ឯកឧត្តមអភិបាលខេត្តកំពត ផ្តាំផ្ញើលោកគ្រូ អ្នកគ្រូ ត្រូវខិតខំបណ្តុះបណ្តាលសិស្សានុសិស្សប្រកបដោយគុណភាព មានចំណេះដឹងខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិឱ្យមានការរីកចម្រើនទៅថ្ងៃអនាគត


ឯកឧត្តមអភិបាលខេត្ត បានលើកឡើងទៀតថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីអនុវត្តន៍ ដែលក្នុងនោះរួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយក្នុងនោះ មនុស្ស គឺសំដៅលើការអភិវឌ្ឍធនធានមនុស្ស ឱ្យមានចំណេះដឹងខ្ពង់ខ្ពស់ មានគុណភាព ដើម្បីចូលរួមក្នុងការបំរើសង្គមជាតិ ដូច្នេះរាល់តម្រូវការសម្រាប់ការងារនេះ គឺសម្តេចធិបតី តែងតែគិតគូជាប់ជានិច្ច។

ឯកឧត្តមបន្តថា អគារសិក្សាដែលអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី សម្រាប់សាលាបឋមសិក្សា ហ៊ុន សែន វត្តកំពត នាពេលនេះ គឺមាន ០១ខ្នង ២ជាន់ ស្មើនឹង ១០បន្ទប់ សម្រាប់ឱ្យលោកគ្រូ អ្នកគ្រូ បានបណ្តុះបណ្តាលសិស្សានុសិស្សទៅតាមតម្រូវរូវការ ក៏ដូចជាការកើនឡើងនៃចំនួនសិស្សានុសិស្សនាថ្ងៃអនាគតផងដែរ។

លោកស្រី ទេព ដារ័ត្ន នាយិកាសាលាបឋមសិក្សា ហ៊ុន សែន វត្តកំពត តំណាងឱ្យលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស បានសំដែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណជាពន់ពេក ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់អំណោយអគារសិក្សាជូនដល់សាលា និងសិស្សានុសិស្សនាពេលនេះ ហើយនេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងវិស័យអប់រំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

ជាមួយគ្នានេះលោកស្រីនាយកាក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអិបាលខេត្តកំពត ដែលតែងតែយកចិត្តទុកដាក់ ចំពោះតម្រូវការ ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងខេត្ត ពិសេសចុះជួប និងដោះស្រាយដោយផ្ទាល់៕