ស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា មានគម្រោងបើកព្រឹត្តិការណ៍ពិព័រណ៍សុខភាព និងផលិតផលសុខភាព នៅខេត្តព្រះសីហនុ


ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានស្នើសុំរៀបចំព្រឹត្តិការណ៍ពិព័រណ៍សុខភាព និងផលិតផលសុខភាព រយ:ពេលពីរថ្ងៃនៅខេត្តព្រះសីហនុ គឺចាប់ពីថ្ងៃទី០៨-០៩ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ ។

ឯកឧត្តម Santo Darmosumarto ស្នើសុំរៀបចំព្រឹត្តិការណ៍ណ៍នេះ ក្នុងឱកាសដែលឯកឧត្តម ជួបពិភាក្សាការងារជាមួយលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី បានជម្រាបជូនពីគោលបំណងស្នើសុំរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍សុខភាព និងផលិតផលសុខភាព រយៈពេលពីរថ្ងៃនៅខេត្តព្រះសីហនុ តបតាមសំណើរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានជម្រាបឯកឧត្តមក្នុងជំនួបលើកទី១ កាលពីឆ្នាំ២០២៣ថា ប្រជាជនឥណ្ឌូណេស៊ី មករស់នៅខេត្តព្រះសីហនុមានចំនួនច្រើន ។ ក៏ប៉ុន្តែពួកគេមិនសូវចេះថែទាំសុខភាព ដូច្នេះការរៀបចំព្រឹត្តិកា៍នេះ គឺដើម្បីជាការឆ្លើយតបទៅនឹងការណែនាំរបស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ។ ដូចនេះស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា នឹងរៀបចំព្រឹត្តិ ការណ៍តាំងពិព័រណ៍សុខភាព និងផលិតផលសុខភាព រយ:ពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី០៨-០៩ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងនោះ ថ្ងៃទី១-បើកវេទិកាផ្តល់យោបល់ផ្នែកសុខភាព ដល់ប្រជាពលរដ្ឋឥណ្ឌូណេស៊ី និងមានស្តង់ពិព័រណ៍ ។ ថ្ងៃទី២-ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលសុខភាព ដែលមាននៅលើទីផ្សារក្នុងប្រទេសកម្ពុជា ។ ទន្ទឹមនោះក៏មានក្រុមគ្រួពេទ្យឥណ្ឌូណេស៊ី ដែលសហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យមិត្ត ភាពខ្មែរ-សូវៀត ជួយពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋប្រទេសទាំងពីរ ដោយឥតគិតថ្លៃផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម ក៏បានស្នើសុំឱ្យមានវាគ្មិនកម្ពុជា ចូលរួមជាមួយវាគ្មិនឥណ្ឌូណេស៊ី ក្នុងការផ្សព្វផ្សាយស្តីពីសុខភាព ជូនដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ឥណ្ឌូណេស៊ី-កម្ពុជា ។ ក្នុងនោះក៏មានការផ្សព្វផ្សាយ ស្តីពីសុខភាពមាតា និងទារក ផងដែរ ។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានស្នើសុំ ១- អញ្ជើញឯកឧត្តមអភិបាលខេត្តព្រះសីហនុ ចូលរួមបើកព្រឹត្តិការណ៍តាំងពិព័រណ៍សុខភាព និងផលិតផលសុខភាព នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ។ ២- ជួយផ្សព្វផ្សាយព័ត៌មាន ស្តីពីពិព័រណ៍សុខភាព និងផលិតផលសុខភាព ឱ្យបានទូលំទូលាយ ។ ៣- ស្នើសុំដៃគូចូលរួម មានដូចជា គ្លីនិកឯកជន ឬមន្ទីរពេទ្យរបស់ខេត្តព្រះសីហនុ ចូលរួមជាមួយគ្នា ក្នុងការបើកព្រឹត្តិការណ៍សុខភាព និងផលិតផលសុខភាព នៅលើទឹកដីនៃខេត្តព្រះសីហនុ មានស្តង់ចំនួន១០ ដាក់តាំងផលិតផលសុខភាព ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ចំពោះការបើកព្រឹត្តិការណ៍សុខភាព និងផលិតផលសុខភាព របស់ស្ថានទូតឥណ្ឌូណេស៊ី នៅលើទឹកដីខេត្តតំបន់ឆ្នេរ នៃព្រះរជាណាចក្រកម្ពុជា ។ លោកនឹងយកសំណើរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ទៅជម្រាបជូនឯកឧត្តមអភិបាលខេត្តព្រះសីហនុ តបតាមការស្នើសុំរបស់ស្ថានទូត ហើយរដ្ឋបាលខេត្តនឹងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវព្រឹត្តិការណ៍ពិព័រណ៍សុខភាព និងផលិតផលសុខភាព របស់ប្រទេសឥណ្ឌូណេស៊ី នៅលើទឹកដីនៃខេត្តព្រះសីហនុ និងសូមស្វាគមន៍ចំពោះអ្នកវិនិយោគិន និងប្រជាពលរដ្ឋឥណ្ឌូណេស៊ី ដែលកំពុងបំពេញការងាររកស៊ី នៅក្នុងខេត្តព្រះសីហនុ ។ ព្រោះមានប្រជាពលរដ្ឋឥណ្ឌូណេស៊ីធ្វើការនៅខេត្តព្រះសីហនុច្រើន ។ យើងនឹងខិតខំជួយសម្របសម្រួលការងារទាក់ ទងនឹងការបើកព្រឹត្តិការណ៍នេះ នៅលើទឹកដីនៃខេត្តព្រះសីហនុ ស្របពេលដែលប្រទេសកម្ពុជា និងប្រទេសឥណ្ឌូណេស៊ី មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ រយ:ពេល ៦៥ឆ្នាំ ក្នុងពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋ និងអ្នកវិនិយោគិនឥណ្ឌូណេស៊ី កំពុងរស់នៅ និងស្នាក់នៅក្នុងខេត្តព្រះសីហនុ ចំនួន ១១ ៦៤៩នាក់ ស្រី ២ ៤៨៨នាក់ ។ ស្នាក់នៅតាមគោលដៅសណ្ឋាគារ, កាស៊ីណូ, ផ្ទះសំណាក់, ផ្ទះជួល, ខុនដូ, សហគ្រាស ។ល។ និងសុំឱ្យដំណើរទស្សនកិច្ច និងការស្នាក់នៅខេត្តព្រះសីហនុទទួលបានសុខសុវត្ថិភាព ។

លោកអភិបាលរងខេត្ត ក៏បានជម្រាបជូនពីកត្តាភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្តព្រះ សីហនុ មានក្រុង២, ស្រុក៣, ស្មើនឹង ២៩ឃុំ-សង្កាត់ និងមាន ១១១ភូមិ ។ ខេត្តព្រះសីហនុ ជាខេត្តតំបន់ឆ្នេរនាទិសនិរតី នៃប្រទេសកម្ពុជា ដែលមានសក្តាពនុពលវិនិយោគ ទេសចរណ៍ និងអូកូឡូស៊ីបាតសមុទ្រ ។ ខេត្តមានកោះតូច ធំ៣២, កំពង់ផែសមុទ្រទឹកជ្រៅ, រាជរដ្ឋាភិបាលកំពុងសហការជាមួយរដ្ឋាភិបាលជប៉ុន អង្គការ JICA ជប៉ុន អភិវឌ្ឍន៍កំពង់ផែជាដំណាក់កាលៗ ដែលដំណាក់កាលទី១- ឆ្នាំ២០២៤-២០២៦ ជម្រៅទឹកដល់ ១៤,៥០ម៉ែត្រ ។ ទី២- ឆ្នាំ២០២៥-២០២៨ ជម្រៅទឹក ១៦,៥០ម៉ែត្រ, និងទី៣- ឆ្នាំ២០២៦-២០២៩ ជម្រៅទឹក ១៧,៥០ម៉ែត្រ ធ្វើឱ្យនាវាដែលធ្វើនាវាចរណ៍នៅលើពិភពលោកអាចចូលចតបាន ។ ខេត្តមានព្រលានយន្តហោះ មានផ្លូវរត់ ៣ ៣០០ម៉ែត្រ អាចឱ្យយន្តហោះប្រភេទធុនធំចុះចតបាន, ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ, និងផ្លូវដែក មិនទាន់ទំនើប រាជរដ្ឋាភិបាលស្វះស្វែងរកដៃគូវិនិយោគ ពង្រីកគុណភាពវិស័យផ្លូវដែក ឱ្យកាន់តែប្រសើរថែមទៀត ។ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ កំពុងដំណើរការនាពេលបច្ចុប្បន្ន ដែលមានក្រុមហ៊ុនធ្វើការចុះបញ្ជី នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ចំនួន ១៣១ក្រុមហ៊ុន ។ ក្រុមហ៊ុនវិនិយោគចុះបញ្ជីនៅអនុគណ:កម្មាធិការវិនិយោគខេត្ត មានចំនួន ៤ក្រុមហ៊ុន។ ទន្ទឹមនោះរាជរដ្ឋាភិបាល បានធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងព្រះសីហនុនៅឆ្នាំ២០១៩ មានផ្លូវ ៣៧ខ្សែ បន្ទប់ទឹកសាធារណ: អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងសមិទ្ធផលថ្មីៗជាច្រើនទៀត កំពុងកើតមាននៅលើទឹកដី នៃខេត្តព្រះសីហនុ ៕