ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ភាពជាអ្នកដឹកនាំល្អចាំបាច់ត្រូវតែមាន ចក្ខុវិស័យ ជំនាញច្បាស់លាស់ និងមានអត្តចរិតទន់ភ្លន់ហើយហ្មត់ចត់នឹងការងារ


(ភ្នំពេញ)៖ ថ្លែងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ជំនាន់ទី៦» នៅសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានថ្លែងបញ្ជាក់ថា ភាពជាអ្នកដឹកនាំចាំបាច់ត្រូវតែមានកត្តាចំនួន៣ រួមមាន៖ ចក្ខុវិស័យ ជំនាញ និងអត្តចរិតទន់ភ្លន់តែហ្មត់ចត់នឹងការងារ។

សិក្ខាសាលានេះដែរក៏មានការចូលរួមពី ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, ឯកឧត្តម Stuart Bryan លេខាទូតទី២ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា, លោកជំទាវ Maryam Salim នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា រួមទាំងមាន សិក្ខាកាមជាន់ខ្ពស់ជំនាន់ទី៦ និងគ្រូបង្គោលជាច្រើនរូបផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមថា សិក្ខាសាលាបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ការគាំទ្រចំណេះដឹង និងការអភិវឌ្ឍជំនាញ ក្នុងការគ្រប់គ្រងធនធានមនុស្ស ការដឹកនាំនៃការគ្រប់គ្រងលម្អិតអំពីការផ្លាស់ប្តូរអង្គភាព របៀបរបបកន្លែងការងារ ប្រកបដោយកិច្ចសហការ និងផលិតភាពខ្ពស់ ដោយផ្តល់ធនធានចាំបាច់នានាឆ្លើយតបទៅនឹងតម្រូវការរបស់មន្ត្រីរាជការជាន់ខ្ពស់ នៅតាមក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានឱ្យដឹងដែរថា ការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់អាទិភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយតាមរយៈសិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងអាទិភាពគន្លឹះទី១ មនុស្ស នៃយុទ្ធសាស្រ្តបញ្ចាកោណ ដំណាក់​កាលទី១ ហើយក៏ស្របទៅតាមអាទិភាពដែលមានចែកក្នុងមុំទី១,២ នៃស្នូលយុទ្ធសាស្រ្តបញ្ចកោណ ឆ្លើយតបការពង្រឹង និងកែទម្រង់ស្ថាប័ន តាមរយៈការពង្រីកសមត្ថភាពជាអ្នកដឹកនាំ និងការរៀបចំបណ្តាអ្នកដឹកនាំ ព្រមទាំងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស ប្រកបដោយតម្លាភាព ជំនាញ ឆន្ទះ ម្ចាស់ការ និងក្របសីលធម៌វិជ្ជាជីវៈស្របតាមតួនាទីផងដែរ។

បើតាមរបាយការណ៍របស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានឱ្យដឹងថា សិក្ខាកាមជំនាន់ទី៦ មានចំនួន១៦២នាក់ (ស្រី២៩) ដែលមានមុខតំណែងចាប់ពីប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការ ឬមុខតំណែងប្រហាក់ប្រហែល អភិបាលក្រុង ស្រុក ខណ្ឌ នាយករដ្ឋបាល រាជធានី ខេត្ត ឬមុខតំណែងប្រហាក់ប្រហែល តាមបណ្ដាក្រសួង ស្ថាប័ន ចំនួន៣០ក្រសួង ស្ថាប័ន គណៈកម្មាធិការជាតិដឹកនាំការកែទម្រង់ទាំង៥ រដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ២៥ រាជធានី ខេត្ត និងមន្ត្រីជាន់ខ្ពស់នៃស្ថាតទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។

ឯកឧត្តមបានបន្ថែមថា វគ្គជំនាន់ទី៦នេះក៏ដូចជាវគ្គសិក្សាជំនាន់មុនដែរគឺការសិក្សាមានរយៈ ពេល ៦សប្តាហ៍ តាមរយៈប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃនេះតទៅ និង១សប្តាហ៍ ដោយផ្ទាល់នៅសាលាភូមិន្ទរដ្ឋបាល៕