រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត លើករាសីសុំពរជ័យពីទេវតាឆ្នាំថ្មី


ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និង ឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការសាលាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ជំរុះនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសេរីមង្គលពីទេវតាឆ្នាំថ្មី ព្រះនាម មហាទរាទេវី បុត្រីទី៧  ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះនារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តកំពង់ធំ តែងតែរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គលមហាប្រសើរ ជូនដល់មន្ត្រីរាជការឱ្យមានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទី ភារកិច្ចជូនរដ្ឋបាលខេត្តឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។

ជាមួយគ្នានេះដែររដ្ឋបាលខេត្ត បានរៀបចំសោភ័ណ្ឌភាពក្រុងស្ទឹងសែន ឲ្យមានភាពស្រស់ត្រកាល នាពេលរាត្រីទៅតាមដងផ្លូវ វិថីនានាក្នុងក្រុងក្នុងការស្វាគមន៍ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញមកចូលរួម ក្នុងព្រឹត្តិការណ៍សង្រ្កាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង ដើម្បីបង្កលក្ខណៈឲ្យបងប្អូនសប្បាយរីករាយ ក្រោមម្លប់សន្តិភាពក្រោមការដឹកនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕