឹង ៩៤ភាគរយ នៃចំនួនសម្រាលសរុប ៣០២,០៥៣។

អត្រាសម្រាលដោយវិធីវះកាត់បានកើនឡើងពី ៧,៧១ភាគរយ ទៅ ១០,២៩ភាគរយ នៃចំនួនទារកកើត​រស់។

អត្រាពិនិត្យថែទាំម្តាយ និងទារក ក្រោយសម្រាលលើកទី១ ទី២ ទី៣ និងទី៤ បានកើនឡើង បើធៀប​នឹងឆ្នាំ២០២២។ ទារកកើតស្លាប់ ២,០៨៧នាក់ ក្នុងនោះទារកកើតស្លាប់មុន ២៤ម៉ោង ៤៩២នាក់ និង ទារកស្លាប់កើតចំនួន ២,០២៥នាក់។ ករណីសង្ស័យមរណភាពមាតា ដែលបានរាយការណ៍ពីមូលដ្ឋាន​សុខាភិបាលសាធារណៈមានចំនួន ៩៥ករណី។

អត្រាគ្របដណ្តប់នៃវ៉ាក់សាំងបង្ការជំងឺខាន់ស្លាក់-ក្អកមាន់-តេតាណូស-រលាកថ្លើមប្រភេទបេ-រលាកសួត- រលាកស្រោមខួរ៣លើក លើកុមារអាយុក្រោម១ឆ្នាំ រក្សាបានខ្ពស់លើសពី៩៥ភាគរយ ក្នុងរយៈពេល​៥ឆ្នាំចុងក្រោយ។ អត្រាចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនលើកុមារីអាយុ៩ឆ្នាំ សម្រេចបាន ៩៩ភាគរយ នៃចំនួនកុមារីអាយុ៩ឆ្នាំសរុប។

ការពិនិត្យជំងឺក្រៅករណីថ្មី លើកុមារអាយុក្រោម៥ឆ្នាំ មានចំនួន ២,៤៩៨,៨៤៣ករណី និងកុមារ សម្រាកព្យាបាលមានចំនួន ២០៥,៦៨២នាក់ ក្នុងនោះកុមារ ១,៦៧៥នាក់បានស្លាប់។

អត្រាទារកដែលបានបំបៅដោយទឹកដោះម្តាយ ៧០ភាគរយ ក្នុងមួយឆ្នាំ រវាងឆ្នាំ២០២០ និងឆ្នាំ២០២៣។

+ ការបង្ការ និងការគ្រប់គ្រងជំងឺឆ្លងចម្បងៗ

* ករណីឆ្លងថ្មី នៃមេរោគអេដស៍ក្នុងចំណោមប្រជាជនគ្មានផ្ទុកមេរោគអេដស៍ ១,០០០នាក់ មាននិន្នាការ ងើបឡើងវិញពី០,០៧ នៅឆ្នាំ២០២១ ទៅ ០,០៨ នៅឆ្នាំ២០២២។ តាមការប៉ាន់ស្មានប្រជាជនពេញ វ័យឆ្លងមេរោគអេដស៍មានចំនួន ១,៤០០នាក់ ក្នុងមួយឆ្នាំ។ អ្នកជំងឺអេដស៍ដែល​កំពុងព្យាបាលដោយ​ឱសថប្រឆាំងមេរោគអេដស៍បានកើនឡើងពី ៦៤,៩៣២នាក់ ដល់ ៦៧,៧០៣នាក់ ឬកើនឡើង ៤,០៩ភាគរយ ធៀបនឹងឆ្នាំ២០២២។

* អត្រាស្លាប់ដោយជំងឺរបេងក្នុងប្រជាជន ១០០,០០០នាក់ បានងើបឡើងវិញពី២១ នៅឆ្នាំ២០២១ ទៅ ២៣ នៅឆ្នាំ២០២២ និងប្រជាជនដែលបានចាប់ផ្តើមព្យាបាលបង្ការជំងឺរបេងបានកើនឡើង ៤២​ភាគ​រយ។ អត្រាព្យាបាលជោគជ័យជំងឺរបេងនៅរក្សាបានខ្ពស់លើសពី៩០ភាគរយ ក្នុងរយៈពេល២៣ឆ្នាំ​ជាប់​គ្នា។ ករណីថ្មីជំងឺគ្រុនចាញ់ បានធ្លាក់ចុះពី ៤,០៥៣ករណី នៅឆ្នាំ២០២២ មកនៅ ១,៣៨៤ករណី នៅ ឆ្នាំ​២០២៣ និងករណីស្លាប់ដោយជំងឺគ្រុនចាញ់បានផ្ដើមធ្លាក់ដល់ ០ករណី ចាប់ពីឆ្នាំ២០១៨។ ករណី​ជំងឺគ្រុនឈាមបានកើនឡើងជិត៣ដង និងចំនួនស្លាប់កើនឡើងជិត៥ដង ធៀបនឹងឆ្នាំ២០២២។ រីឯ ករណី​ជំងឺគ្រុនឈីក មានចំនួន ២៣៨ករណី កើតលើមនុស្សគ្រប់វ័យ។

+ ការបង្ការ និងការគ្រប់គ្រងជំងឺមិនឆ្លង/ជំងឺរ៉ាំរ៉ៃ

* ការប្រើប្រាស់សេវាពិនិត្យជំងឺក្រៅ និងសម្រាកព្យាបាលនៃជំងឺមិនឆ្លងចម្បងៗ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺឡើងសម្ពាធឈាម ជំងឺបេះដូងសរសៃឈាម និងអ្នកជំងឺមហារីក បានកើនឡើងគួរឱ្យកត់សម្គាល់។ រវាងឆ្នាំ ២០២២ និង២០២៣៖ ករណីថ្មីជំងឺទឹកនោម​ផ្អែម ដែលបានពិនិត្យនៅមូលដ្ឋានសុខាភិបាល​សា​ធារណៈ និងអ្នកជំងឺសម្រាកពេទ្យបានកើនឡើង ៤២ភាគរយ។

* ការពិនិត្យជំងឺក្រៅករណីថ្មី ជំងឺឡើងសម្ពាធឈាម នៅមូលដ្ឋានសុខាភិបាលសាធារណៈបានកើនឡើង ១២ភាគរយ ឯអ្នកសម្រាកព្យាបាលបានកើនឡើង ៣២ភាគរយ។

* អ្នកជំងឺបេះដូងសរសៃឈាមបានមកពិនិត្យពិគ្រោះជំងឺ មានចំនួន ១២,៤៦១នាក់ និងសម្រាកព្យា​បាលមានចំនួន ១៦,៩៨២នាក់ ក្នុងនោះ អ្នកជំងឺ ១,០២០នាក់ បានទទួលមរណៈភាព។

* អ្នកជំងឺ​មហារីកទាំង​ពីរភេទមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យបានកើនឡើង ៩ភាគរយ (ស្រ្តី ១០, ០៥០នាក់) និង ១១៩នាក់ បានទទួលមរណៈភាព។ ជំងឺមហារីកដែលជួបច្រើនជាងគេ គឺមហារីកដោះ ១៧ភាគរយ បន្តដោយមហារីកមាត់ស្បូន ១១ភាគរយ។ វាងឆ្នាំ២០២២ និងឆ្នាំ២០២៣ ចំនួនស្ត្រី​ដែល​បានធ្វើតេស្ដរកភាពមិនប្រក្រតីនៃកោសិកាមាត់ស្បូន បានកើនឡើង៤ភាគរយ ក្នុងនោះស្ត្រីអាយុពី ៣០-៤៩ឆ្នាំ មានប្រហែល ៨០ភាគរយ។

* ក្នុងឆ្នាំ២០២៣ ករណីពិនិត្យជំងឺផ្លូវចិត្តបានកើនឡើង កើនឡើង ៥ភាគរយ ធៀបនឹងឆ្នាំ២០២២ និងអ្នកជំងឺសម្រាកព្យាបាលបានកើនឡើង ២៤ភាគរយ។

* អត្រាវះកាត់បាយភ្នែកបានកើនឡើងពី ១,៨៤៤ នៅឆ្នាំ២០២២ ទៅ ២,២១៣ ក្នុងប្រជាជន ​១លាន​នាក់ នៅឆ្នាំ២០២៣។

+ ការលើកកម្ពស់គុណភាពសេវាសុខាភិបាល
* នៅក្នុងខែកញ្ញា-តុលា ឆ្នាំ២០២៣ ក្រសួងបានប្រើប្រាស់ឧបករណ៍វាយតម្លៃគុណភាពកម្រិត២ លើក ដំបូង នៅមណ្ឌលសុខភាព ១,២៨១ មន្ទីរពេទ្យបង្អែកកម្រិតមួយ ៦០ មន្ទីរពេទ្យបង្អែកកម្រិតពីរ ៣៨ និងមន្ទីរពេទ្យបង្អែកកម្រិតបី ២១ ពិន្ទុនៃការវាយតម្លៃនេះ នឹងប្រើប្រាស់ ជាតម្លៃដើមគ្រា សម្រាប់ការ តាមដានវឌ្ឍនភាពនៃការកែលម្អគុណភាព នៅពេលវាយតម្លៃលើកក្រោយៗ។

* ការវាយតម្លៃដោយឧបករណ៍កម្រិត២ នៅក្នុងខែកញ្ញា-តុលា ឆ្នាំ២០២៣ មណ្ឌលសុខភាព ១,២៨១ កន្លែង ទទួលបានពិន្ទុជាមធ្យម ៣៨ភាគរយ (ពីពិន្ទុទាបបំផុត ៦,៥៤ភាគរយ ទៅពិន្ទុខ្ពស់បំផុត ៥៥,៩៧ភាគរយ)

* មណ្ឌលសុខភាព ១០ ត្រូវបានជ្រើសរើសជាមណ្ឌលសុខភាពជ័យលាភី ក្នុងការប្រឡងប្រជែង​អង្គ​ភាព ផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៣។

+ ការអភិវឌ្ឍប្រព័ន្ធគាំពារសុខភាពសង្គម

* ប្រជាជនគ្របដណ្តប់ដោយមូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព បានកើនឡើងពី ៣៦,៩៣ភាគរយ នៅឆ្នាំ២០២២ ដល់ ៤៩,៤៣ភាគរយ នៅឆ្នាំ២០២៣។

* សន្ទស្សន៍គ្របដណ្ដប់សេវាសុខភាពនៃការគ្របដណ្ដប់សុខភាពជាសកលកម្ពុជា (UHC health service coverage index) បានកើនឡើងពី ៦០ (រង្វាស់ពី ០-១០០) នៅឆ្នាំ២០១៨ ដល់ ៦៦,៩ នៅឆ្នាំ២០២២។ ចំណាយលើការប្រើប្រាស់តាវកាលិកនៃមូលនិធិសមធម៌ បានកើនឡើង ១១,៣៩ភាគរយ និងចំណាយលើ ការប្រើប្រាស់តាវកាលិក ប.ស.ស បានកើនឡើង ១២៧,២៩ភាគរយ។

* បន្ទុកហានិភ័យនៃចំណាយលើសុខភាពមាននិន្នាការធ្លាក់ចុះ ក្នុងនោះអាំងស៊ីដង់នៃប្រជាពលរដ្ឋដែល ធ្លាក់ខ្លួនក្រីក្រ ដោយសារចំណាយលើសុខភាពបានធ្លាក់ចុះពី ៣,៩៣ភាគរយ នៅឆ្នាំ២០១៩មកនៅ ៣,៥៤ភាគរយ នៅក្នុងអំឡុងពេលដូចគ្នានេះ។ ទិន្នន័យនេះហាក់នៅខ្ពស់ បើប្រៀបធៀបនឹងប្រទេសក្នុង​តំបន់។

+ ការពង្រឹងសមត្ថភាពប្រព័ន្ធសន្តិសុខសុខភាព

យន្តការស្ថាប័ន និងប្រព័ន្ធអង្កេតតាមដាននិងឆ្លើយតបជំងឺឆ្លង និងគ្រោះអាសន្នសុខភាពសាធារណៈ នៅ តែបន្តភាពបុរេសកម្ម សកម្មនិងអន្តរសកម្ម ដោយបន្តគ្រប់គ្រងនិងទប់ស្កាត់បានការឆ្លងរាលដាល នៃជំងឺឆ្លងថ្មី។

* ពិន្ទុសមត្ថភាពស្នូលកម្ពុជាដែលជាតម្រូវការនៃនិយ័តកម្មសុខភាពអន្តរជាតិ (២០០៥) បានកើនឡើង ពី ៤៦ភាគរយ នៅឆ្នាំ២០១៨ ដល់ ៦០ភាគរយ នៅឆ្នាំ២០២២

* ប្រព័ន្ធអង្កេតតាមដានឆ្លើយតបនឹងជំងឺនិងបញ្ហាសុខភាពសាធារណៈ ត្រូវបានពង្រឹង​ជាប្រចាំ​តាមរយៈ ប្រពន្ធ័ទូរស័ព្ទទាន់ហេតុការណ៍លេខ ១១៥ ប្រព័ន្ធរបាយការណ៍សូន្យ ប្រព័ន្ធតាមដានព្រឹត្តិការណ៍សុខ
ភាព និង ប្រព័ន្ធអង្កេតតាមដានជំងឺផ្តាសាយ។

* គុណភាពសេវាមន្ទីរពិសោធន៍ ត្រូវបានពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាព កម្មវិធីវាយតម្លៃ​គុណ​ភាពពីខាង​ក្រៅ និងការរៀបចំដំណើរឆ្ពោះទៅ​រកការទទួលបាននូវវិញ្ញាបនបត្រទទួលស្គាល់គុណភាប។

* ក្នុងឆ្នាំ២០២៣ អំណោយឈាមសរុបបានកើនឡើង២៥ភាគរយ រីឯការផ្គត់ផ្គង់ឈាម និងផលិតផល ឈាមដល់មន្ទីរពេទ្យរដ្ឋ និងឯកជន បានកើនឡើង ៣០ភាគរយ ធៀបនឹងឆ្នាំ២០២២។

* វិធានចត្តាឡីស័កនៅតាមច្រកទ្វារព្រំដែន ត្រូវបានអនុវត្តជាប្រចាំ មន្ត្រីចត្តាឡីស័កក៏បានត្រួតពិនិត្យ យានដឹកជញ្ចូន និងធ្វើអធិការកិច្ចលើមធ្យោបាយដឹកជញ្ជូនផងដែរ។

* ការបង្ការ និងគ្រប់គ្រងជំងឺឆ្លងពីសត្វមកមនុស្ស និងការអង្កេតស្រាវជ្រាវ និងការឆ្លើយតបនឹងការពុល ចំណី​អាហារ ការត្រួតពិនិត្យ តាមដាន និងវាយតម្លៃអនាម័យ និងសុវត្ថិភាពចំណីត្រូវបានពង្រឹង។

* តាមដានភាពសុាំនៃមេរោគនឹងឱសថប្រឆាំងមេរោគ តាមរយៈបណ្តាញ ប្រព័ន្ធព័ត៌មានវិទ្យាមន្ទីរ​ពិសោធន៍ មីក្រូជីវសាស្ត្រចំនួន៩។

សម្រាប់ទិសដៅការងារក្នុងឆ្នាំ២០២៤វិញ ក្រសួងសុខាភិបាល បានដាក់ចេញដូចខាងក្រោម៖

+ ការពង្រីកសេវាសុខាភិបាល

* ពង្រឹងតួនាទីមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់លំដាប់ថ្នាក់ ក្នុងការផ្តល់សេវាថែទាំសុខភាព បឋម

* ពង្រីកសេវាជំងឺមិនឆ្លង សេវាសង្គ្រោះបន្ទាន់ និងសេវាវះកាត់ និងសេវាសារវន្តផ្សេងៗទៀត

* ពង្រឹង ប្រព័ន្ធបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះថ្នាក់ ទាំងក្នុងប្រព័ន្ធសុខាភិបាលសាធារណៈ និងផ្នែកឯកជន

* បង្កើនសកម្មភាពអប់រំលើកកម្ពស់សុខភាព និងគ្រប់គ្រងជំងឺ ឬហានិភ័យសុខភាព

* ជំរុញការចូលរួម​របស់សហគមន៍ វិស័យពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋាន អង្គការសង្គមស៊ីវិល

* ពង្រឹងសមត្ថភាពធនធាន​មនុស្ស ការផ្គត់ផ្គង់ឱសថ បរិក្ខារ សំភារៈ ឧបករណ៍ពេទ្យ ថវិកា កែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការ​ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន/ឌីជីថលជាមូលដ្ឋាន ដើម្បីលើកកម្ពស់ការផ្ដល់ សេវាថែទាំសុខភាពបឋម

+ ការលើកកម្ពស់គុណភាពសេវាសុខាភិបាល

* រៀបចំចាត់ចែងរំហូអ្នកជំងឺតាមបទដ្ឋានបច្ចេកទេសនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក

* បង្ការ និងកាត់បន្ថយគ្រោះថ្នាក់ដែលអាចចៀសវាងបាន នៅក្នុងដំណើរការផ្តល់សេវាថែទាំព្យាបាល និងលើក​កម្ពស់ការអនុវត្តវិធានបង្ការ និងគ្រប់គ្រងការឆ្លងរោគ នៅគ្រប់មូលដ្ឋានសុខាភិបាល

* ពង្រឹងការអនុវត្តអភិក្រមព្យាបាលថែទាំព្យាបាលបន្ត និងសម្របសម្រួលនៅក្នុង និងរវាងមូលដ្ឋានសុខាភិបាល

* បន្តពង្រឹងយន្តការវាយតម្លៃនិងកែលម្អគុណភាព នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត

* ធ្វើបច្ចុប្បន្នកម្មស្តង់ដា គោលការណ៍បច្ចេកទេស/ពិធីសារគ្លីនិក និងតាមដានការអនុវត្ត

* ពង្រឹងយន្តការទទួលព័ត៌មាន ឬយោបល់ត្រឡប់ពីអ្នកជំងឺ/គ្រួសារ និងការរាយការណ៍ពីឧប្បត្តិហេតុ ដែលបានកើតឡើងនៅក្នុងការព្យាបាលថែទាំ និងដោះស្រាយបញ្ហាទាន់ពេលវេលា

+ ការពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសុខភាពសង្គម

* ពង្រឹងការអនុវត្ត និងតាមដានការអនុវត្តកម្មវិធីមូលនិធិសមធម៌ ប.ស.ស. និងកម្មវិធីជំនួយសង្គម

* បង្កើនការផ្សព្វផ្សាយអំពីប្រតិបត្តិការនៃកម្មវិធីគាំពារសុខភាពសង្គម និងអត្ថប្រយោជន៍ដែលទទួលបាន

* អនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល

* ធ្វើបច្ចុប្បន្នកម្ម និងគណនាថ្លៃចំណាយតាវកាលិកវេជ្ជសាស្ត្រនៃកម្មវិធីមូលនិធិសមធម៌

* អភិវឌ្ឍវិធីសាស្ត្រទូទាត់ថ្លៃចំណាយលើសេវាថែទាំសុខភាព ដែលធានានូវប្រសិទ្ធភាពនៃការចំណាយ និងការផ្តល់សេវាថែទាំសុខភាពមានគុណភាព ក្នុងបរិមាណគ្រប់គ្រាន់

+ ការពង្រឹងសមត្ថភាពប្រព័ន្ធសន្តិសុខសុខភាព និងសេវាសារវន្ត
* បន្តពង្រឹងសមត្ថភាពដឹកនាំ និងសម្របសម្រួល ក្នុងការឆ្លើយតបនឹងការលេចឡើង/លេចឡើងសាជា ថ្មី នៃជំងឺឆ្លង ឬគ្រោះអាសន្នសុខភាពសាធារណៈ

* លើកកម្ពស់ការអនុវត្តវិធានបុរេសកម្ម ការបង្ការ ស្រាវជ្រាវទាន់ពេល និងឆ្លើយតបរហ័ស ប្រព័ន្ធអង្កេត តាមដាន បណ្ដាញសេវាមន្ទីរពិសោធន៍ បណ្តាញទំនាក់ទំនង ការប្រាស្រ័យទាក់ទងហានិភ័យ។ល។

* ត្រៀមបំរុងឱសថ បរិក្ខារ ឧបករណ៍វេជ្ជសាស្ត្រ គ្រូពេទ្យ បុគ្គលិក ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិ​បាលសមស្រប

* បង្កើនការអប់រំ ផ្សព្វផ្សាយ និងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងតាមដានភាព​សុាំរបស់​មេ​រោគ ជាមួយឱសថប្រឆាំងមេរោគ ជំងឺឆ្លងពីសត្វមកមនុស្ស បង្ការនិងគ្រប់គ្រង​គ្រោះមហន្តរាយ និង​ហានិភ័យសុខភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ

* លើកកម្ពស់ការសិក្សាស្រាវជ្រាវ និងស្វែងរកឬអភិវឌ្ឍវិធានថ្មីៗ ទាំងវេជ្ជសាស្ត្រ និងមិនមែនវេជ្ជសាស្ត ព្រមទាំងលើកកម្ពស់កិច្ចសហការក្នុងក្របខណ្ឌតំបន់ និងសកល ក្នុងការបង្ការ/ទប់ស្កាត់ ការគម្រាម
កំហែងសន្តិសុខសុខភាព

+ ការពង្រឹងភាពធន់ និងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល

* ពិនិត្យកែសម្រួលរចនាសម្ព័ន្ធ និងតួនាទីក្រសួងសុខាភិបាល និងអង្គភាពសុខាភិបាលថ្នាក់កណ្ដាល ឱ្យស្របតាមការវិវត្តនៃការកែទម្រង់រដ្ឋបាលសាធារណៈ និងវិមជ្ឈការ

* កសាង/ធ្វើបច្ចុប្បន្នកម្មច្បាប់ប្បញ្ញត្តិ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការ និងឧបករណ៍បច្ចេក ទេស បន្តបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់គ្រង ពង្រឹង​ការអនុវត្តយន្តការនិយ័តកម្មសេវាសុខាភិបាលសាធារណៈ និងឯកជន

* កសាង/អភិវឌ្ឍភាពជាដៃគូសាធារណៈ-ឯកជន និងពង្រឹងកិច្ចសហការជាមួយក្រសួង ស្ថាប័ន ដៃគូ អភិ​វឌ្ឍន៍ជាតិ អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល

* ពង្រឹងការអនុវត្តយន្តការតាមដាន និងវាយតម្លៃសមិទ្ធផលប្រព័ន្ធសុខាភិបាល ការអនុវត្តច្បាប់/គោល នយោបាយ/ផែនការ និងលើកកម្ពស់ការសិក្សាស្រាវជ្រាវសុខាភិបាល/សុខាភិបាលឌីជីថល

* អនុវត្តយន្តការសមស្របធ្វើឲ្យប្រសើរឡើងដល់ការជ្រើសរើស ការបែងចែក និងការរក្សាទុកបុគ្គលិក ដោយផ្តល់អាទិភាពដល់មណ្ឌលសុខភាព/ប៉ុស្តិសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក

* បង្កើនគុណភាពនៃការបណ្តុះបណ្តាលមូលដ្ឋាន និងបណ្តុះបណ្តាលបន្ត ដោយផ្តោតលើកម្មវិធីសិក្សា ដែលផ្អែកលើចំណេះដឹង ជំនាញ និងឥរិយាបថ និងគុណភាពខ្ពស់នៃវិធីសាស្ត្របង្រៀន

* បង្កើនសមត្ថភាពអង្គភាពថវិកា ក្នុងការវិភាគ និងការវិភាជថវិកា និងការរៀបចំថវិកា និងលើកកកម្ពស់ ប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងការចំណាយ និងការងារលទ្ធកម្ម

* ពង្រឹងការផ្គត់ផ្គង់ និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ឱសថ បរិក្ខារ វ៉ាក់សាំង ប្រតិករ សម្ភារៈ និងបំពាក់ឧបករណ៍ពេទ្យដល់មណ្ឌលសុខភាព/ប៉ុស្តិ៍សុខភាព និងមន្ទីរពេទ្យបង្អែក ស្របតាមស្តង់ដា

* សាងសង់ ពង្រីក និងកែលម្អអគារប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក

* កសាង និងអភិវឌ្ឍប្រព័ន្ធកត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិច និងធ្វើសមាហរណ​កម្ម​ប្រព័ន្ធ​ទិន្ន​ន័យ​ព័ត៌​មាន​វិទ្យា ដោយផ្ដោតលើស្តង់ដារ និងអន្តរប្រតិបត្តិការមុខងារប្រព័ន្ធ និងបណ្ដុះបណ្តាលកសាង​សមត្ថ​ភាព និងបំណិនសុខាភិបាលឌីជីថល ដល់មន្ត្រី បុគ្គលិកសុខាភិបាល

* អភិវឌ្ឍរចនាសម្ព័ន្ធ និងសមត្ថភាពស្ថាប័ន សម្រាប់ការដឹកនាំ អភិបាលកិច្ច សម្របសម្រួល និងគាំទ្រ ការអភិវឌ្ឍប្រព័ន្ធអេកូសុខាភិបាលឌីជីថល

* ពង្រឹងការអនុវត្តយន្តការរាយការណ៍ទិន្នន័យ/ព័ត៌មាន​សុខាភិបាលពីអ្នកផ្តល់​សេវាសុខាភិ​បាល​ឯក​ជន តាមនីតិវិធីជាធរមាន ក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាលរបស់ក្រសួងសុខាភិបាល

* គាំទ្រការអភិវឌ្ឍប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន