ខេត្តពោធិ៍សាត់ ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌»


ឯកឧត្តម ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌» នៅអាគារបណ្ណាល័យសាមគ្គី ជាន់ទី១ នៃវិទ្យាល័យពោធិ៍សាត់ ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានអ្នកចូលរួមជិត៤០០នាក់។

បន្ទាប់ពីការសម្តែងរបាំក្រមា និងរបាំបេះក្រវាញ ដោយក្រុមសិល្បៈ នៃមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តនោះរួចមក, លោក ឡាច ផេងលី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា ដោយមានកិច្ចចង្អុលការផ្ទាល់ ពីលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ក៏ដូចទិសដៅយុទ្ធសាស្ត្រ របស់ក្រសួង និងគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌ ក្រោមចក្ខុវិស័យអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិនោះ មន្ត្រីរាជការ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានខិតខំប្រឹងប្រែង បំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមទទួលបានលទ្ធផលល្អប្រសើរ។

ជាក់ស្តែងក្នុងឆ្នាំ២០២៣កន្លមក បានដំណើរការបើកវគ្គ និងផ្សព្វផ្សាយច្បាប់ លើកិច្ចការថែរក្សា ការពារ និងគ្រប់គ្រងបេតិកភណ្ឌ វប្បធម៌រូបី និងចុះបង្ហាត់សិល្បៈ នៅតាមសាលារៀន សហគមន៍ បានយល់ដឹងអំពីសីលធម៌សង្គម  របៀបសំពះទាំង៥ ការស្លៀកពាក់តាមបែបប្រពៃណី និងបញ្ជ្រាបចំណេះដឹងគ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀន ជាដើម។ បន្តសិក្សាស្រាវជ្រាវ និងប្រមែប្រមូលវត្ថុបុរាណ នៅលើទួលដែលជនល្មើសបានជីកគាស់ យកមកចុះបញ្ជីរក្សាទុកនិងបានចងក្រងជាបញ្ជីសៀវភៅ សលាកប័ត្រ វត្ថុសិល្បៈ ដែលមានវត្ថុធាតុអំពីស្ពាន់ជាច្រើន សម្រាម់រក្សាទុក ក្នុងសារៈមន្ទីរខេត្ត។

ឯកឧត្តម ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងថា ទិវាវប្បធម៌ជាតិ ៣មីនា ខួបលើកទី២៦ បានកន្លងផុតក៏ដោយ ក៏នៅតែប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ មិនខកខាននោះឡើយដោយឆ្នាំនេះ បានប្រារព្ធធ្វើ នៅបណ្ណាល័យសាមគ្គី នៃវិទ្យាល័យពោធិ៍សាត់ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌»។ ជាការពិតណាស់ថា សិល្បៈមិនមែនចេះតែធ្វើបានគ្រប់ៗគ្នានោះទេ បើគ្មានការរៀន និងបង្ហាត់ បង្ហាញ ពីគ្រូជំនាញ ក្នុងនោះក៏ទាមទាពេលវេលា និងឧប្បនិស័យរបស់ បុគ្គលនោះផងដែរ។

ឯកឧត្តមអភិបាលរងខេត្ត បន្តថាវិស័យវប្បធម៌ និងសិល្បៈ គឺជាវិស័យគន្លឹៈ ក្នុងការអភិរក្ស អភិវឌ្ឍន៍ ផ្នែកប្រពៃណី ទំនៀមទំលាប់ ដោយឈរលើមូលដ្ឋាន សម្បត្តិបេតិកភណ្ឌ វប្បធម៌ រូបី និងវប្បធម៌អរូបី ដ៏សម្បូរបែប ក្នុងសង្គមជាតិខ្មែរយើង។ ទិវាដ៏មានអត្ថន័យនេះ គឺមានគោលបំណងផ្សព្វផ្សាយ ជម្រុញ ផ្ទេរចំណេះដឹង ចំណេះធ្វើ បច្ចេកទេស ក៏ដូចជួយក្រើនរំលឹកនិងបំផុសស្មារតី មនសិកា ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងយុវនារី ដែលជាទំពាំងស្នងឬស្សី ឱ្យមានការតព្វកិច្ច ក្នុងការចូលរួមថែរក្សាការពារវប្បធម៌ប្រពៃណីរបស់ជាតិ ឱ្យបានគង់វង្ស និងស្ថិតស្ថេរ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ ការយល់ដឹងកាន់តែច្បាស់ អំពីតម្លៃពិតនៃវប្បធម៌ ដែលជាធនធានប្រកបដោយសក្តានុពល ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍ ទាំងក្នុង និងក្រៅប្រទេស ទទួលបាននូវប្រភពចំណូលមួយកម្រិតទៀត។ យើងបានយល់ហើយ អំពីអត្ថន័យ នៃទិវាវប្បធម៌ជាតិ ក៏ដូចទិសដៅការងាររបស់ខ្លួនមានអ្វីខ្លះ? និងត្រូវធ្វើអ្វី? ដើម្បីឱ្យស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមបានបន្ថែមថា ការអភិវឌ្ឍន៍ នៃសិល្បៈ កំណើនសមត្ថភាព គុណភាព និងការប្រកួតប្រជែង កាន់តែផុលផុស លើប្រធានបទ «យុវជនដើម្បីវប្បធម៌»នេះ ក្នុងនាមអាជ្ញាធរខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន យុវនារី ត្រូវមានកិច្ចសហការចូលរួម ដើម្បីបង្កើនស្នាដៃ ការកែឆ្នៃ ការផលិតថ្មីៗ ឱ្យមានភាពទាកទាញ និងមានភាពប្រកួតប្រជែង៕