អភិបាលខេត្តបាត់ដំបង បើកការដ្ឋានជួសជុលផ្លូវខេត្តលេខ១៥៧A ក្រាលកៅស៊ូ DBST មានប្រវែងជាង៣គីឡូម៉ែត្រ នៅភូមិបាយដំរ៉ាំ ឃុំកន្ទឺ ស្រុកបាណន់


ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវខេត្តលេខ ១៥៧A ដោយក្រាលកៅស៊ូ ប្រភេទ DBST មានប្រវែង ៣,១០០ម៉ែត្រ និងទទឹង៧ម៉ែត្រ ស្ថិតក្នុងភូមិបាយដំរ៉ាំ ឃុំកន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង។

ពិធីនេះបានធ្វើឡើងដោយមានការអញ្ជើញចូលរួម ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានចូលរួមជាច្រើនរូបផងដែរ។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានឡើងធ្វើរបាយការណ៍មតិស្វាគមន៍ដោយបានបញ្ជាក់ថាផ្លូវខេត្តដែលមន្ទីរជំនាញរបស់លោកបានខិតខំប្រឹងប្រែងធ្វើ និងជួសជុលផ្លូវថ្នល់ បានជាច្រើនខ្សែកន្លងមក។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងថា បន្ទាប់ពីរដ្ឋបាលខេត្តនិងមន្ទីរជំនាញបានកសាងរួចសូមបងប្អូននាំគ្នាជួយថែរក្សាផ្លូវថ្នល់នេះប្រើប្រាស់ឱ្យបានយូរ ព្រមទាំងនាំគ្នាដាំដើមឈើតាមដងផ្លូវឱ្យបានច្រើនកាន់តែប្រសើ។ បន្ទាប់ពីប្រជាពលរដ្ឋបានទទួលផ្លូវល្អហើយ ពេលធ្វើដំណើរតាមដងផ្លូវ សូមមេត្តានាំគ្នាគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា កុំបើកបរនៅពេលស្រវឹង បើកបរក្នុងល្បឿនលឿន ហួសកំណត់ដែលធ្វើឱ្យមានការគ្រោះថ្នាក់ខ្លួន និងប៉ះពាល់ដល់អាយុជីវិតអ្នកដទៃទៀតផង។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ប្រជាពលរដ្ឋដែលរស់នៅប្រចាំថ្ងៃគ្រប់ទីកន្លែង ពិសេសតាមដងស្ទឹងសង្កែ សូមនាំគ្នាជួយរក្សាអនាម័យ បរិស្ថាន ទុកដាក់សំរាមតាមផ្ទះឱ្យបានល្អ ពិសេសកុំចោលថង់ប្លាស្ទិកពាសវាលពាសកាលនាំឱ្យប៉ះពាល់ និងបំពុលបរិស្ថានក្នុងការរស់នៅរបស់បងប្អូនប្រចាំថ្ងៃផងដែរ។

ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅទាំងអស់ថា សូមនាំគ្នាជួយទប់ស្កាត់ពីបញ្ហាគ្រឿងញៀន ប្រើប្រាស់ រក្សាទុក ដឹកជញ្ជូនជួញដូរគ្រឿងញៀនដោយ
ខុសច្បាប់ បើឃើញមានកូនចៅបានពាក់ព័ន្ធត្រូវរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានរបស់ខ្លួន ត្រួតពិនិត្យ និងចាត់ការតាមច្បាប់បើធ្លាប់មានអ្នកពាក់ព័ន្ធ ត្រូវដកខ្លួនឱ្យបានឆាប់ នៅឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀន។

ឯកឧត្តម សុខ លូ បានបន្ថែមថា ក្រោមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានមានសម្តេចធិបតី ហ៊ុន ណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញគោលការណ៍ជាច្រើន និងរឹតបន្តឹងជាពិសេសពីបញ្ហាគ្រឿងញៀន ក្នុងនោះបើមន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទណាមួយមានការពាក់ព័ន្ធគ្រឿងញៀន ត្រូវបណ្តេញចេញពីក្របខណ្ឌ។ ក្នុងនោះដែរបើមានប្រជាពលរដ្ឋណាអ្នកប្រើប្រាស់គ្រឿងញៀន ត្រូវបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន, ចំពោះឧក្រិដ្ឋអ្នកជួញដូរគ្រឿងញៀន បើសមត្ថកិច្ចចាប់បានត្រូវចាប់បញ្ជូន ទៅតុលាការខេត្តចាត់ការតាមនីតិវិធីច្បាប់៕