ក្រសួងសេដ្ឋកិច្ច បង្កើនសមត្ថភាព និងការយល់ដឹងដល់មន្ត្រីអង្គភាពជំនាញ ត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកា ឆ្នាំ២០២៥


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នាសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ បានរៀបចំ «សិក្ខាសាលាត្រៀមលក្ខណៈ សម្រាប់ការរៀបចំថវិកាឆ្នាំ ២០២៥»

ពិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកា កម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃអង្គភាពថវិកា សរុបប្រមាណ ២៥០រូប។

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្រោមការសម្របសម្រួល របស់អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុរបស់ក្រសួង ក្នុងគោលបំណងបង្កើនសមត្ថភាព និងការយល់ដឹង ជូនអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយផ្ដោតជាសំខាន់លើការរៀបចំថវិកា ព្រមទាំងជំរុញឱ្យការរៀបចំថវិការបស់ក្រសួង កាន់តែមានគុណភាព និងរៀបចំបានទាន់ពេល ជូនអគ្គនាយកដ្ឋានថវិកា។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់ថា ដើម្បីឱ្យការអនុវត្តថវិកាមានភាពរលូន និង អាចគាំទ្របានដល់ការអនុវត្តការងារអាទិភាព ដែលកំណត់ដោយរាជរដ្ឋាភិបាល និងក្រសួងបានចាំបាច់ត្រូវគិតគូរ ឱ្យបានម៉ត់ចត់ជាមុន ពោលគឺ ចាប់តាំងពីដំណាក់កាលរៀបចំថវិកា ហើយការងារនេះរឹតតែមានសារៈសំខាន់ខ្លាំងឡើង ដោយហេតុថាការរៀបចំថវិកាឆ្នាំ២០២៥ ស្ថិតក្នុងបរិការណ៍នៃការអនុវត្តរបៀបរបបថ្មី តាមបែបផែនថវិកាសមិទ្ធកម្ម ដែលជាគោលដៅនៃដំណាក់កាលទី៤ និងជាដំណាក់កាលចុងក្រោយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ផងដែរថា តាមរយៈបទពិសោធន៍នៃការត្រួតពិនិត្យ ការអនុវត្តថវិកាប្រចាំឆ្នាំ ២០២៣ នាដើមឆ្នាំ២០២៤នេះ ឃើញថា គុណភាពនៃការរៀបចំថវិកា នៅតែជាកម្មវត្ថុនៃការបន្តពង្រឹងបន្ថែមទៀត ប្រសិនបើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានបំណងបន្តកសាងភាពជាគំរូ នៅក្នុងការអនុវត្តថវិកាសមិទ្ធកម្ម ។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តឱ្យគ្រប់អង្គភាពថវិកា និងអគ្គលេខាធិការដ្ឋានក្រសួង ឱ្យបន្តយកចិត្តទុកដាក់ និងពិចារណារួមគ្នា ក្នុងសិក្ខាសាលាដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃនេះ ដើម្បីបន្តយកទៅអនុវត្តនៅក្នុងដំណាក់កាលរៀបចំថវិកាឆ្នាំ ២០២៥នេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានផ្ដល់អនុសាសន៍គន្លឹះដូចខាងក្រោម៖

ទី១- អង្គភាពថវិកា ត្រូវយកចិត្តទុកដាក់ជាចាំបាច់លើការកំណត់ទិសដៅ ការងារសំខាន់ៗ របស់សាមីអង្គភាព សម្រាប់រយៈពេលមធ្យមខាងមុខ ជាពិសេស សម្រាប់ការគ្រោងថវិកាសម្រាប់ឆ្នាំ ២០២៥ ដើម្បីមានមូលដ្ឋានច្បាស់លាស់ ក្នុងការកំណត់តម្រូវការធនធាន ដើម្បីគាំទ្រការអនុវត្តមុខងារ និងភារកិច្ចរបស់អង្គភាព ក្នុងនាមជាសេនាធិការបច្ចេកទេសរបស់ក្រសួង។ កិច្ចការនេះ ចាំបាច់ត្រូវមានការចូលរួមដោយផ្ទាល់ ពីប្រធានអង្គភាព ។

ទី២- អង្គភាពថវិកា ត្រូវកំណត់កម្រិតអាទិភាពនៃបណ្ដាសកម្មភាព ដែលត្រូវអនុវត្តនៅក្នុងឆ្នាំ ២០២៥ ក៏ដូចជាឆ្នាំត្រូវគ្រោងថវិកាបន្តបន្ទាប់ទៀត ដោយធ្វើវិចារណាកម្មមុខសញ្ញាចំណាយ ដែលត្រូវគ្រោង ឬបណ្ដាមុខសញ្ញាដែលលែងមានតម្រូវការ, ក្នុងន័យប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាពផង និងត្រៀមលក្ខណៈរួចជាស្រេច ក្នុងការកាត់តម្រឹមថវិកា ក្នុងករណីសំណើថវិការបស់អង្គភាពសាមី ពុំទទួលបានទាំងស្រុងតាមការស្នើសុំ។

ទី៣- អង្គភាពថវិកា ត្រូវត្រៀមការពន្យល់សមស្រប និងពេញលេញ ដើម្បីជាមូលដ្ឋានសម្រាប់អគ្គលេខាធិការដ្ឋានក្រសួង សម្របសម្រួលផ្ដល់ការគាំទ្រជូន នៅគ្រប់ដំណាក់កាលនៃការរៀបចំថវិកា ជាពិសេសនៅពេលចរចាថវិកា។

ទី៤- អង្គភាពថវិកា និងអគ្គលេខាធិការដ្ឋានក្រសួង ត្រូវបន្តកិច្ចសហការជិតស្និទ្ធ ក្នុងការស្វែងយល់អំពីការងារស្នូលរបស់អង្គភាពពាក់ព័ន្ធ សំដៅជំរុញគុណភាពនៃការផ្ដល់ការគាំទ្រលើ ការរៀបចំសូចនាករ និង គោលដៅ, ការផ្សារភ្ជាប់ថវិកាទៅនឹងអាទិភាពការងារ និង ការធានាបាននូវប្រសិទ្ធភាព នៃថវិការបស់ក្រសួងទាំងមូល ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប មានសុទិដ្ឋិនិយមថា សិក្ខាសាលារយៈពេល ២ថ្ងៃនេះ នឹងក្លាយជាវេទិកាពិភាក្សាសំខាន់មួយ ក្នុងការពង្រឹង និង បង្កើនសមត្ថភាព ជូនសិក្ខាកាមដែលជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រុមការងារថវិការបស់អង្គភាពថវិកា លើការរៀបចំថវិការបស់ក្រសួង ឱ្យកាន់តែមានប្រសិទ្ធភាព សង្គតិភាព និងគណនេយ្យភាព ដើម្បីសម្រេចឱ្យបាននូវគោលបំណងសំខាន់ៗ នៃកម្មវិធីដែលក្រសួងបានដាក់ចេញ៕