សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ចប់ទស្សនកិច្ចនៅឡាវ ប្រកបដោយផ្លែផ្កាខ្ពស់


ដំណើរទស្សនកិច្ចផ្លូវការលើទឹកដីឡាវ រយៈពេលមួយថ្ងៃកន្លះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបិទបញ្ចប់ហើយនៅវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ប្រកបដោយផ្លែផ្កាល្អប្រសើរគួរជាទីសោមនស្សរីករាយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកកម្ពុជាវិញហើយ។

តបតាមការអញ្ជើញរបស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, នៅថ្ងៃទី២៥ ខែមីនា ម្សិល​មិញនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អមដោយអ្នកវិនិយោគមកពីសភាពាណិជ្ជកម្មកម្ពុជាផងនោះ បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ​នៅ​ប្រទេសឡាវ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អ​ប្រសើរ​​ថែមទៀត។

ដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ា​ណែត ទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ សោមនស្សរីករាយ និងកិត្តិយសជាទីបំផុតពី​សំណាក់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីរបស់ឡាវ។

ក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សនសៃ ស៊ីផាន់ដន បានបង្ហាញ​ការពេញ​ចិត្ត និងរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងទៅ។ ក្រៅ​ពីបង្ហាញការពេញចិត្តលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរហើយនោះ នាយក​រដ្ឋ​មន្ត្រីកម្ពុជា និងឡាវ ក៏បានជជែកគ្នាផ្តោតជា​សំខាន់ទៅលើការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហ​ប្រតិ​បត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

ក្នុងសន្និសីទរួមគ្នាក្រោយជំនួបទ្វេភាគនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា ក្នុងជំនួបជា​មួយ​នាយករដ្ឋមន្ត្រីឡាវ ភាគីទាំងពីរបានពិភាក្សាផ្តោតលើបញ្ហាសំខាន់ៗចំនួន៦ រួមមានបញ្ហាព្រំដែន សន្តិសុខ បញ្ហាសេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងទំនាក់ទំនងប្រជាជនប្រទេស​ទាំងពីរ​ផង​ដែរ។ បញ្ហាទាំង៦ដែលបានលើកឡើងនោះរួមមាន៖

១៖ វិស័យថាមពល៖ ពាក់ព័ន្ធវិស័យថាមពលនេះ កម្ពុជា បានអរគុណឡាវ ដែលបានជួយផ្គត់ផ្គង់​ថាម​ពល​ជាបន្តបន្ទាប់។ បន្ថែមពីលើនោះភាគីទាំងពីរ បានហត្ថលេខាលើកិច្ចព្រមព្រាងស្តីពីកិច្ចសហប្រតិ​បត្តិ​ការលើវិស័យថាមពលដំណាក់កាលទី២ អមដោយអនុស្សារណៈយោគយល់ចំនួន៤។ គោលដៅ គឺបន្ត​ធានា​​ការផ្គត់ផ្គង់ប្រភពថាមពលដល់កម្ពុជា។

២៖ សេដ្ឋកិច្ច និងពាណិជ្ជកម្ម៖ ភាគីទាំងពីរបានពិភាក្សាគ្នាលើសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំលើក​ទី១៥​ នៃគណៈកម្មការរួមសម្រាប់កិច្ចសហប្រតិបត្តិការJCBC, ការដាក់ឱ្យដំណើរការឡើងវិញ គណៈ​កម្ម​ការ​​ពាណិជ្ជកម្មចម្រុះ ជាមួយការរៀបចំវេទិកាធុរកិច្ច និងវិនិយោគ និងការពង្រីកសមា​ហរណ​កម្មសេដ្ឋ​កិច្ច​​តាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្មលើវិស័យសេវាកម្ម ដូចជាសេវាហិរញ្ញវត្ថុ ដឹកទំន​ិញ​ផ្លូវគោក និង​ទេស​ចរណ៍។

៣៖ ការតភ្ជាប់រវាងប្រទេសទាំងពីរ៖ នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ បានស្វាគមន៍ការចាប់ផ្តើមការហោះ​ហើរ​ត្រង់របស់ក្រុមហ៊ុនឡាវអ៊ែរឡាញវៀងច័ន្ទ-ភ្នំពេញ ដែលនឹងចូលរួមចំណែកថែមទៀតដល់​កំណើន​ទេសចរណ៍ ពាណិជ្ជកម្ម និងវិស័យសំខាន់ៗផ្សេងទៀតរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានពិភាក្សា​លើ​គម្រោងលំអិត និងគំនិតផ្តួចផ្តើមផ្សេងៗទៀត សម្រាប់តភ្ជាប់ប្រជាជន និងប្រជាជនផងដែរ។

៤៖ កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ៖ ភាគីទាំងពីរ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ​តាមបណ្តោយព្រំដែន ជាពិសេសការជួបប្រាស្រ័យទាក់ទងរបស់ថ្នាក់ដឹកនាំទាំងក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ។ ជាពិសេសការប្រាស្រ័យទាក់ទង សហការគ្នាទៅលើកិច្ចសហប្រតិបត្តិការ​យោធាដែល​មានស្រាប់ ព្រមទាំងពង្រឹងការទប់ស្កាត់ ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការជួញដូរមនុស្ស និង​គ្រឿងញៀន។

៥៖ កិច្ចការព្រំដែន៖ ប្រទេសទាំងពីរ បានផ្លាស់ប្តូរលិខិតតូបករណ៍សច្ចាប័នលើសន្ធិសញ្ញា​កំណត់ព្រំដែន​រវាង​ប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ និងបានចុះហត្ថ​លេខា​លើ​កំណត់​ហេតុស្តីពីការផ្លាស់ប្តូរលិខិតតូបករណ៍សច្ចាប័ននេះ។ ជាមួយមូលដ្ឋានច្បាប់ដ៏រឹងមាំនេះ កម្ពុជា​រំពឹង​ថា ភាគីទាំងពីរនឹងអនុវត្តន៍បានឆាប់ ពេញលេញ និងប្រកបដោយប្រសិទ្ធភាពលើសន្ធិសញ្ញា​កំណត់​ព្រំដែនរដ្ឋ។ ជាពិសេសការកំណត់ខ្សែបន្ទាត់ព្រំដែនដើរតាមផ្លូវទឹក និងបណ្តោយព្រំដែនទាំងមូលតាម​ការ​ឯក​ភាពគ្នា ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងអនុវត្តន៍តាមគោលការណ៍ឧត្តនវានុវត្តន៍​អន្តរ​ជាតិដែល​មានចែងក្នុងប្រការ២សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-ឡាវឆ្នាំ២០២៣។

កិច្ចការទី៦ គឺភាគីទាំងពីរ បានពិភាក្សាលើវិធានការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ អប់រំ កីឡា និងកសិកម្មផងដែរ។

សូមរំលឹកដែរថា នៅក្រោយជំនួបពិភាក្សាការការងារទ្វេភាគីហើយនោះ នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ ក៏បានអញ្ជើញជាអធិបតីរួមគ្នា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃអនុស្សារណៈយោគយល់គ្នា​រវាង​ប្រទេស​ទាំងពីរចំនួន៧ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើកិច្ចការព្រំដែន និងថាមពល។

អនុស្សារណៈយោគយល់ដែលបានចុះហត្ថលេខានោះរួមមាន៖

១៖ ការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ
២៖ កំណត់ហេតុស្តីពីការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ
៣៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យថាមពលថ្មី
៤៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលកម្ពុជា និងក្រុមហ៊ុន PHONGSUBTHAVY GROUP SOLE CO., LTD អំពីការទិញថាមពលបៃតងពីគម្រោង «XEKHAMAN II Hydro and Wind Power Hybrid Projects» ក្នុង ប្រទេសឡាវ មកប្រទេសកម្ពុជា
៥៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយក្រុម ហ៊ុនចម្រុះ XAYSANA Group, WIS និង SISAN INTERNATIONAL JOINT DEVELOPMENT SOLE., LTD អំពីការទិញថាមពលគម្រោង “Nam Emoun 1, 2 Hydro, Pump Storage and Wind Power Hybrid Projects” ក្នុងប្រទេសឡាវមកប្រទេសកម្ពុជា
៦៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយអគ្គីសនីឡាវ EDL អំពីការទិញថាមពលបៃតង ពីគម្រោង “Green Energy Supply of 1000 MW Combination of Hydro, Wind and Geothermal Projects” ក្នុង ប្រទេសឡាវមកប្រទេសកម្ពុជា
៧៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយក្រុម ហ៊ុន PSG CORPORATION PUBLIC COMPANY LIMITED អំពីការទិញ ថាមពលបៃតងពីគម្រោង «Xekong Pump Storage Power Project» ក្នុងប្រទេសឡាវ មកប្រទេសកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឡាវនាពេលនេះ ក្រៅពីជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋ​មន្ត្រី​ឡាវ​ហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សា​ការ​ងារជាមួយលោក ថងលូន ស៊ីសូលីត ប្រធានរដ្ឋឡាវផងដែរ។

ក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាប ប្រធានរដ្ឋឡាវ អំពីលទ្ធផលនៃកិច្ចពិភាក្សា​ប្រកប​ដោយផ្លែផ្កាជាមួយនាយករដ្ឋមន្ត្រីឡាវ ដោយបានរំលេចលទ្ធផលនៃកិច្ចសហប្រតិបត្តិការ​សំខាន់ៗ ជាអាទិ៍រួមមាន៖ កិច្ចសហប្រតិបត្តិការវិស័យថាមពល ដែលប្រទេសទាំងពីរបានចុះហត្ថលេខា និងដោះស្រាយបញ្ហាមួយចំនួនដើម្បីធ្វើឱ្យការផ្គត់ផ្គងថាមពលអគ្គិសនីដល់កម្ពុជា ប្រកបដោយភាព​ច្បាស់​លាស់ និងទាន់ពេល, កិច្ចការព្រំដែន ដែលសមភាគីទាំងពីរ បានឯកភាពគ្នាអនុវត្តតាមសន្ធិ​សញ្ញា ដែលបានចូលជាធរមាន គឺសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាង​ប្រទេសទាំងពីរ ដែលបានចុះហត្ថ​លេខា​សកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ និង កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ទៀត ដែល​រួមមានវិស័យអប់រំ ការតភ្ជាប់ ការដឹកជញ្ជូន ការសាងសង់ផ្លូវលឿនពីវៀងច័ន្ទន៍ទៅព្រំដែនកម្ពុជា និង​ការ​សាងសង់ស្ពានឆ្លងកាត់ទន្លេពៅ (ខេត្តព្រះវិហារ)/ សេឡាំផាវ (ខេត្តចំប៉ាសាក់) ជាដើម។

លោកប្រធានរដ្ឋឡាវ បានសម្ដែងការពេញចិត្តចំពោះលទ្ធផលកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីកម្ពុជា និង​ឡាវ។ ប្រធានរដ្ឋឡាវ ចាត់ទុកលទ្ធផលនេះ ជាលទ្ធផលប្រកបដោយអត្ថន័យ​ដ៏ជ្រាលជ្រៅ​ចំពោះទំនាក់​ទំនងនៃប្រទេសទាំងពីរ ក្នុងស្មារតីនៃការអនុវត្តលើចំណុចដែលបានឯកភាពគ្នា និងការបន្តកិច្ចសហប្រតិ​បត្តិការ ប្រកបដោយលក្ខណៈមិត្តភាព សាមគ្គីភាព និងភារតភាព។

លោកប្រធានរដ្ឋឡាវ បានបង្ហាញការប្ដេជ្ញាចិត្តរបស់ឡាវ ក្នុងការរកដំណោះស្រាយលើបញ្ហា ដែលនៅសេស​សល់ ជាពិសេលើផ្នែកថាមពល កិច្ចការព្រំដែន និងកិច្ចសហប្រតិបត្តិការសំខាន់ៗដទៃទៀត ដើម្បីឱ្យទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែប្រសើរឡើង។

នៅចំពោះមុខសម្តេចធិបតី, ប្រធានរដ្ឋឡាវ បានគូសបញ្ជាក់ថា ប្រទេសឡាវមាន​សំណាងណាស់ ដែល​ជាប្រទេសភូមិផងរបងជាមួយប្រទេសកម្ពុជា និងបានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរ​នឹងនៅតែរក្សា​បានទំនាក់ទំនងជាប្រពៃណី និងប្រវត្តិសាស្រ្តនេះ ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាមួយគ្នា ដើម្បី​ឱ្យទំនាក់ទំនងនេះកាន់តែប្រសើរឡើងថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជន​នៃប្រទេស​ទាំង​ពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអនុញ្ញាតឱ្យលោក ខាំបៃ ដាំឡាត់ ប្រធានសមាគមមិត្តភាព​ឡាវ-​កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។ ក្នុងជំនួបនេះ សម្តេចធិបតី បានលើក​ទឹកចិត្តឱ្យសមាគមមិត្តភាពទាំងពីរខិតខំបន្តក្នុងការលើកកម្ពស់​ទំនាក់ទំនង​ប្រជា​ជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសប្រជាជនរស់នៅតាមបណ្តាខេត្តដែលជាប់ព្រំដែនផងដែរ។ សម្តេចធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រាស្រ័យទាក់ទង​រវាងប្រជាពលរដ្ឋ​នៃប្រទេស​​ទាំងពីរ ដែលនឹងរួមចំណែកលើកកម្ពស់ថែមទៀតនូវពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យ​សំខាន់ៗ​ដទៃទៀតរបស់ប្រទេសទាំងពីរ។

សម្តេចធិបតី បានសង្កត់ធ្ងន់ផងដែរថា សក្តានុពលនៃកម្ពុជា និងឡាវនៅមានច្រើន និងលើកទឹកចិត្ត សមាគមមិត្តភាពរវាងប្រទេសទាំងពីរខិតខំធ្វើសកម្មភាពបន្ថែមទៀតក្នុងការសម្របសម្រួលឱ្យមានការតភ្ជាប់រវាងប្រទេសទាំងពីរកាន់តែច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាល និងសួរសុខទុក្ខសិក្ខាកាម និស្សិត និងអ្នកវិនិយោគ​របស់​ខ្មែរ ដែលកំពុងសិក្សារៀនសូត្រ និងរកស៊ីនៅក្នុងប្រទេសឡាវផងដែរ។

ក្នុងកិច្ចសំណេះសំណាលនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើនិស្សិតទាំងអស់ ខិតខំយកចិត​ទុក​ដាក់រៀបចំខ្លួន សិក្សា ហើយចាប់យកជំនាញឱ្យបានច្បាស់លាស់ សម្រាប់អភិវឌ្ឍខ្លួនឯង និងយកទៅ​ជួយ​ដល់​សង្គមជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏គូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការប្រតិបត្តិឱ្យសាកសមជាកូនខ្មែរ ព្រោះ​ម្នាក់ៗជាអគ្គរដ្ឋទូតក្នុងការផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក៖ ១) រក្សាបានក្រមសីលធម៌, ២) កសាងទំនាក់ទំនងឱ្យបានល្អប្រសើរ ពិសេសមិត្តភាព និង៣) ខិតខំផ្សព្វផ្សាយវប្បធម៌ជាតិ។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទស្សនាផែស្ងួត​ថាណា​លែង និងមជ្ឈមណ្ឌលភស្តុភារកម្មទីក្រុងវៀងច័ន្ទផងដែរ៕